• 2018-06-07 07:33:04
  • ការអប់រំ

៦យ៉ាងប្លែកគេ ទើបបណ្ណាល័យល្បី១ មានអ្នកអានសន្ធឹក និងសៀវភៅរាប់ម៉ឺនក្បាល

  • 2018-06-07 07:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ណាល័យ នៃ​គ្រឹះស្ថាន​អប់រំ​ឯកជន​១ និង​មាន​លក្ខណៈ​ពិសេស ក្នុង​ទី​ក្រុង​ភ្នំពេញ​ កំពុង​ទទួល​ការ​គាំទ្រ​ពី​សិស្ស និស្សិត សាធារណជន​រាប់​ម៉ឺន​នាក់​ប្រចាំ​ឆ្នាំ។

​ក្រៅ​ពី​នេះ វត្តមាន​បណ្ណាល័យ ក៏​បាន​ចូលរួម​ចំណែក​ លើកកម្ពស់​ការ​អាន​នៅ​កម្ពុជា​ ផ្ដើម​ពី​ទារក រហូត​ដល់​មនុស្ស​ពេញ​វ័យ។

នោះ​គឺ​បណ្ណាល័យ​ នៃ​សកលវិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា (PUC) ដែល​ភាគ​ច្រើន​ស្គាល់​ថា​ មាន​ទីតាំង​ធំ​ក្នុង​បរិវេណ ផ្នែក​ខាងត្បូង​វិមាន​ឯករាជ្យ នៃ​រាជធានី​ភ្នំពេញ។

រូបថត ផ្នែកខាងក្នុងបណ្ណាល័យ

បើ​តាម​លោកស្រី លី រ៉ានី ប្រធាន​ផ្នែក​រដ្ឋបាល​ទូទៅ និង​ប្រតិបត្តិ​នៃ​បណ្ណាល័យ សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​ប្រាប់ Sabay ថា បណ្ណាល័យ​នេះ​ បាន​ទទួល​ការ​គាំទ្រ និង​សហការ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។ លក្ខណៈ​ពិសេស​ទាំង ៦យ៉ាង ​ប្លែក​ពី​គេ មាន​ដូចជា

រូបថត លោកស្រី លី រ៉ានី (ប្រភពរូប ហ្វេសប៊ុក)

១. ផ្នែក​ការ​រចនា​អគារ

បាន​តុបតែង​ស្អាត មាន​អនាម័យ​ខ្ពស់ ​ផាក​សុខភាព​ល្អ បំពាក់​ម៉ាស៊ីន​ត្រជាក់ និងWifi អ៊ីនធឺណិត​ល្បឿន​លឿន ​អំណោយ​ផល​ដល់​អ្នកអាន​ និង​ស្រាវជ្រាវ។

២. ចំនួន​អ្នក​ចូល​អាន

បណ្ណាល័យ​បាន​បើក​ដំណើរការ​ទូទៅ ​ជា​ប្រចាំ​ថ្ងៃ ដែល​មាន​អ្នក​អាន​ ចំនួន​ពី ៤០០ ទៅ ៥០០នាក់ បាន​ចូល​អាន និង​ស្រាវជ្រាវ​ឯកសារ​នានា។ បើ​គិត​ជា​ឆ្នាំ មាន​ចំនួន​ប្រមាណ​ជាង ១.០០០០នាក់ នៃ​ចំនួន​សរុប​ សិស្ស និស្សិត និង​សាធារណជន។

៣. លក្ខណៈ​ពិសេស​សម្រាប់​ជួយ​​ទារក​ឲ្យ​ស្រលាញ់​ការ​អាន​

ក្រោម​ជំនួយ​ពី​ទូត​អាមេរិក ទើប​បណ្ណាល័យ​នេះ​មាន​ចំណុច​ពិសេស​ជាង​កន្លែង​ដទៃ គឺ​ផ្ដោត​លើ​ជំនួយ​ការ​អាន​ សម្រាប់​ក្មេង​ៗ​ តាំង​ពី​វ័យ​ទារក​ឡើង​ទៅ។ មាន​ន័យ​ថា គឺ​ការ​បណ្ដុះ​ឲ្យ​ស្រលាញ់​ការ​អាន​តាំង​ពី​តូច ដោយ​អាណាព្យាបាល​អាច​យក​ទារក​មក​ និង​ធ្វើ​កាត​សមាជិក​បណ្ណាល័យ​ឲ្យ​ទារក ដើម្បី​ចូល​ស្ដាប់​រឿង​និទាន​ល្អ​ៗ ​សម្រាប់​ទារក រយៈ​ពេល​១ខែ​ម្ដង​ ដើម្បី​ផ្សាំ​ៗ​ទារក​ជាមួយ​សៀវភៅ មុន​ដល់​វ័យ​ធំ​មួយ​អាច​អាន​បាន។

រូបថត ការនិទានរឿងឲ្យកុមារតូចៗស្តាប់ (ប្រភពរូប PUC)

៤. ចំនួន​សៀវភៅ

បណ្ណាល័យ​សាខា​នេះ ជា​ទីតាំង​ធំ​ជាង​គេ របស់​សកលវិទ្យាល័យ ដូច្នេះ​មាន​ផ្ទុក​សៀវភៅ​ថ្មី​ៗ សំបូរ​បែប ចំនួន​ប្រមាណ ៤.០០០០ក្បាល មាន​ទាំង​ភាសាខ្មែរ និង​ភាសា​បរទេស។

៥ ការ​បែង​ចែក​ទីតាំង​ឲ្យ​អ្នកអាន

ទីតាំង​មាន៣ប្រភេទខុស​ៗ​គ្នា ក្នុង​នោះ ១គឺកន្លែងស្ងប់ស្ងាត់ សម្រាប់​ចំនួន​អ្នកអាន​ម្នាក់ឯង ហាម​និយាយ ឬ​ជជែក​គ្នា ២. ទីតាំង​ស្ងាត់​មធ្យម សម្រាប់​អ្នក​អាន​ចាប់ ២ ឬ៣នាក់ទៅ ដែល​អាច​ជជែក​គ្នា​ខ្លះ​បាន និង​ទីតាំង​ទី​៣ គឺ​ផ្ដល់​ជូន​អ្នក​អាន​ ដែល​មាន​គ្នា​ច្រើន និង​ត្រូវ​ការ​ជជែក​គ្នា ឬ​ធ្វើការ​ជា​ក្រុម ត្រូវ​នៅ​ជ្រុង​ម្ខាង​ដាច់​ពី​គេ។

រូបថត និសិ្សតក្នុងបណ្ណាល័យ (ប្រភពរូប PUC)

៦. ចំនួន​កុំព្យូទ័រ​ស្រាវជ្រាវ

មាន​កុំព្យូទ័រ​ចំនួន​១០គ្រឿង សម្រាប់​អ្នក​ចូល​បណ្ណាល័យ​ប្រើប្រាស់​ ឬ​ស្រាវជ្រាវ​ទូទៅ ​ឥតគិតថ្លៃ និង​ងាយ​ស្រួល​ព្រោះ​មាន​ភ្ជាប់ Internet។ ចំណែក​កុំព្យូទ័រ ២គ្រឿង​ទៀត មាន​លក្ខណៈ​ពិសេស ​គឺ​ទុក​សម្រាប់​តែ​អ្នក​ប្រើប្រាស់​ ដើម្បី​រក​ព័ត៌មាន​ពី​បណ្ណាល័យ​ ឬ​សៀវភៅ​ល្បី​ៗ​ នៅ​លើ​ពិភពលោក។

សូម​បញ្ជាក់​ថា បណ្ណាល័យ​នៃ​បរិវេណ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា នៅ​ខាងត្បូង​វិមាន​ឯករាជ្យ​ មាន​ទីតាំង​នៅ​ផ្ទះ​លេខ​១៨៤​ មហា​វិថី​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ។ ចាប់​បើក​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៨:៣០យប់។

ថ្ងៃសៅរ៍ និង​អាទិត្យ​ ចាប់​បើក​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥:៣០​នាទី​ល្ងាច។ ព័ត៌មាន​បន្ថែម ​សូម​ចូល​ទៅ​គេហទំព័រ http://library.puc.edu.kh ឬ Facebook Page: PUC LIBRARIES

រូបថត ទិដ្ឋភាពខាងក្នុង (ប្រភពរូប PUC)

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទថ្មី