• 2020-06-17 05:18:37
  • សុខភាព

ជម្រះមន្ទិលរឿង គេថាក្មេងៗ ទាល់តែលេងដីខ្លះទើបសុខភាពរឹងមាំ ពិតអត់?

  • 2020-06-17 05:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាព​កុមារ ជា​រឿង​ដែល​ម៉ាក់​ប៉ា តែង​ព្រួយ​បារម្ភ​បំផុត មិន​ចង់​ឲ្យ​កូន​ឆ្លង​មេរោគ កើត​ជំងឺ, ឬទន់​ខ្សោយ​នោះ​ទេ។ គ្រប់​អាណាព្យាបាល​ទាំងអស់ តែង​ប្រយ័ត្ន​នូវ​សុខភាព​កូន​តូច​ៗ មិន​ចង់​ឲ្យ​កូន​លេង​ដី​ព្រោះ​ខ្លាច​ឆ្លង​មេរោគ ។

ប៉ុន្តែ​តាម​ពិត​ទៅ ការ​លេង​ដី​ខ្លះ អាច​ជួយ​បង្កើន​ភាព​សុំា​នឹង​មេរោគ​ដល់​កុមារ ដែល​ធ្វើ​ឲ្យ​គេ​មាន​សុខភាព​កាន់​តែ​រឹង​មាំ និង​បញ្ញា​ស្មារតី​រឹង​ប៉ឹង។ ជាមួយ​គ្នា​នេះ​ក៏​មាន​ចំណុច​ត្រូវ​ប្រយ័ត្ន​ប្រយែង​មួយ​ចំនួន​ផង​ដែរ។

តោះ​! ឥលូវ​មក​មើល​ពី​គុណសម្បត្តិ នៃ​ការ​ឲ្យ​កូនៗ លេង​ដី​ខ្លះ ដូចជា៖

១. ទទួលបានវីតាមីន D

ពេល​លេង​នៅ​ក្រៅ​ផ្ទះ ក្មេង​នឹង​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ច្រើន ដែល​ជា​ប្រភព​នៃ​វីតាមីន D ។ ពន្លឺ​ថ្ងៃ​ដែល​ល្អ​ចំពោះ​សុខភាព គឺ ​ពេល​ព្រឹក (មុន​ថ្ងៃ​ត្រង់) ឬ ពេល​រសៀល (មុន​ថ្ងៃ​លិច) ហើយ​គួរ​ត្រូវ​ពន្លឺ​ថ្ងៃ​ឲ្យ​បាន ចាប់​ពី ៥ ទៅ ១៥​នាទី រាល់​ថ្ងៃ។ នេះ​បើ​តាម​ការណែនាំ​របស់​លោក​វេជ្ជបណ្ឌិតRoizen មកពី​ World Health Organization (WHO) ។

២. ពង្រឹង​ប្រព័ន្ធភាព​ស៊ាំកុមារ

ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​លេង​នៅ​លើ​ដី អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ប្រឆាំង​នឹង​មេរោគ មិនសូវឈឺច្រើន ដែលអាច​ការពារ​គេ​មិន​ឲ្យ​ងាយ​រងគ្រោះដោយ​ការ​ឆ្លងមេរោគផ្សេងៗ , ជំងឺមហារីក, កាត់បន្ថយ​អត្រា​មរណភាព​ក្រោយ​ការវះកាត់។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក​វេជ្ជបណ្ឌិត​ដដែល​ខាង​លើ។​

៣. ជំរុញ​ការ​លូត​លាស់នៃ​ឆ្អឹង

ពន្លឺថ្ងៃ នឹង​បម្លែង​កម្រិត​វីតាមីន D អសកម្ម​ក្នុង​ខ្លួន​ ទៅ​ជា​សកម្ម​ ដែល​នឹង​ទៅ​ពង្រឹង និង​ជំរុញ​ការ​លូតលាស់នៃ​សុខភាព​ឆ្អឹង​កុមារ។ គួរ​ឲ្យ​ខ្លួន​ប្រាណ​ក្មេង​ៗ ដូចជា ដៃ ជើង និង​មុខ បាន​ត្រូវ​ពន្លឺ​ថ្ងៃ យ៉ាង​ហោច​ណាស់ ២ ទៅ ៣​ដង​ក្នុង​មួយសប្តាហ៍ (ចន្លោះ​រយៈ​ពេល ៥ ទៅ ១៥នាទី) គឺ​គ្រប់​គ្រាន់។ នេះជា​ការ​ពន្យល់​បន្ថែម ពី លោក​វេជ្ជបណ្ឌិតRoizen មកពី​ World Health Organization (WHO) ។ (ប្រភព៖ Why Sunlight Is Actually Good For You​)

៤. ភាព​រីករាយ (Healthy Mental Health)

ក្មេង​នឹង​មាន​ស្នាម​ញញឹម​កាន់​តែ​ច្រើន ដោយ​បាន​រត់​លេង នៅ​ទី​ធ្លា​ធំ​ទូលាយ ព្រម​ទាំង​មាន​ដី​ជាន់​លេង ចំណាយ​ពេល​ជាមួយ​ធម្មជាតិ និង​ព្រៃ​ឈើ ក្នុង​ខ្យល់​ឱកាស​ល្អ​បរិសុទ្ធ។ គ្រប់ជំហាន​ទាំង​នេះ​សុទ្ធ​តែ​ជា​ទុន​ដល់​ការ​ដក​ពិសោធន៍​របស់​កុមារ ចំពោះ​បរិយាកាស​ខាង​ក្រៅ ដែល​ប្រៀប​បាន​នឹង​ចំណេះ​ដឹង​ដ៏​ល្អ​មួយ​ដែរ។

៥. បង្កើន​សកម្មភាព

ធ្វើ​ឲ្យ​ក្មេង​ៗ​មាន​ភាព​សកម្ម ចង់​ស្វែង​យល់​ពី​ពិភពលោក ចាប់​ផ្ដើម​ចូល​ចិត្ត​រត់​លេង​នៅ​ខាង​ក្រៅ ស្រលាញ់​ធម្មជាតិ, ជំរុញ​ឲ្យ​គេ​ចូលចិត្ត​ធ្វើ​លំហាត់​ប្រាណ, មិន​សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ។

៦. កាត់​បន្ថយស្ត្រេស

មិន​មែន​មាន​តែ​មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​ចាស់​ទេ​ដែល​មាន​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ចិត្ត។ ប្រសិន​បើ​ក្មេង​មិន​សូវ​បាន​លេង​នៅ​ខាង​ក្រៅ​នោះ ខួរ​ក្បាល និង​រាង​កាយ​របស់​ក្មេង​នឹង​លូត​លាស់​មិន​សូវ​បាន​ល្អ​ទេ។

ដើម្បី​ឲ្យ​ពួក​គេ​លូត​លាស់ ធំ​ធាត់​ប្រកប​ដោយ​សុខភាព​ល្អ គួរ​ឲ្យ​ក្មេង​បាន​ប៉ះ​ពាល់​ទាំង​កន្លែង​កខ្វក់ ទាំង​កន្លែង​ស្អាត។ ជាមួយ​គ្នា​នេះ ក៏​មិន​ចេះ​តែ​បណ្តាយ​ឲ្យ​គេ​លេង​តាម​ចិត្ត​នោះ​ដែរ ឪពុក​ម្តាយ​គួរ​នៅ​ក្បែរ​មើល ឬ ចូល​រួម​លេង​ជាមួយ​កូន​ៗ ដើម្បី​បង្ការ​គ្រោះ​ថា្នក់​ផ្សេង​ៗ​ជាយ​ថា​ហេតុ។

ម៉ាក់​ប៉ា គួរ​ជ្រើសរើស​ទី​តាំង​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ឲ្យ​កូន​ៗ​លេង ដូច​ជា ៖

  • គួរ​ឲ្យ​កុមារ​លេង​ដី ឬ​ភក់​ណា​ដែល​ល្អ មិន​មាន​មេរោគ

  • នាំ​កូន​រៀន​ដាំ​បន្លែ ឬ ដាំ​ផ្កា ៖ មាន​ជា​ផើង​តូច​ៗ ឬ ជា​រងបន្លែ ដែល​កុមារ​អាច​ដាក់​ដាំបន្លែ ឬ​ផ្កា និង​ស្រោច​ទឹក​ មើល​ថែ​ដោយ​ខ្លួនឯង។ ពេល​បាន​ផល​ចេញ​ជា​ផ្លែផ្កា ​ពួក​គេ​នឹង​សប្បាយចិត្ត បានទាំងសុខភាព បទពិសោធន៍ និង​ចំណេះដឹង​

  • លេង​ដី​ឥដ្ឋ ៖ សូន្យ​ដី​ឥដ្ឋ​ជា​រូប​ផ្សេង​ៗ តាម​ការ​ស្រមើ​ស្រមៃ​របស់​កុមារ

  • លេង​ដី​ខ្សាច់ ៖ ពូន​ដី​ខ្សាច់​ជា​រាង​ផ្សេង​ៗ

  • តំបន់​បោះ​តង់​នៅ​ព្រៃ ឬ រមណីយដ្ឋាន​ធម្មជាតិ​ (ដែល​មាន​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​រួច​រាល់)

  • កុំ​លេង​ដី៖ នៅ​ក្បែរ​លូ, ក្បែមាត់ទឹក​ ( ខ្លាច​មាន​សត្វ ឬ រអិល​ជើង​ធ្លាក់​ទឹក ), ក្បែរ​ពេទ្យ , ដី​ដែល​មាន​លាមក​សត្វ, ដី​នៅ​តាម​ដង​ផ្លូវ ។

បន្ទាប់ពីក្មេងលេងដី ឬភក់រួច ត្រូវឲ្យកុមារលាងសម្អាតដៃ និងងូតទឹកសម្អាតខ្លួនប្រាណ ឲ្យសព្វល្អ ដោយប្រើសាប៊ូជាដាច់ខាត៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពដកស្រង់ និងកែសម្រួលចេញពី៖

lifeeducation

momspresso

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់