• 2019-07-21 01:00:00
  • ការអប់រំ

កុំ​ឲ្យ​ស្តាយក្រោយគួរគិត​ដល់ចំណុចនេះ ចំពោះអ្នកទុកកូន​ឲ្យ​ម្តាយ​ឪពុកមើលថែជំនួស​

  • 2019-07-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ក៏​ដូចជា​ប្រ​ទេស​​ក្នុង​តំបន់​មួយ​ចំនួន​ទៀត​ដែរ ដោយ​សារ​កត្តា​សេដ្ឋកិច្ចបាន​បង្ខំ​ឲ្យ​ឪពុក​ម្តាយ​មួយ​ចំនួន​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីតាជីដូន​មើល​ថែ​ជំនួស​ហើយ​ខ្លួន​ចំណាក​ស្រុក​ទៅកាន់​បរទេស​ឬ​ទីក្រុង​។

បើ​និយាយ​ដល់​ចំណុច​នេះ គ្រាន់​តែ​លើក​ពី​កម្មករ​ក្នុង​វិស័យ​កាត់​ដេរសម្លៀក​បំពាក់​ និង​ស្បែក​ជើង​មាន​ចំនួន​ប្រហែល​ជា​​៧សែន​នាក់ បាន​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​ទីក្រុង ឬតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជិតៗ​រាជធានី។​ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ប្រាកដ​ណាស់​ពិត​ជា​មានអ្នក​​ទុក​កូន​នៅ​ផ្ទះ​ឲ្យ​ឪពុក​ម្តាយ​វ័យ​ចំណាស់​របស់​ខ្លួន​​ជា​អ្នក​មើល​ថែ​ជំនួស។

អ្នកស្រី មាន ភុំ វ័យ​៦០ រស់​នៅ​ខេត្ត​តាកែវ ទទួល​ចិញ្ចឹម​ចៅ​ចំនួន​ប្រាំ​នាក់ជាកូន​​របស់​កូន​ៗ​ទាំង​បី​របស់​អ្នកស្រី​។ អ្នកស្រី​ថា ដោយ​សារជីវ​ភាព​ខ្វះ​ខាត កូនៗ​ចំនួន​បី​គ្រួសារ​ទាំងប្តី​ទាំង​ប្រ​ពន្ធ​បាន​​ទៅ​រក​ការងារ​ធ្វើ​នៅ​​ប្រទេស​ថៃ។

​ការណ៍​ដែល​លំបាក​សម្រាប់​អ្នកស្រី​មិន​ត្រឹម​តែ​​ត្រូវ​ចំណាយ​ពេល​ច្រើន​មើល​ថែចៅ​តូចៗ​ប៉ុណ្ណោះ​ទេ​ តែ​ត្រូវ​ធ្វើ​ស្រែចម្ការ និង​លក់​ដូរ​បន្តិច​បន្តួច​​ផ្គត់​ផ្គង់​ជីវ​ភាពប្រ​ចាំថ្ងៃផង។

អ្នកស្រី​បន្តថា៖ «ការ​មើល​ថែ​ចៅ​ទាំង​បី​គ្រួសារ​នេះ​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​សង្ឃឹម​កូន​ស្រី​ព្រម​ទាំង​កូន​ប្រសារ​ទាំង​បីគ្រួសារ​​អាច​រក​លុយ​យក​មក​កសាង​ជីវ​ភាព​នៅ​លើ​ទឹក​ដី​កំណើត​វិញទេ...​ប៉ុន្តែ​ពិបាក​រំពឹង​ណាស់​ព្រោះ​ជួន​កាល​រយៈ​ពេល​២ខែ​...​ផ្ញើ​មកឲ្យ​១០ម៉ឺន​រៀល​យក​មក​សង​បំណុល​គេ»។

ការណ៍​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីតា ឬ​ជី​ដូន​នេះ​ទំនងជា​អាចផ្តល់​ឱកាស​ឲ្យ​ឪពុក​ម្តាយ​រក​ចំណូល​បាន​ច្រើន​ដោយសារ​ធ្វើការ​ទាំងពីរ​នាក់។ ប៉ុន្តែ​រឿង​មួយ​ដែល​អាណាព្យាបាល​គួរ​ដឹង​ដែរនោះ​គឺផល​ប៉ះពាល់​ដល់​សុខ​ភាព​ផ្លូវចិត្ត និង​រាងកាយ​របស់​ក្មេង។​

​សម្រាប់​អ្នកធ្វើការលើ​ផ្នែក​ចិត្តសាស្ត្រ​​កុមារ លោក ហឿ សេធុល លើក​ឡើង​ថា​តាម​ការ​សិក្សា​ដែល​លោក​ធ្លាប់ធ្វើ​កន្លង​មក​នៅ​ខេត្ត​សៀម​រាប កូនៗ​ដែលមាន​ឪពុក​ម្តាយ​ចំណាកស្រុក និង​មើល​ថែ​ទាំ​ដោយ​ជីតាឬជីដូននោះ មាន​អត្រា​បោះ​បង់​កា​សិក្សាខ្ពស់​ជាង​ក្មេង​ដែល​នៅ​ផ្ទាល់ជាមួយ​ឪពុក​ម្តាយ។ មួយ​វិញ​ទៀត​លោក​ថា ឥរិយាបទ​ល្អ​របស់​កូន​ទាំង​នោះ​​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ឬ​គ្រូ​បង្រៀន​ក៏​មាន​ទាប​​បើ​ធៀប​ទៅ​នឹង​កូន​ដែល​នៅ​ជា​មួយ​ឪពុក​ម្តាយ​ដូច​គ្នា​។

លោក​ពន្យល់​ថា​ក្មេង​ដែល​ចិញ្ចឹម​ដោយ​ជីតា ឬ​ជី​ដូន​ទទួល​បាន​ការ​អប់រំ​​ទៅ​តាម​វិធីសាស្រ្ត​ដែល​ជីតា​ឬ​ជី​ដូន​បាន​ទទួល​កាល​ជំនាន់​របស់​ពួក​គាត់​​​ ខណៈ​ដែល​ឪពុក​ម្តាយ​បង្កើត​វិញលោក​ថា​នឹង​អប់​រំកូន​ទៅ​តាម​បរិបទ​សង្គម​ដែល​អ្នក​ទាំងនោះ​បាន​ឆ្លង​កាត់​ថ្មីៗ។

លោកបន្ថែមថា​៖«អាហ្នឹង​គេ​និយាយ​ដល់​ Generation Gap មាន​គម្លាត​ឆ្ងាយពេក បើ​សិនជា​យើង​យក​ចាស់ៗ​មាន​អាយុ៦០​ឆ្នាំ​មក​មើល​ថែ​ក្មេង​តូច​អាយុ​៣ឆ្នាំ ៥ឆ្នាំ ឬ១០​ឆ្នាំ គាត់​មើល​ថែ​របៀប​គាត់​កាលសម័យ​៣០ឆ្នាំ​៤០ ឆ្នាំមុន គាត់​មើល​របៀប​ហ្នឹង...ខុសពី​ឪពុក​ម្តាយមាន​គម្លាត​២០ឆ្នាំ ឬ៣០​ឆ្នាំ​ពីពេល​យើងកើត តែយាយតាវិញគម្លាត​ដល់​៥០ទៅ​៦០​ឆ្នាំក៏មាន អ៊ីចឹង​ផ្នត់គំនិត របៀប​អប់រំ​ក៏​ខុស​គ្នា​ឆ្ងាយដែរ​...ការព ការឱបការ​ថើប វាជា​តម្រូវ​ការ​មូល​ដ្ឋាន​របស់​ក្មេង ដែល​ចង់​ឲ្យ​ម្តាយ​ឪពុក​ឱប ថើប ការលួងលោម...​ក្មេង​អាច​បាត់​អាទាំងអស់​ហ្នឹងពេល​នៅជាមួយ​យាយតា​»។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) ទទួលស្គាល់​​ថា​កូន​ដែលនៅ​ឆ្ងាយ​ពីឪពុក​ម្តាយ​ពិតជា​បាត់​បង់​ភាព​កក់​ក្តៅ​ អាច​បោះបង់ការសិក្សា ឬមាន​ចរិត​រឹង​រូស​ពិត​មែន។ ប៉ុន្តែ​លោក​ថា​វា​ជារឿងពិបាក​មួយ​បើ​និយាយ​ដល់​សេដ្ឋកិច្ច​គ្រួសារ ដោយ​ថា​ពល​រដ្ឋ​ដែល​ធ្វើការ​ជា​កម្មករ ឬនៅ​តាម​ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​អាច​ធ្វើ​ការ​តែម្នាក់​ឯង​សម្រាប់​ផ្គត់​ផ្គង់ជីវភាព​គ្រួសារទាំង​មូល​បាន​នោះទេ។ ចង់​មិន​ចង់​លោក​ថា​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​គ្រួសារ​គឺ​ឪពុក​ម្តាយ​ត្រូវ​ទុក​កូន​ជាមួយ​ម្តាយ​ឪពុក​ចាស់ ហើយ​ទៅ​ធ្វើការ​ទាំង​ពីរ​នាក់។​

ទំនោរ​​របៀប​នេះ​លោក​ថានៅ​ប្រទេស​ដទៃ​ក៏មាន​ដែរ ការ​ធ្វើ​ការទាំងប្តី​ប្រ​ពន្ធ និង​នៅ​ប្រ​ទេស​ខ្លះ​លោក​ថា​ធ្វើឲ្យ​កំណើន​ប្រ​ជា​ជន​មានអត្រា​ទាប ដោយសារ​ស្រ្តី​ និង​បុរស​រវល់​នឹង​ការងារ​​មិន​ងាយ​នឹង​បង្កើត​គ្រួសារ។​​

និយាយ​ដល់​ អ្នក​ស្រី មាន ភុំ វិញ​ឲ្យ​ដឹង​ថា​អ្នកស្រី​ពិតជាអាណិ​ត​ចៅៗ​របស់អ្នកស្រី ដែល​ពេល​ខ្លះ​យំ​រក​ឪពុក​ម្តាយ​របស់​ខ្លួនដែល​នៅ​ឆ្ងាយ។ អ្នកស្រី​ឲ្យ​ដឹងថា៖«ខ្ញុំខ្លោច​ចិត្ត​អាណិត​ចៅ​ណាស់​..​.​ពេល​ខ្លះ​ដើម្បី​លួង​ចៅ​ឲ្យ​បាត់​យំ​សុខ​ចិត្ត​ខ្ចី​លុយ​ពី​អ្នក​ជិត​ខាង​ឬ​សាច់​ញាតិ​ទៅ​ទិញ​ទឹក​ដោះ​គោឲ្យ​ពួក​គេ​បៅ​ក៏​មាន...ការ​តស៊ូ​ចិញ្ចឹម​ចៅ​ទាំង​ប្រាំ​នាក់​នេះ​ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដោយ​សារ​តែ​គ្រួសារ​ខ្ញុំ​មាន​ជីវភាព​ក្រីក្រ​ម៉្យាង​ទៀត​ពួក​គេ​មាន​អាយុ​តិច​ជា​ពិសេស​ចៅស្រី​ម្នាក់​ដែល​អាយុ​ត្រឹម​តែ២​ឆ្នាំ​នោះ រិត​តែ​ធ្វើ​ឲ្យ​លំ​បាក​នៅ​ពេល​ពួក​គេនឹក​ឪពុក​ម្តាយ​ម្តងៗ​តែង​តែ​ស្រែក​យំ​រក​តែ​ម៉ាក់​ប៉ា»។

ទំនងជា​យ៉ាងនេះ​ហើយ ទើប​លោក ហឿ សេធុល លើក​ឡើង​ថា​​ក្មេង​ដែល​រស់​នៅផ្ទាល់​ជាមួយ​ឪពុក​ម្តាយ​មានការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត​ល្អ​ជាង​រស់​នៅ​ជាមួយ​ជីតាឬជី​ដូន។​​

លោក​ពន្យល់ថា៖ «ពេល​ទុក​កូន​ចោល ចង់​មិន​ចង់​វានឹង​ប៉ះពាល់​ដល់កូន ក្មេង​អាច​ទទួលបាន​ចំណង​ប្រតិព័ន្ធ​ជីដូន​ជីតា​ខ្លះដែរ​មិន​អត់ទេ តែ​វាមិនដូចឪពុក​ម្តាយ​ទេ...ចំ​ណង​ប្រតិព័ទ្ធរវាង​ឪពុក​ម្តាយ​និង​កូនមាន​សារសំខាន់​សម្រាប់​ការលូតលាស់​របស់​កូន​ទាំងផ្នែក​ផ្លូវ​ចិត្ត និ​ង​រាងកាយ ពិសេស​ផ្នែក​ផ្លូវ​ចិត្ត ពាក្យ​សាមញ្ញ​បានន័យ​គាត់​បាត់​បង់​ភាព​កក់ក្តៅ​ បាត់បង់​ទំនុក​ចិត្ត​ខ្លួន​​ពេល​គាត់​ធំ​ឡើង»។

ចំពោះ​ឪពុក​ម្តាយ​ដែលចំណាក​ស្រុក​​​ឆ្ងាយ​ចោល​កូន អ្នកចិត្ត​សាស្រ្ត​ខាងលើ​ផ្តល់ជា​យោ​បល់​ថា​គួរ​តែ​ព្យាយាម​ទៅ​លេង​កូន​ឲ្យបាន​ញឹក​ញាប់ ឬ​ក៏ទូរសព្ទ​ទៅ​លេង​កូន​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ខែៗ​ ដោយ​ថា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ល្អ​រវាង​កូន និង​ឪពុក​ម្តាយ​ដែល​នៅ​ឆ្ងាយគ្នា​។ ធ្វើ​របៀប​នេះ​លោក​ថា​អាច​ជួយ​​បាន​មួយ​ផ្នែក​ក្នុង​ការ​បង្កើត​ចំណង​ប្រតិព័ទ្ធ និង​ភាព​កក់​ក្តៅ​រវាងកូន និង​ឪពុក​ម្តាយ​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់