• 2020-03-13 10:01:50
  • ការអប់រំ

ទំនោរនៃការ​​ចាប់ដៃ​ហាក់ថមថយ ងាកមក​សំពះ​កើនឡើង ខណៈជំងឺកូរ៉ូណា កំពុងផ្ទុះជាសកល

  • 2020-03-13 10:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​រលាកផ្លូវដង្ហើម​ វីរ៉ុសកូរ៉ូណា (Covid-19) បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការព្រួយបារម្ភ​អំពី​ការ​ឆ្លងរាល​ដាល​ជាសកល ម៉្លោះ​ហើយ​ ថ្នាក់ដឹកនាំ និង​ប្រជាជន​នៅបណ្ដាល​ពីភពលោក​ បាន​ផ្លាស់ប្ដូរ​ទម្លាប់​ដូចជា​ការ​ចាប់​ដៃ ថើប ងាក​មក​ការ​គោះកែងដៃ និង​សំពះ​ ជាកិច្ចស្វាគមន៍។

សម្តេចតេជោហ៊ុនសែនបង្ហាញវប្បធម៌ នៃការសំពះនៅក្នុងការជួបស្វាគមន៌

កាល​ពី​ថ្ងៃទី ៤ ខែមីនា នៅក្នុង​ពិធីបិទសន្និបាត​ក្រសួងសុខាភិបាល​ នៅសណ្ឋាគារ​សុខា កន្លង​ទៅ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យប្រជាពលរដ្ឋនៅពេលជួបគ្នា គឺត្រូវលើកដៃសំពះគ្នា ជា​ជាង​ការចាប់ដៃគ្នា ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19។

Prince Charles បានផ្លាស់ប្តូរទម្លាប់ពីការចាប់ដៃ មកជាការសំពះវិញ នៅពេលស្វាគមន៍គ្នា នៅឯកម្មវិធី Prince's Trust Awards

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់នៃប្រទេសវែល Prince Charles បានផ្លាស់ប្តូរទម្លាប់ពីការចាប់ដៃ មកជាការសំពះវិញ នៅពេលស្វាគមន៍គ្នា នៅឯកម្មវិធី Prince's Trust Awards នៅឯទីក្រុង London។ បើតាមខ្សែវីដេអូខ្លី ដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ Prince Charles លើកដៃសំពះ ដើម្បីជាការស្វាគមន៍គ្នាទៅវិញទៅមក ដើម្បីចៀសវាងពីការបះពាល់គ្នា៕

លោកសំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យ ប្រវត្តិសាស្រ្តខ្មែរ

លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលនិយាយនៅក្នុងកម្មវិធី «កៅអីក្ដៅ» កាលពីពេល​កន្លង​ទៅ បាន​បញ្ជាក់​ថា ផ្អែកតាមរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ ឬរបាំអប្សរា និង សម័យហ្វូណន និងរឿងព្រេង ព្រះថោង នាងនាគ មានពិធីមង្គលការ ដែលបានប្រើប្រាស់ការសំពះតាំងពីពេលនោះមក។ ដូច្នេះចង់មិនចង់ប្រវត្តិនៃការសំពះនេះបានកើតលើទឹកដីកម្ពុជា មិនតិចជាង២ពាន់ឆ្នាំមកនោះទេ។ កត្តានេះហើយ ដែលសបញ្ជាក់ឲ្យឃើញថា ទម្លាប់នៃការសំពះ បានកើតមុនប្រទេសផ្សេងៗ ដូចជា ប្រទេសថៃ ឡាវ និងភូមា ជាដើម។

ការសំពះត្រូវបានគេចែកចេញជា ៥ របៀបគឺ ៖

  1. ការសំពះដាក់ដៃត្រឹមដើមទ្រូងជាការសំពះទៅកាន់មនុស្សដែលបានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ។

  2. ការសំពះដាក់ដៃត្រឹមមាត់ជាការសំពះទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ។

  3. ការសំពះដាក់ដៃត្រឹមចុងច្រមុះជាការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។

  4. ការសំពះដាក់ដៃត្រឹមចិញ្ចើមជាការសំពះទៅកាន់ព្រះមហាក្សត្រ និង វត្ថុសក្ដិសិទ្ធជាទីសក្ការៈ។

  5. ការសំពះដាក់ដៃត្រឹមថ្ងាសជាការសំពះគោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។

នៅអំឡុង​ការ​ផ្ទុះឡើង​នៃជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 នេះ ការ​សំពះ​ គឺជា​វិធានដ៏ល្អម្យ៉ាង ដែល​ជាផ្នែក​មួយ​ ជួយ​​ការពារ​ដល់​សុខភាព​យើង​មិន​ឲ្យ​ឆ្លង​ពី​ជំងឺខាងលើ​នេះផង និង​ចូលរួម​លើកស្ទួយ​ប្រពៃណី វប្បធម៌​ខ្មែរ។

យ៉ាងណាក៏ដោយ ដើម្បី​ការពារ​ពីការ​ឆ្លង​ជំងឺ​ Covid-19 នេះ ប្រជាជន​ក៏​មិនគួរ​ភ្លេច​ឡើង​ ការ​រស់នៅ​អនាម័យ ដោយ​លាង ដៃ និង​ប្រើម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ការថែរក្សាសុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​ នៃជំងឺ​ខាង​លើ​នេះ៕​

ចូលរួមទាំងអស់គ្នាដើម្បីការពារជម្ងឺកូរ៉ូណា

អត្ថបទ ៖​ Art

មតិយោបល់