• 2020-02-04 03:46:47
  • ស្នេហា

៥ចំណុចជួយឲ្យការរើសគូស្រករបានត្រឹមត្រូវ

  • 2020-02-04 03:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរើសគូស្រករ ដើម្បីកសាងជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍ ចាំបាច់ណាស់ត្រូវសម្លឹងមើលឲ្យបានហ្មត់ចត់ កុំគ្រាន់តែមានអារម្មណ៍ថាស្រលាញ់ និងចង់មានដៃគូកំដរជីវិតឯកោ។ តើមនុស្សដូចម្ដេចដែល អ្នកគួរតែជ្រើសមកធ្វើជាគូស្រករ ហើយធ្វើឲ្យជីវិតអ្នកថ្លៃថ្នូរ មានសិរីសួស្ដី សុភមង្គលរហូតដល់ចាស់ស្លាប់?

ចំណុចនេះយុវវ័យភាគច្រើន តែងមើលរំលងក្រឹត្យក្រមពីបុរាណ ដែលដូនតាបានចងក្រងជាដំបូន្មាន ហើយបែរងាកទៅរកទ្រឹស្ដីបរទេសមួយចំនួន ដែលខ្វះនូវមូលដ្ឋានគ្រឹះច្បាស់លាស់ ឬគ្រាន់តែជាបទពិសោធន៍អារម្មណ៍នៃមនុស្សម្នាក់ពីរនាក់ប៉ុណ្ណោះ។ ការណ៍នេះហើយ ដែលយុវជនយុវនារីមួយចំនួនជួបវិបត្តិនៅក្រោយពេលរៀបការ។

ឆ្លើយតបទៅនឹងសំនួរខាងលើ មនុស្សដែលគួរជ្រើសរើសជាគូស្រករពិតប្រាកដបាននោះ ត្រូវសម្លឹងទៅលើលក្ខណៈសម្បត្តិសំខាន់ៗដូចជា៖

១. រូបសម្ប័ទ សំដៅដល់ទម្រង់រូបរាងដែលគ្រប់លក្ខណៈ ពុំមានវិការៈ មានសាច់ឈាមភ្លឺថ្លា រៀបខ្លួនស្លៀកពាក់សមរម្យ មានសុខភាពល្អមាំមួន រហ័សរហួនស្វាហាប់។ មិនថាបុរស ឬនារីទេ តែងតែងប្រាថ្នានូវរូបសម្បត្តិល្អ គួរជាទីពេញចិត្តជនានុជនទាំងពួង។

២. ចរិយាមារយាទ ត្បិតថាវាមើលមិនឃើញ តែវាស្ដែងចេញតាមទង្វើ កាយវិការ ការប្រព្រឹត្តិដោយកាយ និងវាចា។ ចរិយាមារយាទ កើតចេញពីការហ្វឹកហាត់ ការតាំងចិត្ត ការធ្វើជាប្រចាំក្លាយទៅជាទម្លាប់ និងមជ្ឈដ្ឋានរស់នៅ។ ដូច្នេះអ្នកគួរសម្លឹងមើលនរណាដែលមានកាយវិការសមរម្យ សម្ដីសំដៅមានរបៀប មានរសខ្លឹមសារ ចេះគោរពឱនលំទោន ចេះគួរសម រួសរាយ ជាអ្នកមានស្មារតីខ្ជាប់ខ្ជួន និងមិនសូវធ្វេសប្រហែស ឧស្សាហ៍ព្យាយាម មានគោលការណ៍ច្បាស់លាស់ និងឈ្លាសវៃ។

៣. ចំណេះដឹង គឺចំណេះ និងជំនាញដែលបានពីការរៀនសូត្រ និងហ្វឹកហាត់ ដើម្បីដោះស្រាយបញ្ហាជីវិត។ ឃ្លាថាដោះស្រាយបញ្ហាជីវិតនេះ សំដៅដល់មុខរបរការងារអាជីពចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ មានសមត្ថភាពកសាងសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាពគ្រួសារ និងសង្គមជាតិ និងមានបុគ្គលិកលក្ខណៈជាដៃគូគ្រួសារ និងជាប្រជាពលរដ្ឋពេញលេញ។

៤. ទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិខ្មែរយើងចែកជាបី គឺ ទ្រព្យកេរ ទ្រព្យកើតពីការរកស៊ី និងទ្រព្យកើតពីបុណ្យ ឬទ្រព្យបានមកដោយឥតហេតុ តែក្នុងន័យនេះទ្រព្យ សម្បត្តិសំដៅដល់ទ្រព្យដែលកើតចេញពីការប្រឹងប្រែងរកស៊ីដោយញើសឈាមសាមីខ្លួនផ្ទាល់។ មនុស្សដែលមានទ្រព្យសមរម្យថ្លៃថ្នូរតែងធ្វើរឿង៤យ៉ាង៖

  • ជាអ្នកពូកែរកស៊ី ឧស្សាហ៍ ព្យាយាម និងឈ្លាសវៃក្នុងការរកទ្រព្យ

  • ជាអ្នកចេះទុកដាក់ទ្រព្យ និងថែរក្សាការពារបានល្អ

  • រាប់អានមិត្តភ័ក្ដិដែលល្អៗ មានគំនិតគិតគូរជ្រៅជ្រះ

  • ជាអ្នកចេះចាត់ចែងលុយកាក់ទ្រព្យសម្បត្តិបានយ៉ាងល្អ និងមានប្រយោជន៍។

៥. កិត្តិយស ជាផ្នែកមួយសំខាន់ដែរ ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន។ កិត្តិយសជាសេចក្ដីថ្លៃថ្នូរ និងធ្វើឲ្យជីវិតមានខ្លឹមសារ។ ដូចជាពាក្យគេថា រស់នៅដើម្បីសេចក្ដីថ្លៃថ្នូរ។ កិត្តិយសមិនលំបាករកទេ ឲ្យតែមនុស្សមានលក្ខណៈទាំងបួនយ៉ាងខាងលើ។

កុំស្រមៃខ្ពស់ពេក គ្មានមនុស្សណាល្អគ្រប់ទាំងប្រាំចំណុចនោះទេ ប៉ុន្តែបើគ្មានសូម្បីតែមួយចំណុចនោះ ក៏មិនគួរសេពគប់ជាគូស្រករដែរ។ ម្យ៉ាងទៀតប្រសិនអ្នកចង់ទាក់ចិត្ត Crush របស់អ្នកឲ្យបាក់ស្រលាញ់អ្នកវិញនោះ អ្នកគួរតែខំបំពេញ ៥ ចំណុចនេះឲ្យបាន។

សរុបមកវិញ មនុស្សប្រុសស្រី ដែលអ្នកគួរតែជ្រើសមកធ្វើជាគូស្រករ ហើយធ្វើឲ្យជីវិតអ្នកថ្លៃថ្នូរ មានសិរីសួស្ដី សុភមង្គលរហូតដល់ចាស់កោងខ្នងនោះ សូមកុំមើលរំលងលក្ខណៈសម្បត្តិទាំង ៥ ខាងលើនេះឲ្យសោះ៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់