- 2019-07-18 00:10:00
- សុខភាព
រឿងរ៉ាវខ្លះៗទាក់ទងនឹងជំងឺគ្រុនឈាមដែលយើងគួរដឹង
- 2019-07-18 00:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗទាក់ទងនឹងជំងឺគ្រុនឈាមដែលយើងគួរដឹង
ចន្លោះមិនឃើញ
ជំងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងក្នុងប្រទេសកម្ពុជាចំនួនបួនដងហើយបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាលក្នុងរយៈពេលជិត២០ឆ្នាំមកនេះ។
ជំងឺគ្រុនឈាមជាជំងឺឆ្លង និងរាតត្បាតបង្កមកពីការជ្រៀតចូលទៅក្នុងខ្លួនមនុស្សនូវវីរុសគ្រុនឈាម តាមរយៈភ្នាក់ការចម្លងដែលគេដឹងជាទូទៅថាមូសខ្លាញី។
បើតាមមន្ត្រីជំនាញជំងឺនេះបានផ្ទុះឡើងខ្លាំងនៅកម្ពុជាចំនួនបួនដងហើយគិតទាំងឆ្នាំ២០១៩នេះ ពោលគឺ លើកទី១នៅឆ្នាំ២០០២ លើកទី២នៅឆ្នាំ២០០៧ និងទីបីនៅឆ្នាំ២០១២ ។
លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលថ្លែងក្នុងសិក្ខាសាលាកាលពីម្សិលមិញថាជំងឺនេះមានវដ្តរបស់វាក្នុងរង្វង់ប្រាំមួយទៅប្រាំពីឆ្នាំម្ដង ដែលលោកថាជាពេលដែលប្រព័ន្ធការពាររាងកាយរបស់មនុស្សតែងចុះខ្សោយក្នុងរយៈពេលនោះ។
គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះជំងឺគ្រុនឈានបានផ្ទុះឡើងប្រហែលជាពីរម៉ឺនករណី និងមាន២៥ករណីបានស្លាប់ ដែលមន្ត្រីថាចំនួននេះ បានកើនឡើងបួនដងលើសឆ្នាំ២០១៨ ធៀបក្នុងរយៈពេលដូចគ្នា។
ជំងឺគ្រុនឈាមកើតភាគច្រើនលើកុមារមានអាយុចន្លោះពី៥ទៅ១៥ ឆ្នាំ ហើយជំងឺគ្រុនឈាមក៏កើតលើមនុស្សពេញវ័យដែរ ដែលបានកើតឡើងប្រហែលជា១ភាគរយចាប់តាំងពីឆ្នាំ២០១៣មក។
មូលហេតុនាំឲ្យកើតជំងឹគ្រុនឈាម
មូលហេតុនាំឲ្យកើតជំងឺគ្រុនឈាមគឺការបង្កឲ្យមានជម្រកមូសខ្លា និងកន្លែងពងកូនរបស់វា។ ពាងឬអាងស្តុកទឹក សំបកកំប៉ុង សំបកកង់ឡានចាស់ៗ និងសំបកដូងជាដើមសុទ្ធសឹងជាកន្លែងអាចដក់ទឹកបានសម្រាប់ជាជម្រកមូសខ្លាពងកូន។ នេះបើតាមឯកសាររបស់ក្រសួងសុខាភិបាល។ កត្តាស្លៀកសម្លៀកបំពាក់មិនត្រឹមត្រូវជិតល្អ មិនគេងក្នុងមុង បណ្ដាលឲ្យមូសខ្លាខាំនៅពេលថ្ងៃ និងការប្រែប្រួលអាកាសធាតុក៏ជាធាតុផ្សំនៃការបង្កឲ្យមានជំងឺគ្រុនឈាមផងដែរ។
ត្រូវធ្វើយ៉ាងម៉េចបើសង្ស័យថាកើតជំងឺគ្រុនឈាម?
រោគសញ្ញាគ្រុនឈាមនឹងស្ដែងចេញចន្លោះពី៨ទៅ១០ថ្ងៃក្រោយពីមូសខ្លាញីផ្ទុកវីរុសនេះខាំ។ កុមារឬមនុស្សធំមានគ្រុនក្ដៅខ្លាំងភ្លាមៗពី៣៩ទៅ៤០អង្សាសេរយៈពេល២ទៅ៧ថ្ងៃ បូករួមនឹងរោគសញ្ញាមុខឡើងក្រហម ឈឺក្បាល ឈឺផ្នែកខាងក្រោមរង្វង់ភ្នែក ឈឺសាច់ដុំ ឈឺសន្លាក់ សន្លឹម ឬកុមារឡេះឡះ អង់កម្លាំងខ្លាំង និងស្បែកស្អិតជាដើម សុទ្ធតែជារោគសញ្ញានៃជំងឺគ្រុនឈាម។ ករណីនេះបើកើតមានត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលនៅជិតដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។
តើមានឱសថព្យាបាលជំងឺគ្រុនឈាមទេ?
លោកវេជ្ជបណ្ឌិត លាង រិទ្ធា មានប្រសាសន៍ថាជំងឺគ្រុនឈាមកើតឡើងពីវីរុស ដែលថាគ្មានទេឱសថសម្រាប់ព្យាបាលវីរុសដូចជាគ្រុនឈាម ផ្ដាសាយ និងHIV ជាដើមនោះ។ ប៉ុន្តែការព្យាបាលជំងឺគ្រុនឈាមជាការគាំទ្រការព្យាបាលផ្នែកវេជ្ជសាស្រ្តតាមរោគសញ្ញា ដូចជាក្ដៅខ្លួនត្រូវឲ្យថ្នាំបំបាត់ក្ដៅ ខ្វះជាតិទឹកត្រូវដាក់សេរ៉ូបបំពេញជាតិទឹកតាមការកំណត់របស់គ្រូពេទ្យជំនាញ។
វិធានការបង្ការជំងឺគ្រុនឈាម
ជានិច្ចកាលត្រូវគេងក្នុងមុង ឬមុងជ្រលក់ថ្នាំ ពិសេសគេងពេលថ្ងៃ។ សម្រាប់ផ្ទះវិញត្រូវមានពន្លឺចេញចូលល្អ ហើយខោអាវត្រូវបត់ទុកឲ្យបានត្រឹមត្រូវជៀសវាងព្យួររណេងរណោងអាចជាជម្រកដល់មូសខ្លា។
សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានទឹកដក់ លាងសម្អាតពាង ឬអាងស្តុកទឹក គ្របឲ្យបានត្រឹមត្រូវ ដាក់ថ្នាំអាបេត ឬត្រីក្រឹមប្រាំពីរពណ៌ និងកាប់ស្កាព្រៃស៊ុបទ្រុបចេញឲ្យអស់ពីផ្ទះ ជាអ្វីដែលត្រូវធ្វើដើម្បីទប់ស្កាត់ជំងឺនេះ។
ក្នុងរណីមានឃើញប្រជាពលរដ្ឋក្នុងសហគមន៍ក្ដៅខ្លួនច្រើនគ្នា និងសង្ស័យថាកើតជំងឺគ្រុនឈាមប្រជាពលរដ្ឋអាចរាយការណ៍ទៅក្រសួងសុខាភិបាលតាមរយៈទូរសព្ទ១១៥៕