• 2020-04-10 06:00:00
  • សុខភាព

អាល់កុលក្លែងក្លាយជិត ៧ម៉ឺនលីត្រ ដកហូតថ្ងៃមុនត្រូវបានយកទៅកម្ទេចចោលហើយ

  • 2020-04-10 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់កុលក្លែងក្លាយដែលជាសារធាតុមេតាណុលជាង ៣០តោន ត្រូវបានយកមកកម្ទេចចោលនៅស្ថានីយ៍បូមទឹកទំនប់កប់ស្រូវដែលមានទីតាំងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។

អាល់កុលក្លែងក្លាយជាង ៣០តោន ដែលត្រូវបាន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរបស់ក្រសួងពាណិជ្ជកម្ម យកមកកម្ទេចនេះគឺជា អាល់កុលក្លែងក្លាយដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសហការជាអាជ្ញាធរពាក់ព័ន្ធត្រូវបានរកឃើញ និងដកហូតបានចំនួន ៨លើកចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ ថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០។

សកម្មភាពកម្ទេចអាល់កុលក្លែងក្លាយព្រឹកមិញ

លោក ឌឹម ថេង អគ្គនាយករងនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបញ្ជាក់ឲ្យដឹងថា អាល់កុលក្លែងក្លាយដែលជាសារធាតុមេតាណុលជាង៣០តោនដែលត្រូវយកមកកម្ទេចព្រឹកនេះ គឺជាការកម្ទេចលើកទី១ ដែលលើកទី២នឹងអាចនឹងធ្វើនៅដើមសប្តាហ៍ក្រោយហើយបរិមាណនោះគឺប្រហាក់ប្រហែលនឹងលើកទី១នេះដែរ។

លោក ឌឹម ថេង បន្ថែមថា អាល់កុលក្លែងក្លាយដែលជាសារធាតុមេតាណុល ដែលរកឃើញ និងដកហូតបានទាំង ៨លើកគឺមានបរិមាណសរុបជាង៦០តោន ឬស្នើនឹង ៦៤ ៨៤៩លីត្រ។

យោងតាមឯកសាររបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបញ្ជាក់ថា អាល់កុលក្លែងក្លាយដែលជាសារធាតុមេតាណុលគឺជាសារធាតុពុលមិនអាចយកមកប្រើប្រាស់ក្នុងការកម្ចាត់មេរោគ ព្រោះវាអាចគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

សកម្មភាពកម្ទេចអាល់កុលក្លែងក្លាយព្រឹកមិញ

ផលប៉ះពាល់មេតាណុលទៅលើសុខភាពតាមរយៈការស្រូបចូល ឬជ្រាបចូលតាមស្បែក៖

  • រយៈពេលខ្លី៖ ធ្វើឲ្យមនុស្ស ឈឺក្បាល វិលមុខ ច្របូលច្របល់ បាត់ស្មារតីរំខានដល់ការរំលាយអាហារ និងភ្នែក

  • រយៈពេលវែង៖ អាចពុលដល់ប្រព័ន្ធរាងកាយ ខូចដល់ប្រព័ន្ធខួរក្បាល ការមើលឃើញចុះខ្សោយ ស្រវាំង និងអាចងងឹតទាំងស្រុង

  • គ្រោះថ្នាក់ដល់ស្លាប់៖ ប្រសិនបើមានការដាក់លាយជាមួយស្រា ឬជាមួយភេសជ្ជៈផ្សេងៗ(ករណីនេះធ្លាប់មានកើតឡើងជាញឹក ញាប់នៅក្នុងប្រទេសយើង ក៏ដូចជាប្រទេសមួយចំនួនដែលនិយមផឹកស្រា ស) ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទថ្មី