
- 2019-10-18 04:09:54
- ចរាចរណ៍
ឯកឧត្ដម ថោង ខុន ៖ ការផុស ឬ Share ភាពអវិជ្ជមានលើគោលដៅទេសចរណ៍ស្មើនឹងការសម្លាប់ខ្លួនឯង
- 2019-10-18 04:09:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ថោង ខុន ៖ ការផុស ឬ Share ភាពអវិជ្ជមានលើគោលដៅទេសចរណ៍ស្មើនឹងការសម្លាប់ខ្លួនឯង
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការផុស ឬ Share ការចែករំលែកផ្សព្វផ្សាយព័ត៌មានមិនពិត ឬទង្វើអវិជ្ជមាន នៅតាមបណ្ដាញព័ត៌មានFacebook បណ្ដាញផ្សព្វផ្សាយនានាទៀត ទៅលើគោលដៅទេសចរណ៍មួយ ឬគោលដៅទេសចរណ៍នានាទៀត គឺស្មើនឹងការបង្កភាពគ្រោះថ្នាក់ និងការសម្លាប់ខ្លួនឯងដោយប្រយោល។
ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែក បទពិសោធន៍នារីឆ្នើម នៅផ្នែកឯកជន ក្នុងវិស័យទេសចរណ៍កាលពីសប្ដាហ៍មុន ឯកឧត្ដម ថោង ខុន ថា បច្ចុប្បន្ន ក្រសួងទេសចរណ៍បានទទួលស្គាល់ចំពោះរឿងរ៉ាវអវិជ្ជមានមួយចំនួន ដែលកំពុងបានកើតមាននៅតាមគោលដៅទេសចរណ៍មួយចំនួន ហើយត្រូវបានគេផុសបង្ហោះផ្សព្វផ្សាយ ចែករំលែកការផ្សព្វផ្សាយច្រើនយ៉ាងសប្បាយនៅតាមបណ្ដាញព័ត៌មានសង្គមFacebook និង youtube ជាដើម ដែលសកម្មភាពនេះ គឺស្មើនឹងបង្កភាពគ្រោះថ្នាក់ និងការសម្លាប់ខ្លួនឯង ដោយមិនដឹងខ្លួន។
បើតាមឯកឧត្ដម រដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងទេសចរណ៍បានកំពុងប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ ចាត់វិធានការ និងផ្ដល់ណែនាំជាបន្តបន្ទាប់ទៅដល់អ្នកប្រព្រឹត្តិទង្វើកំហុសឆ្គងទាំងនោះ ហើយបញ្ហានេះ បានធ្វើឱ្យភាពអវិជ្ជមាននៅតាមគោលដៅទេសចរណ៍ទាំងអស់បានធ្លាក់ចុះច្រើន ។
ឯកឧត្ដមបន្ថែមថា ការមានភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាច្រើន គឺបានបង្កើតឱកាសការងារ លក់ដូររបស់របរ និងផ្ដល់ប្រភពចំណូលជាច្រើនជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់គោលដៅទេសចរ។ ដើម្បីទប់ស្កាត់ភាពអវិជ្ជមានទាំងឡាយ ដែលកើតមាននៅតាមគោលដៅទេសចរណ៍ ពិសេសនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ នៅតាមកន្លែងផ្ដល់សេវាជូនភ្ញៀវទេសចរជាតិអន្តរជាតិ នៅតាមមូលដ្ឋានអាជីវកម្ម ក្នុងវិស័យទេសចរណ៍ និងនៅតាមគោលដៅសហគមន៍ទេសចរណ៍នានាទៀត គឺក្រសួងបានកំណត់ឱ្យគោលដៅទាំងនោះ ត្រូវចូលរួមចលនាប្រលងប្រណាំងយកដណ្ដើមភាពឆ្នើមទាំងអស់គ្នា ដែលគ្រប់ចលនានេះ គឺបានធ្វើឱ្យគ្រប់គោលដៅទេសចរណ៍នានា កាត់បន្ថយនូវទង្វើអវិជ្ជមាននានា ដែលធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ភ្ញៀវទេសចរអញ្ជើញទៅទស្សនាកម្សាន្ត។
ទាក់ទងនឹងបញ្ហានេះលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានយល់ស្របចំពោះប្រសាសន៍ឯកឧត្ដមរដ្ឋមន្ត្រី ប៉ុន្តែលោកថា ក្នុងករណីខ្លះ គេត្រូវរកឱ្យឃើញការពិតដូចការផ្សព្វផ្សាយ ឬមិនដូច បើកើតមានមែនហើយមិនត្រូវបានដោះស្រាយបញ្ហា ដែលកើតមានឡើងអាចក្លាយជារោគមហារីក ហើយអាចធ្វើឱ្យមនុស្ស ដែលរកស៊ីកេងបន្លំភ្ញៀវទេសចរកាន់តែបានចិត្តទៅវិញ។ ពេលនោះហើយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកល្អ។ ដូច្នេះយើងត្រូវតែមានការដាក់ទោសចំពោះអ្នកប្រព្រឹត្តិមិនល្អ។
“អញ្ចឹងក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងផ្នែកហ្នឹងវាមានច្រើនផ្នែក យើងអាចដាក់ទោសគាត់របៀបម៉េច? ហ្នឹងតាមនីតិវិធីរដ្ឋបាលទៅកុំបណ្ដែតបណ្ដោយទៀត បើនៅតែបណ្ដែតបណ្ដោយទៀតមានន័យថា គាត់នឹងទៅបំផ្លាញមនុស្សល្អ ក្នុងវិស័យនេះហើយ។ ទី១ ក្នុងវិស័យផ្ទាល់របស់គាត់ ទី២ ក្នុងវិស័យពាក់ព័ន្ធ ទី៣ នៅពេល ដែលសហគមន៍របស់គាត់អត់មានចំណូល រដ្ឋក៏មិនមានចំណូល។ដូច្នេះយើងឃើញហើយថា វានឹងអាចប៉ះពាល់ទៅដល់ការកាត់បន្ថយភាពក្រីក្រ ដែលជានយោបាយរបស់រាជរដ្ឋាភិបាល”។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលគួរមានវិធានការរដ្ឋបាលជាក់លាក់ ហើយតឹងតែង ដើម្បីឱ្យអ្នករកទទួលទាន នៅក្នុងវិស័យទេសចរបានដើរនៅក្នុងផ្លូវត្រង់មួយ។
តាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងកាលពីសប្ដាហ៍មុនថា នៅរយៈពេល៨ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តប្រមាណជិត ៤លាន ៤សែននាក់ កើនឡើង១០.៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨៕