• 2019-10-10 02:36:05
  • ការអប់រំ

កញ្ញា រ៉េត សុវណ្ណសោភា ​៖ កត្តា​ជីវភាព​ ​​ជា​មូល​ហេតុ​ចម្បង​ជំរុញ​​ឱ្យ​ខ្ញុំ​​ត្រូវ​​ប្រឹង​រៀន​សូត្រ​​​

  • 2019-10-10 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“កូន​ស្រី​កុំ​ឱ្យ​ទៅ​រៀន​ឆ្ងាយ​ពី​ផ្ទះ​ពេក​ប្រយ័ត្ន​ទឹក​ភ្នែក​ថ្ងៃ​ក្រោយ​...​កូន​គេ​ស្រី​ៗ​អាយុ​ដំណាល​វា​គេ​ចូល​ធ្វើ​ការ​​យក​លុយ​ឱ្យ​​ម៉ែ​ឪ​គេ​ចាយ​ពេញ​ៗ​ ឯង​នៅ​ឱ្យ​កូន​រៀន​នៅ​ហ្នឹង​ ហើយ​មិន​ដឹង​ថា​រៀន​ចប់​ប្រលង​ជាប់​អត់​ផង​”។​ ទាំង​នេះ​គឺជា​ពាក្យ​សំដី ដែល​​កញ្ញា រ៉េត​​ សុវណ្ណសោភា ​តែង​ទទួល​បាន​​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ពី​អ្នក​ធ្លាប់​ស្គាល់​គ្នា​នៅ​ក្នុង​ភូមិ​។ សុវណ្ណសោភា ​គឺជា​គ្រូ​ពេទ្យ​​ដ៏​ស្រស់​សោភា​មួយ​រូប​​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះ​កុង​។

កញ្ញា​ឱ្យ​ដឹង​ថា​ កាលពី​សម័យ​មុន​ឪពុក​ម្ដាយ​ភាគច្រើន​មិន​ចង់​ឱ្យ​កូនស្រី​រៀន​សូត្រ​បាន​ជ្រៅជ្រះ ឬ​ឃ្លាត​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​​ឡើយ ព្រោះ​ថា ​កាល​ណា​មាន​ប្ដី​ទៅ ប្ដី​គេ​នឹង​ចិញ្ចឹម​ ហើយ​នៅ​តែ​ផ្ទះ​មើល​ថែទាំ​កូន និង​ដាំ​បាយ​ទឹក​​បម្រើ​ប្ដី​គ្រប់គ្រាន់​សមរម្យ​ហើយ។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​ ដោយ​ការ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការអប់រំ​ឪពុក​ម្ដាយ​ភាគច្រើន​មិន​បាន​ប្រកាន់​ផ្នត់​គំនិត​​ដូចមុន​ទេ ពោល​គឺ​មិនថា កូន​ប្រុស​ឬ​កូន​ស្រី​ទេ ​តែង​​ជំរុញ​ឱ្យ​​ប្រឹង​ប្រែង​រៀន​សូត្រ​។

ដោយ​មាន​ការ​​​លើក​ទឹកចិត្ត​ពី​អ្នក​មាន​គុណ​ទាំងពីរ​ សុវណ្ណសោភា ​បាន​​ជម្នះ​នឹង​ពាក្យ​តិច​ទៀត​ទាំង​នេះ​​ ហើយ​​​​ខិត​ខំ​​រៀន​សូត្រ​​​ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​​​​ក្លាយ​ជា​គ្រូពេទ្យ​មួយ​រូប​។ ប្រលង​ជាប់​សញ្ញាប័ត្រមធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប) កាល​ពី​ឆ្នាំ​២០១៤ ​បាន​​និទ្ទេស E ខណៈ​ការ​ប្រលង​បាក់​ឌុ​ប​ពេល​នោះ ​មាន​​ការ​រឹត​បន្តឹង​ខ្លាំង ​មិនបាន​ធ្វើ​ឱ្យ កញ្ញា ​សុវណ្ណសោភា​ ខកចិត្ត​នឹង​លទ្ធផល​នេះ​ឡើយ​។

សុវណ្ណសោភា ​បាន​លា​អ្នក​មាន​គុណ​ទាំង​ពីរ​ ​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​កោះកុង​ មក​​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ ថ្នាក់​​បរិញ្ញាបត្ររង ឯកទេស​​ធ្មប​មធ្យម​ បើ​ទោះ​ជា​ជីវភាព​គ្រួសារ​​ប្រឈម​ទៅ​នឹង​ការ​លំបាក​យ៉ាង​ណា។

ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៤ នាក់ ​សុវណ្ណសោភា មាន​ឪពុក​ជា​មន្ត្រី​នគរបាល​ ចំណែក​​អ្នក​ម្ដាយ​ប្រកបរបរ​លក់​ដូរ​តិច​តួច​។ មក​ភ្នំពេញ​ដំបូង សុវណ្ណសោភា បាន​ស្នាក់​នៅ​ជាមួយ​អ៊ំ​រយៈ​ពេល​១​ឆ្នាំ​ បន្ទាប់​មក​ត្រូវ​ប្ដូរ​​​ទៅ​ស្នាក់​នៅ​​​បន្ទប់​ជួល​ជាមួយ​មិត្តភ័ក្ដិ​វិញ ដោយសារ​អ៊ំ​ប្ដូរ​ទៅ​រស់​នៅ​បរទេស។ កញ្ញា​ត្រូវ​ធាក់​កង់​ទៅ​មក​​ សាកលវិទ្យាល័យ​ឯកជន​មួយ​ ក្នុង​ចម្ងាយ​​ដី​ឆ្ងាយ​គួរ​សម។ លុះ​ដល់​ឆ្នាំ​ទី​​២ ទើប​លោក​ឪពុក​ទិញ​ម៉ូតូ​ឱ្យ​ជិះ​។ ​​​​ ខ្ទង់​ចំណាយ​​ប្រចាំ​ថ្ងៃ​ មាន​ដូចជា​​ សម្ភារ​សិក្សា​ ថ្លៃ​ហូប​ចុក​ និង​បង់​ថ្លៃ​សាលា​​គឺ​ជា​បន្ទុក​ដ៏​ធំ​របស់​ឪពុក​ម្ដាយ​។​ សុវណ្ណសោភា មាន​ការ​ត្បិត​ត្បៀត​ជាទីបំផុត ទៅ​លើ​ខ្ទង់​ចំណាយ​ទាំង​​ឡាយ​ ដែល​មិន​ចាំបាច់​។

យ៉ាង​ណា​មិញ​ ​ យុវតី​រូប​នេះ​បាន​ប្រឹង​ប្រែង​រៀន​សូត្រ​ រហូត​ទទួល​បាន​ជោគជ័យ​ និង​បាន​ប្រលង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​នៅ​ក្រសួង​សុខាភិបាល ដោយ​បាន​ចូល​បម្រើ​ការងារ​កាល​ពី​ខែ​មករា ឆ្នាំ​ ២០១៩ កន្លងមក​នៅ​​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង។ កញ្ញា​ថា ​កត្តា​ជីវភាព និង​ការ​តិច​ទៀន​ពី​​មនុស្ស​ស្គាល់​គ្នា​​ ជា​កម្លាំង​រុញច្រានឱ្យ​​ខិត​ខំប្រឹង​ប្រែង​នា​ពេល​កន្លងមក​។  ពាក្យ​តិច​ទៀន​ទាំង​នោះ​មាន​ “កូន​ស្រី​កុំ​​ឱ្យ​​ទៅ​រៀន​ឆ្ងាយ​ពី​ផ្ទះ​ពេក​ប្រយ័ត្ន​ទឹក​ភ្នែក​ថ្ងៃ​ក្រោយ​...ឋានៈ​សមត្ថភាព​ចឹង​ចង់​ឱ្យ​កូន​រៀន​ពេទ្យ​...​ចាំ​មើល​វា​គ្មាន​រៀន​បាន​ចប់​អី​ទេ.​..​កូន​គេ​ស្រី​ៗ​អាយុ​ដំណាល​វា​គេ​ចូល​ធ្វើ​ការ​យក​លុយ​ឱ្យ​ម៉ែ​ឪ​គេ​ចាយ​ពេញ​ៗ​ដៃ​ ឯង​នៅ​ឱ្យ​កូន​រៀន​នៅ​ហ្នឹង​ហើយ​មិន​ដឹង​ថា​រៀន​ចប់​ប្រលង​ជាប់​អត់​ផង​”​។ ​ សម្រាប់​ផែន​ការ​អនាគត ​ សុវណ្ណសោភា មាន​បំណង​បម្រើ​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ល្អ​ស្របតាម​វិជ្ជាជីវៈ​គ្រូពេទ្យ​ ហើយ​បើ​មាន​លទ្ធភាព​ថ្ងៃ​ក្រោយ​​ចង់​បន្ត​ការ​សិក្សា​ថែម​ ព្រម​ទាំង​បើក​កន្លែង​ពិនិត្យ​ និង​ថែ​ទាំ​ជម្ងឺ​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​ជួយ​មនុស្ស​ចាស់​ជរា ​និង​អ្នក​ក្រី​ក្រ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល​។​

ជា​ចុង​ក្រោយ​កញ្ញា​បាន​ចែក​រំលែក​ថា ​ដើម្បី​ឱ្យ​ការ​សិក្សា​ទទួល​បាន​ជោគជ័យ ​ពេល​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​​​​ ការ​សេព​គប់​មិត្តភ័ក្ដិ​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​មិត្ត​ខ្លះ​អាច​​​នាំ​យើង​ដើរ​ទៅ​រក​ផ្លូវ​មិន​ល្អ។​ បើ​នៅ​បន្ទប់​ជួល ​ស្រី​ៗ​គួរ​មាន​គ្នា ​កុំ​នៅ​តែ​ឯង និង​រក​កន្លែង​​ណា​មាន​សុវត្ថិភាព​ ហើយ​ការ​ធ្វើ​ដំណើរ​ទៀត​សោត​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ចរាចរណ៍​នៅ​ភ្នំពេញ​មាន​ភាព​មមាញឹក​ខ្លាំង។ អំឡុង​ពេល​សិក្សា យុវជន​​ត្រូវ​ចេះ​សន្សំ​សំចៃ​ថវិកា​​ កុំ​សម្ភារ​និយម​​ ​និង​ចេះ​អាណិត​ឪពុក​ម្ដាយ​យើង​ ដែល​គាត់​ខិត​ខំ​ដើម្បី​យើង។ កុំ​ដូច​នៅ​លើ​បណ្ដាញ​សង្គម​​​ Facebook បង្ហោះ​​ កូន​ៗ​អត់​មាន​ការងារ​ធ្វើ ​ចូល​ហាង​កាហ្វេ​ទំនើប​មាន​តម្លៃ​ថ្លៃ ​តែ​ឪពុក​ម្ដាយ​ខិត​ខំប្រឹង​ធ្វើ​ការងារ​បែក​ញើស​ហូរ​ញើស​ រក​លុយ​ដើម្បី​កូន​៕  

អត្ថបទ៖ សុផល

មតិយោបល់