• 2020-06-08 04:43:52
  • ព័ត៌មាន

ហាងម្ហូបបួសពេលព្រឹកមួយកន្លែង​​នៅ​ខេត្តសៀមរាប ល្បីថា​ឆ្ងាញ់ និង​មាន​ទេសភាព​ស្អាតកប់!

  • 2020-06-08 04:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយើងជិះកាត់ផ្លូវលេខ២៦ ភូមិវត្តបូព៌ យើងនឹងឃើញផ្ទះឈើបុរាណមួយមានសួនបន្លែបៃតងជុំវិញគួរ​ឲ្យ​គយគន់ នោះគឺភោជនីយដ្ឋានមួយដែលមានឈ្មោះថា "បន្លែ banlle"។ ហាងម្ហូបបួស​មួយនេះ ស្ថិតនៅមិនឆ្ងាយពី​ផ្សារ​ចាស់​នោះទេ គឺ​ធ្វើដំណើរ​ដោយថ្មើរជើង ត្រឹម ៥នាទី​ប៉ុណ្ណោះ។

ក្រៅពីមាន​ម្ហូប​ដ៏ឆ្ងាញ់ពិសា ភោជនីយដ្ឋាន​បន្លែ ក៏មាន​បរិយាកាស​ដ៏សែនមនោរម្យ​ផងដែរ។ គ្រាន់តែយើង​ដើរ​ចូល​ភ្លាម នឹង​ទទួល​បាន​ភាព​ស្រស់ស្រាយ ពីក្លិន​ស្លឹកគ្រៃ និង​បន្លែ​បៃតងជាច្រើន​មុខ ដែល​ដាំអម​តាមផ្លូវ​ចូល​ទៅ​ក្នុង​ហាង រួម​ជាមួយ​ស្នាមញញឹម​ស្វាគមន៍​ដ៏រាក់ទាក់​ពី​សំណាក់​បុគ្គលិក​នៅ​ទីនោះ​ យ៉ាង​កក់ក្ដៅបំផុត។

ងាកមើលទៅខាងឆ្វេងដៃ មានស្រះមួយដែលមានផ្កាព្រលិតក្រហមឆ្អិនឆ្អៅ កំពុងរីកត្រសងរងចាំកម្ដៅថ្ងៃ ដែល​នៅក្បែរនោះយើងនឹងឃើញ តុកៅអីរៀបចំរួចជាស្រេចរង់ចាំលោកអ្នក។ នៅខាងស្ដាំដៃឯណោះវិញ មានសួនបន្លែបៃតងស្រស់ត្រកាលពោរពេញទៅដោយបន្លែ និងជីជាច្រើនប្រភេទ។

នៅពេល​អង្គុយចុះ យើងក្រលេកមើលជុំវិញហាង មានអារម្មណ៍ថាស្រស់ស្រាយណាស់ ហើយផាសុខភាពក៏បានកើតឡើងភ្លាម ជាមួយជំនោរខ្យល់បក់ ក្រោមម្លប់ឈើធ្នង់ ដើមមៀន និងទ្រើងផ្លែផាស់សិន ។

ភោជនីយដ្ឋានបន្លែ មាន​ម្ហូបឆ្ងាញ់ៗជាច្រើនមុខ សម្រាប់​ឲ្យ​ប្រិយមិត្ត​ជ្រើសរើស​ ដូចជា​ មីគាវបន្លែ បាយសាច់ជ្រូកបួស និងគុយទាវសរសៃធំ ពោះគោបួសពិសេស ជាដើម។

ដូចពាក្យគេថាបើមិនបានភ្លក់មិនដឹងរសជាតិមែន និយាយដោយត្រង់ក្លិនទឹកស៊ុប គឺឈ្ងុយខ្លាំងណាស់ ក្លិនប្រហើរលាយឡំជាមួយនឹងស្លឹកជីគិនឆាយ ឈ្ងុយមើមឆៃថាវដុត បូកផ្សំនឹងខ្ទឹមបំពងឈ្ងុយឈ្ងប់ដែលដាក់ពីលើស៊ុប។ ចំណែកសរសៃមីវិញទន់ល្មើយ មិនផុយពេកមិនស្វិតពេក ត្រូវមាត់ជាមួយទឹកស៊ុបផ្អែមចេញពីល្ហុងទុំស្រគាលនិងបិគក់ ដែលខ្ញុំអាចនិយាយបានថា "ឆ្ងាញ់ប្លែក"។

បើនិយាយពីគុយទាវសរសៃធំវិញ ទ្រនាប់ជាមួយពោះគោបួស ជ្រលក់ទឹកសៀង ញ៉ាំទៅមានអារម្មណ៍ថាពិតជាឆ្ងាញ់ណាស់។

បើសាកបាយសាច់ជ្រូកបួសម្ដង ប្រសិនមិនប្រាប់ថាជាសាច់ធ្វើពីគល់ផ្សិតក្រៀមទេ យើងនឹងច្រលំថាជាសាច់មែនទែន រសជាតិប្រៃផ្អែមដោយការផ្សំគ្រឿងពិសេស រសជាតិទឹកស៊ីអ៊ីវនិងទឹកជ្រលក់ bbq។

អ្នកដែលបានចូលញ៉ាំហើយ មិន​ខកបំណងអំពីរឿងរសជាតិឡើយ ពោល​គឺ​សុទ្ធ​តែ​ទទួលបាននូវបទពិសោធន៍រសជាតិល្អឥតខ្ចោះពីអាហារដ្ឋានបន្លែ។

លោក ណុច ម៉ង់ឌី ជាភ្ញៀវម្នាក់បានប្រាប់ Sabay ថា៖ "ទឹកស៊ុបឆ្ងាញ់ហើយអត់ទ្រលាន់ទៀត ខ្ញុំហុតនៅសល់តែកន្លះស្លាបព្រាទេនេះ!!"

ចំណែកអ្នកស្រី សេង សុម៉ា ជាមួយនិងគ្រួសារ ដែលជាម៉ូយប្រចាំហាងនេះ បានប្រាប់យើងដោយទឹកមុខស្រស់ស្រាយថា៖ "ខ្ញុំមកហាងនេះជាប្រចាំព្រោះខ្ញុំចូលចិត្តម្ហូបនៅទីនេះ ហើយតម្លៃក៏សមរម្យដែរ ម៉្យាងទៀតគ្រប់យ៉ាងនៅទីនេះគឺសុទ្ធសឹងធ្វើពីបន្លែ ដែលល្អសម្រាប់សុខភាពខ្ញុំនិងគ្រួសារ"។

លោក ស៊ីវ ប៉ូឡា ដែលជាម្ចាស់ហាង និងជាមេចុងភៅ បានបញ្ជាក់ប្រាប់ Sabay ថា៖ "ខ្ញុំបង្កើតអាហារដ្ឋានបួសនេះឡើង ក្នុងគោលបំណងលើកស្ទួយវិស័យបន្លែ (vegetarian) សុខភាព និង បរិដ្ឋាន"។ ដោយឡែកមេចុងភៅរូបនេះ ជ្រើសរើសយកតែផលិតផលបន្លែ និងផ្លែឈើក្នុងស្រុក ដែលជាកសិផលធម្មជាតិសុទ្ធសាធ។

មិនត្រឹមតែប៉ុណ្ណោះ ហាងបន្លែក៏ជាដៃគូសហការណ៍ជាមួយអង្គការ agrisud.int ដែលជាអង្គការមួយ លើកស្ទួយផ្នែកវិស័យកសិកម្មគ្មានជាតិគីមីនៅក្នុងខេត្តសៀមរាបផងដែរ។

លោក ប៉ូឡាបានបន្ថែមទៀតថា៖ "យើងខ្ញុំចង់អោយគ្រប់គ្នាមកទីនេះទទួលបាននូវបទពិសោធន៍រសជាតិ និងសុខភាពល្អត្រលប់ទៅវិញ. យើងខ្ញុំចង់ធ្វើជាគំរូដល់មជ្ឈដ្ឋានជុំវិញខ្លួន អោយងាកមកគិតគូរអំពីបញ្ហាសុខភាពនិងបរិស្ថាន ដោយគិតចាប់តាំងពីការមិនប្រើដបផ្លាស្ទិក រឺថង់ផ្លាស្ទិកជាដើម"។

មេចុងភៅរូបនេះបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ សុខភាពកើតចេញពីបរិដ្ឋាន និងការហូបចុក ដូច្នេះបើយើងបរិភោគអាហារដើម្បីសុខភាព យើងនឹងទទួលបានសុខភាពល្អ។

ភោជនីយដ្ឋានបន្លែមិនត្រឹមតែបើកអាហារពេលព្រឹកនោះទេ គឺមានថ្ងៃត្រង់ និងពេលល្ងាចផងដែរ។

  • អាហារពេលព្រឹកពីម៉ោង ៧.០០ព្រឹកដល់ម៉ោង១១.០០

  • អាហារថ្ងៃត្រង់ពីម៉ោង១១.០០ដល់ម៉ោង២រសៀល

  • អាហារពេលល្ងាចពីម៉ោង ៥.០០ល្ងាច ដល់ម៉ោង៩.១៥នាទីយប់

ភោជនីយដ្ឋានបន្លែមានទីតាំងស្ថិតនៅផ្លូវលេខ 26 ភូមិវត្តបូព៌ ក្រុងសៀមរាប ខេត្តសៀមរាប។

ទំនាក់ទំនងទូរស័ព្ទលេខ ០៨៥ ៣៣០ ១៦០

Facebook៖ Banlle Vegetarian Restaurant

វេបសាយ៖ www.banlle-vegetarian.com

មតិយោបល់