- 2019-07-05 02:58:02
- ស្នេហា
មើលម៉េចដឹងថា គេស្រលាញ់យើងជាអនាគត?
- 2019-07-05 02:58:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលម៉េចដឹងថា គេស្រលាញ់យើងជាអនាគត?
ចន្លោះមិនឃើញ
ការស្រលាញ់ជាសង្សារអាចកើតឡើងបានត្រឹមមួយប៉ប្រិចភ្នែក ប៉ុន្តែការជួបគ្នាជាគូរអនាគតមួយជីវិតមិនមែនជារឿងងាយស្រួលឡើយ។ នេះជាទស្សនៈរបស់យុវជន អ៊ុច ថាវ អាយុ ២៧ ឆ្នាំមុខរបរជាជាងមាសនៅផ្សារឈូក ក្នុងស្រុកឈូក ខេត្តកំពត ។
"ខ្ញុំធ្លាប់មានសង្សារ ៣ នាក់ ម្នាក់រៀបការរួចហើយ ពីរនាក់ទៀតបែកគ្នាដោយសារគេឈប់រៀន ហើយទំនងមិនបានជួបគ្នាផងខ្ញុំក៏ខ្ជិលតស៊ូទៅ”។
ដោយអះអាងថា ខ្លួនជាបុរសស្មោះស្នេហ៍ចង់បានស្នេហាមួយទល់នឹងមួយ ថាវ បានចែកបទពិសោធន៍ថា នារីៗត្រូវចេះពិនិត្យមើលតើបុរសដែលចូលទៅសុំស្រលាញ់នាងនោះពិតជាចង់បាននាងជាគូរអនាគតមែនអត់។
សូមចុចអាន៖ ៤ជំហានសង្គ្រោះខ្លួនឯងឲ្យរួចផុតពីមនុស្សគ្មានស្នេហ៍ស្មោះ
“ទីមួយប្រុសៗដែលគេចង់បានយើងជាភរិយាមួយជីវិត គេគោរពយើងណាស់ គេមិនដែលនិយាយអីអោយបាត់កិត្តិយសគ្នាជាស្រីទេ។ ប្រសិនបើគេបបួលយើងដើរលេងគេគិតណាស់ថា ទៅហ្នឹងសមទេ អាហ្នឹងគេស្រលាញ់យើងមែនមិនចង់អោយយើងខូចខាតទេ ចំពោះពួកម៉ាកគេក៏ដោយ ពួកម៉ាកណាល្អបានណែនាំអោយស្គាល់។ សំខាន់គេនិយាយជាមួយពីរឿងអនាគត ពីរឿងរៀបការអីហ្នឹង អាហ្នឹងគេស្មោះហើយ មិនមែននិយាយតែមាត់ទេក៏មានមនុស្សប្រុសខ្លះនិយាយសន្យាកោកៗតែមិនដែលទៅអើតផ្ទះយើង ស្គាល់បងប្អូន ម៉ែពុកយើង អាហ្នឹងយើងត្រូវប្រយ័ត្ន”។
ថាវ បានបែកពីសង្សារទី ២ដោយសារនាងជាកូនគ្រួសារអ្នកមានបាន ដែលគេគិតថា មិនអាចជួបគ្នាជាគូរអនាគតបាន។ ”ពុកគេថៅកែទឹកកក គេជាអ្នករកស៊ី ដំបូងខ្ញុំគិតថា ខ្ញុំក៏មិនអត់ការធ្វើដែរ តែក្រោយពេលចង់ទៅលេងផ្ទះគេ គេប្រាប់ត្រង់ថា ប្រហែលមិនងាយបានជួបគ្នាទេព្រោះពុកគេប្រកាន់ណាស់ គេដឹងច្បាស់។ ដំបូងពិបាកចិត្តតិចៗ តែនៅបន្តជួបគ្នា ប៉ុន្តែក្រោយមកគិតសព្វៗ ទៅខ្ជិលចង់ចំណាយពេលជាមួយរឿងហ្នឹង ព្រោះយើងក៏មានម្ដាយឪពុកយើងត្រូវគិតអនាគតមិនមែនគិតតែលេងសើចៗទេ”។
អានអត្ថបទ៖ ក្បួនស្រោចស្រង់ជីវិតយុវវ័យគួរតែដឹងបើបែកឬរបូតស្រោមពេលប្រតិបត្តិការ
ប៉ុន្តែយុវជនទាំងអស់មិនមែនសុទ្ធតែមានគំនិតដូច ថាវ នោះទេ។ នៅស្រុកឈូកដដែល ហេង ទីអាយុ ២៥ ឆ្នាំមុខរបរលក់គ្រឿងបន្លាស់យានយន្តនិយាយផងសើចផងជាមួយអ្នកយកព័ត៌មានSabayថា សម្រាប់ប្រុសៗការលេងសើច និងមានសង្សារច្រើន គឺជា រឿងធម្មតា។
“បើម្នាក់ៗមានសង្សារហើយត្រូវតែរៀបការ ប្រុសៗយើងមិនដឹងជាត្រូវមានប្រពន្ធប៉ុន្មានដងហើយទេមែនទេបង?”។ ហេង ទី ធ្លាប់មានសង្សារច្រើនគួរសមតាំងពីនៅរៀនរហូតដល់ចេញរកស៊ីហើយគេនិយាយថា នោះជារឿងធម្មតាសម្រាប់យុវវ័យ។
”ចាំយើងការប្រពន្ធហើយអាហ្នឹងចំាគិតទៀត! បើពេលហ្នឹងយើងមានប្រពន្ធកូនហើយគឺចប់ហើយធ្វើផ្ដេសផ្ដាសអត់បានទេ”។ ទី និយាយ។
នៅពេលសួរថា តើក្នុងចំណោមសង្សារទាំងអស់ធ្លាប់គិតពីអនាគតទេ យុវជនហេងទីឆ្លើយភ្លាមថា មិនមានសោះតែម្ដង។
“ម្យ៉ាងគិតថាយើង ក៏ក្មេងគេក៏ក្មេងមិនដឹងទៅថ្ងៃមុខអាម៉េចខ្លះ។ ម្យ៉ាងខ្លាចម៉ែឪមិនព្រម ចឹងមិនដែលគិតទេ ។ តែធម្មតាស្រីៗបើយើងមិននិយាយថាចង់បានគេជាអនាគតគេម៉េចព្រមស្រលាញ់យើង ចឹងបើគេសួរយើង យើងចេះតែនិយាយអោយរួចៗទៅតែតាមពិតរឿងការ មិនមែនចេះតែការទេ ទាល់តែម៉ែឪយើងពេញចិត្តដែរ ហើយទាល់តែយើងមានលុយរកស៊ីខ្លួនឯងផង សម្រាប់ខ្ញុំវានៅឆ្ងាយណាស់រឿងអនាគតនោះ”។
ដូច្នេះ Sabay ក៏សួរបន្តថា ប្រសិនបើទី មានប្អូនស្រី ហើយចង់អោយដំបូន្មាននាងថា ត្រូវមើលបុរសយ៉ាងម៉េចដើម្បីដឹងថា គេចង់បាននាងជាអនាគត រឺ ត្រឹមលេងសើចនោះ?
“គឺយើងត្រូវមើលវ័យគេ។ បើក្មេងៗដូចគ្នាអត់ការធ្វើនៅរៀនគ្មានលុយ នៅចាយលុយម៉ែ គឺមិនអាចទៅរួចទេ។ មួយទៀតជួនកាលមនុស្សហ្នឹងដល់វ័យយកប្រពន្ធហើយគេ ក៏មានលុយដែរតែគេអាចថាបោកយើងលេងសើចក៏មាន ត្រូវចាំថា បុរសកម្រជ្រើសរើសយកនារី ដែលគេងាយស្រួលបណ្ដើរទៅជាអនាគតណាស់។ បើខ្ញុំវិញចង់បានស្រីណាជាប្រពន្ធមែន ទាល់តែតាមស៊ើបច្បាស់លាស់ ហើយមិនអោយសាមីខ្លួនគេដឹងទេ បើត្រូវចិត្តគឺអោយចាស់ៗចូលនិយាយតែម្តង”។
តើគំនិតយុវជនទំាងពីរនៅស្រុកឈូក ខេត្តកំពត ត្រូវគ្នានឹងការយល់ឃើញរបស់មិត្តអ្នកអានដែរ រឺ យ៉ាងណា? សូមបញ្ចេញយោបល់នៅខាងក្រោមនេះ ព្រោះយុវនារីជាច្រើនកំពុងចង់បានចម្លើយថា មើលម៉េចដឹងថា គេស្រលាញ់យើងជាអនាគត?