- 2020-04-02 03:17:10
- សុខភាព
លាយអាល់កុលប៉ុន្មានដឺក្រេ អាចសម្លាប់មេរោគ និងមិនរលាកដៃ?
- 2020-04-02 03:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាយអាល់កុលប៉ុន្មានដឺក្រេ អាចសម្លាប់មេរោគ និងមិនរលាកដៃ?
ចន្លោះមិនឃើញ
ស្របពេលប្រជាពលរដ្ឋខ្មែរជាច្រើន កំពុងប្រើប្រាស់អាល់កុល ដើម្បីសម្លាប់មេរោគ ពិសេសការពារការឆ្លងរីករាលដាលនៃ Covid-19 ប៉ុន្តែលោកអ្នកខ្លះអាចមិនទាន់ប្រាកដទេថា តើអាកុលប៉ុន្មានដឺក្រេអាចសម្លាប់មេរោគបាន?
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានប្រាប់ sabayថា ជាទូទៅអាល់កុលប្រើប្រាស់សម្រាប់លាងដៃអាចមានកម្រិតចាប់ពី ៧០ដឺក្រេទៅ ៧៥ដឺក្រេ ទើបមិនប៉ះពាល់ដល់សុខភាពស្បែករបស់យើង។ ស្បែកដៃរបស់យើងអាចរលាកបាន ប្រសិនបើប្រាស់អាល់កុលក្បែរ ១០០ដឺក្រេ។ កាលណាស្បែកដៃរបស់អ្នករលាកនឹងកាន់តែធ្វើឱ្យមេរោគឆាប់ឆ្លងទៅវិញទេ។ លោកបានបន្ថែមថា ដើម្បីដឹងថា អាល់កុលមានប៉ុន្មានដឺក្រេ ចាំបាច់ត្រូវមានឧបករណ៍ស្ទង់ ដែលលោកអ្នកអាចទិញបាននៅតាមឱសថដ្ឋាន។
“អញ្ចឹងបើយើងចង់បានអាល់កុល៧០ដឺក្រេ យកមកប្រើប្រាស់ដើម្បីលាងដៃ គេអាចថែមទឹក ៣០%ទៅ បើចង់បាន ៧៥ដឺក្រេ អាចដាក់ទឹកត្រឹមតែ២៥%ទៅ បន្ទាប់មកយើងវាស់ទៀត។អញ្ចឹងគេមិនប្រើអាល់ ៩៨ដឺក្រេ ឬ ១០០ដឺក្រេមកលាងដៃទេវាអាចរលាកដៃ ឬខូចស្រទាប់ស្បែកដៃ ងាយឆ្លងរោគបាន ព្រោះងាប់កោសិកា ការពារមេរោគ”។ លោកបន្ថែម។
លោកបានឱ្យដឹងទៀតថា អាល់កុលដែលមានកម្រិតក្បែរ ១០០ដឺក្រេគឺគេប្រើប្រាស់សម្រាប់តែវិស័យវេជ្ជសាស្ត្រប៉ុណ្ណោះ ពោលគឺខ្លាំងជាងអាល់កុលប្រើសម្រាប់លាងដៃ។ លោកបានអំពាវដល់ប្រជាពលរដ្ឋគួរទិញអាល់កុលនៅតាមឱសថដ្ឋានមានច្បាប់ត្រឹមត្រូវ ជៀសវាងទិញអាល់កុលតាមអនឡាញ ឬកន្លែងគ្មានច្បាប់អនុញ្ញាតជាហេតុនាំឱ្យប៉ះចំអាល់កុលក្លែងក្លាយដែលអាចនាំផលអាក្រក់ដល់សុខភាព។
បន្ថែមលើនេះលោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់សាប៊ូលាងដៃល្អបំផុត ប្រសិននៅផ្ទះ។ ការប្រើប្រាស់អាល់កុលគួរប្រើ ពេលចេញក្រៅផ្ទះ ងាយដាក់ក្នុងហោប៉ៅ។
"អញ្ចឹងអាល់កុលងាយប្រើពេលយើងចេញនៅតាមទីសាធារណដូចជាចៃដន្យប៉ះបង្កាន់ដៃ ទ្វាចេញចូលគឺយើងអាចប្រើប្រាស់បានភ្លាមៗ តែបើយើងនៅផ្ទះប្រើសាប៊ូល្អបំផុតហើយ”។ លោកវេជ្ជបណ្ឌិតនិយាយ៕