- 2020-02-18 10:03:03
- ការអប់រំ
យុវជនម្នាក់បង្ហាញគន្លឹះ ដើម្បីក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរ
- 2020-02-18 10:03:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនម្នាក់បង្ហាញគន្លឹះ ដើម្បីក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរ
ចន្លោះមិនឃើញ
ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម អង្គជ័យ ខេត្តកំពតយុវជន លី រិទ្ធីរាជ បានចែករំលែកគន្លឹះជោគជ័យចំនួន៥ ចំណុចដើម្បីក្លាយជាសិស្សពូកែអក្សរសាស្ត្រខ្មែរ។ ការចែករំលែកបទពិសោធន៍នេះ បន្ទាប់ពីយុវជនរូបនេះបរាជ័យ ក្នុងការប្រកួតប្រជែងសិស្សពូកែអក្សរសាស្ត្រខ្មែរប្រចាំសាលា។ ទោះបីបរាជ័យក៏ពិតមែន តែយុវជនរូបនេះបានរកឃើញចំណុចខ្វះចន្លោះមួយចំនួនដែលក្នុងខ្លួនមានហើយសង្ឃឹមថា ការចែករំលែកនេះនឹងអាចក្លាយជាបទពិសោធន៍មួយសម្រាប់យុវជនជំនាន់ក្រោយក្លាយខ្លួនជាសិស្សពូកែអក្សរសាស្ត្រខ្មែរ។
ចំណុចគន្លឹះទាំង៥ ចំណុចមានដូចខាងក្រោម
១.កត្តាអក្សរ៖ ជាការពិតក្នុងការប្រឡងអក្សរសិល្ប៍ខ្មែរ អក្សរពិតជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការប្រឡងពិសេសប្រឡងសិស្សពូកែខ្មែរតែម្ដងបើអក្សរយើងមិនស្អាត ការសរសេរគ្មានរបៀបនោះយើងនឹងអាចធ្លាក់ដោយស្វ័យប្រវត្តិ។ជួនកាលយើងមានគំនិតសរសេរគួរសមហើយតែបើអក្សរមិនស្អាតនោះក៏មិនអាចជាប់ដែរ។
២.ការសិក្សាពីអក្សរសិល្ប៍ ៖ ចំពោះប្អូនៗដែលចង់ចូលរួមការប្រឡងសិស្សពូកែគួរតែសិក្សាពីស្នាដៃនៃអក្សរសិល្ប៍គ្រប់ប្រភេទរួមជាមួយនឹងដំណើរនៃសាច់រឿងដែលសំខាន់ៗឱ្យបានច្បាស់លាស់ព្រោះថា នៅក្នុងការសរសេរតែងតែតម្រូវឲ្យយើងធ្វើការលើកយកអំណះអំណាងពីក្នុងស្នាដៃនៃអក្សរសិល្ប៍មកបង្ហាញ។
៣.ការអានសៀវភៅ៖ ជាទូទៅការព្យាយាមអានច្រើនកាន់តែធ្វើឱ្យយើងមានការបណ្ដុះនូវគំនិតកាន់តែច្រើនដែរពិសេសគឺស្វែងយល់ឲ្យបានច្រើនពីតថភាពក៏ដូចជាទិដ្ឋភាពនៃសង្គមជាក់ស្ដែងព្រមទាំងទំព័រនៃប្រវត្តិសាស្ត្រផ្សេងៗ ដែលជាទុនមួយសំខាន់ក្នុងការពង្រីកនូវគំនិតយើងឲ្យមានភាពសម្បូរដែលងាយស្រួលក្នុងការបកស្រាយនិងលើកអំណះអំណាងបញ្ជាក់ពីតថភាពនៃសង្គមជាក់ស្ដែងនៅក្នុងសំណេរតែងសេចក្ដីយើងបានក្បោះក្បាយ។
៤.យល់ដឹងពីគម្រោងតែងសេចក្ដីក៏ដូចជាប្រភេទនៃប្រធានតែងសេចក្ដីឱ្យបានច្បាស់ ៖ ពិតណាស់មិនថាការប្រឡងសិស្សពូកែក្តីការប្រឡងនានាក្ដីជាការសំខាន់ត្រូវយល់ដឹងពីប្រធានដែលគេដាក់មកថា តើប្រធាននោះជាប្រធានអ្វី?ប្រធានពិភាក្សា ឬក៏ប្រធានពន្យល់?ពោលគឺត្រូវសិក្សាឲ្យបានម៉ត់ចត់ពីប្រភេទនៃប្រធានតែងសេចក្ដីនីមួយៗពីគម្រោងតែង ក៏ដូចជាពាក្យចោទសួរ ពាក្យបង្គាប់ជាដើមដែលមិនអាចធ្វើឱ្យយើងមិនមានកំហុស ឬការសរសេរចាកប្រធានជាដើម។
៥.ការអនុវត្ត ៖ ពេលខ្លះមានតែគំនិតមានតែទ្រឹស្ដីតែបើយើងមិនមានការអនុវត្តទេនោះវាក៏មិនងាយបានផលល្អដែរ។ ពិសេសប្អូនៗដែលចង់ប្រឡងគួរគប្បីតែអនុវត្តសរសេរប្រធានតែងសេចកី្តទាំងឡាយឲ្យបានរៀងរាល់ថ្ងៃដោយប្រើប្រាស់នូវគំនិតផ្ទាល់ខ្លួនដើម្បីឱ្យការសរសេរយើងមានកម្រិតប្រសើរឡើង និងមានល្បឿនលឿន។
ទោះជាយ៉ាងណាយុវជន លី រិទ្ធីរាជ បានធ្វើការ អភ័យទោសទុកជាមុនរាល់ពាក្យពេចន៍ទាំងឡាយដែលមានការខ្វះខាត ឬខុសឆ្គង។អត្ថបទនេះជាវិធីសាស្ត្រក៏ដូចជាបានធ្វើការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនបានឆ្លងកាត់នៅក្នុងការប្រឡងអក្សរសិល្ប៍ខ្មែរនាពេលកន្លងមក និងជូនពរដល់ប្អូនៗទាំងអស់ដែលមានបំណងប្រឡងសិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរទទួលជោគជ័យនិងសម្រេចនូវគោលបំណងរបស់ខ្លួន៕