• 2020-12-01 07:33:00
  • សុខភាព

មិនចង់មើលទៅចាស់មុនអាយុ គួរដឹងរឿងទាំង ៥ នេះ

  • 2020-12-01 07:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកអាចបន្ថយអត្រាដែលចាស់មុនអាយុ ហើយអ្នកក៏អាចបង្កើនល្បឿនក្នុងការធ្វើឲ្យកាន់តែចាស់មុនវ័យផងដែរ ទាំងនោះគឺវាអាស្រ័យទៅលើជម្រើសដែលអ្នកជ្រើសរើសយកមកអនុវត្ត។ មានកត្តាជាច្រើនដែលជៈឥទ្ធពលធ្វើឲ្យភាពចាស់ដែលហួសពីការគ្រប់គ្រងរបស់យើងដូចជា កត្តានៃរបៀបរស់នៅ របបអាហារ ការហាត់ប្រាណ ផលប៉ះពាល់ពីការបំពុលបរិយាកាស កត្តាហ្សែន ទម្លាប់គេង និងពេលវេលាជាដើម។ ប៉ុន្តែមានវិធីជាច្រើនដែលអ្នកអាចគ្រប់គ្រងប្រព័ន្ទអាយុជីវសាស្រ្ត ឬប្រព័ន្ធ (ឌីអិនអេ DNA) កុំឲ្យមើលទៅចាស់មុនវ័យបាន៖

១. ការធ្វើលំហាត់ប្រាណ

ការធ្វើចលនាកាយសម្បទាគឺដើរតួយ៉ាងសំខាន់បំផុតក្នុងការបញ្ឈប់ឥទ្ធិពលនៃភាពចាស់។ ហេតុអ្វី? ដោយសារតែការហាត់ប្រាណនឹងជួយពង្រឹងបេះដូងជួយបញ្ចេញជាតិពុលក្នុងខ្លួន ការធ្វើចលនាជំរុញឲ្យមានចលនាឈាមរត់ល្អជំរុញការរំលាយអាហារនិងផ្តល់អត្ថប្រយោជន៍ល្អផ្សេងទៀតដែលជួយបន្ថយការរលាកក្នុងរាងកាយដែលទាក់ទងនឹងភាពចាស់និងជំងឺ។ ការស្រាវជ្រាវបង្ហាញថាការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍នឹងធ្វើឲ្យរាងកាយអ្នករឹងមាំ។ ក្នុងនោះរួមបញ្ចូលទាំងការដើរ ការរត់ ការធ្វើលំហាត់ប្រាណ ការហាត់យូហ្គា ការលេងកីឡា ឬការហាត់រាំកំសាន្តជាដើម។ អ្នកអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការធ្វើលំហាត់ប្រាណ។

២. ការជក់បារី

រឿងមួយដែលអាក្រក់បំផុតដែលអ្នកអាចធ្វើបាបសុខភាពនិងសម្រស់របស់អ្នកនោះគឺការជក់បារី វានឹងធ្វើឲ្យដំណើរការចាស់ជរាកាន់តែចាស់លឿន។ បារីមានផ្ទុកជាតិកាបូនម៉ូណូស៊ីត (ជាសារធាតុពុល) និងសារជាតិបង្កមហារីកជាង ៤.០០០ ប្រភេទ (ភ្នាក់ងារបង្កមហារីក)។ ផលប៉ះពាល់មិនល្អផ្សេងទៀតនៃការជក់បារីនោះគឺភាពជ្រីវជ្រួញនៅលើស្បែក និងអាយុកាល ដោយសារសរសៃឈាមតូចចង្អៀតកាត់បន្ថយលំហូរឈាមទៅកាន់ស្បែក។ ឥទ្ធិពលអាក្រក់មួយទៀតនៃការជក់បារីគឺថាវាធ្វើអោយអុកស៊ីសែនចុះខ្សោយនៅក្នុងឆ្អឹង (ជំងឺពុកឆ្អឹង ឬឆ្អឹងផុយ) អាចបណ្តាលអោយដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូង។ ការជក់បារីអាចបណ្តាលឲ្យជ្រុះសក់, ជំងឺស្បែករបកក្រហម, ជំងឺភ្នែកឡើងបាយ, បញ្ហាធ្មេញ, ស្បែកកក, ជំងឺហឺត, ជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺផ្សេងៗទៀត។ ទាំងអស់ខាងលើនេះអាចធ្វើឲ្យអាយុជីវសាស្ត្រ ឬប្រព័ន្ធ (ឌីអិនអេ DNA) មើលទៅចាស់ជាងអាយុតួលេខរបស់អ្នក។

អត្ថប្រយោជន៍នៃការមិនជក់បារី វាជួយកាត់បន្ថយកត្តាហានិភ័យជាច្រើនដែលទាក់ទងនឹងជំងឺដែលបណ្តាលមកពីការជក់បារី។ មិនជក់បារីឬឈប់ជក់បារីធ្វើអោយរាងកាយនិងស្បែករបស់អ្នកទទួលបានសារធាតុចិញ្ចឹម អុកស៊ីសែនគ្រប់គ្រាន់ដែលចាំបាច់សម្រាប់មើលទៅក្មេងជាងវ័យនិងមានសុខភាពល្អ។

៣. បរិភោគអាហារមានជីវជាតិល្អ

ពាក្យចាស់ពោលថា "អ្វីដែលអ្នកញ៉ាំអ្នកនឹងមុខដូចវា" ហើយការនិយាយមួយទៀតដែលមិនពិតគឺ “សម្រស់មានតែលើស្បែកប៉ុណ្ណោះ” ។ តែការពិតនោះគឺសម្រស់បានមកពីសុខភាពល្អនៃខាងក្នុងដែលបានបញ្ចេញមកខាងក្រៅលើស្បែក។ មនុស្សជាច្រើនមិនដឹងថាអាហារដើរតួយ៉ាងសំខាន់សម្រាប់សុខភាពនិងសម្រស់។ ទម្លាប់ញ៉ាំមិនល្អបណ្តាលឲ្យជះឥទ្ធិពលគ្រប់សរីរាង្គកោសិកានិងប្រព័ន្ធនៅក្នុងខ្លួន ហើយបញ្ចេញសុខភាពសម្រស់ចាស់មកខាងក្រៅ នេះមិនរាប់បញ្ចូលទាំងការឡើងទម្ងន់ផង។

ឧទាហរណ៍របបអាហារដែលមិនល្អរួមមាន៖ មាន់បំពង នំបាំងសាច់ក្រក ដំឡូងបំពង នំដូណាត់ ប៊ឺហ្គឺរ ភេសជ្ជៈកំប៉ុង ស្ករគ្រាប់ ភីហ្សា និងអាហារបំពងជាដើម។

ឧទាហរណ៍អ្វីដែលជារបបអាហារល្អ៖ សាច់គ្មានជាតិខ្លាញ់ (សាច់មាន់ត្រី) ដុតឬអាំង ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ស៊ុត តៅហ៊ូ ទឹក ដំឡូងដុត ខ្លាញ់មានសុខភាពល្អ (ប្រេងអូលីវ) ទឹកដោះគោជូរជាដើម។

ការញ៉ាំអាហារដែលមានសុខភាពល្អរាល់ថ្ងៃអាចជះឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់ទៅលើអាយុរបស់អ្នកនិងសម្រស់ឆាប់ចាស់ឬយឺត។ តែបើញ៉ាំអាហារដែលមិនល្អវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់រូបរាងរបស់អ្នកនិងបណ្តាលឲ្យអ្នកមើលទៅគួរឲ្យខ្លាច ចាស់និងឈឺ។

៤. ការទទួលយកពន្លឺព្រះអាទិត្យច្រើនពេក

ការទទួលយកពន្លឺព្រះអាទិត្យខ្លះនាព្រឹកប្រលឹមគឺល្អសម្រាប់សុខភាពព្រោះវាជាវិធីល្អបំផុតដើម្បីទទួលយកកំរិតវីតាមីនឌីសម្រាប់តម្រូវការរបស់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលយកកម្តៅថ្ងៃច្រើនពេកធ្វើឲ្យស្បែកខូចដោយសារកាំរស្មីអ៊ុលត្រាវីយូពីព្រះអាទិត្យ។ កម្តៅព្រះអាទិត្យខ្លាំងពេកអាចបំផ្លាញកោសិកាស្បែក បណ្តាលឲ្យស្បែកមានការវិវឌ្ឍន៍នៃអាយុ ប្រែជាមានស្នាមជ្រីវជ្រួញស្បែកគ្រើម ដែលជាហេតុធ្វើឲ្យអ្នកមើលទៅមានសភាពចាស់ជាងអាយុ។ ការទទួលយកកាំរស្មីអ៊ុលត្រាវីយូច្រើនពេកពីពន្លឺព្រះអាទិត្យធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកស្បែកក៏ដូចជាភាពចាស់មុនអាយុរហូតដល់ទៅ ៨០%។

ប៉ុន្តែអ្នកអាចការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូពីព្រះអាទិត្យ ដោយប្រើប្រភេទ គ្រីមការពារពន្លឺថ្ងៃ (Sunblock) វានឹងជួយការពារពីការខូចខាចដោយសារកម្តៅព្រះអាទិត្យ និងការរលាកស្បែក (Sunburn) បាន។

៥. ការទទួលទានទឹកមិនគ្រប់គ្រាន់

តើមានអ្វីកើតឡើងចំពោះទីវាលមួយប្រសិនបើវាទទួលរងគ្រោះរាំងស្ងួតក្នុងរយៈពេលដ៏យូ? ពិតណាស់វានឹងប្រែទៅជាវាលខ្សាច់មួយ អ្វីគ្រប់យ៉ាងនឹងរាំងស្ងួតឡើង។ ហើយស្មៅ ជីវិតរុក្ខជាតិនិងដើមឈើទាំងអស់នឹងស្ងួតផុយហើយផ្លាស់ប្តូរពណ៌និងងាប់។

វាប្រៀបបានដូចគ្នាទៅនឹងរាងកាយរបស់យើងដែរ រាងកាយត្រូវការការទទួលទានទឹកគ្រប់គ្រាន់ដើម្បីដំណើរការបានត្រឹមត្រូវ។ ដូចច្នេះទើបយើងត្រូវការផឹកទឹកយ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃ។ ទឹកជួយធ្វើនិយ័តកម្មប្រតិកម្មមេតាប៉ូលីសនៅក្នុងរាងកាយ រក្សាសីតុណ្ហភាពរាងកាយដើម្បីទ្រទ្រង់ប្រព័ន្ធមុខងាររបស់សរីរាង្គ និងជាលិកា។ ទឹកក៏ជួយដឹកជញ្ជូនសារធាតុចិញ្ចឹមពាសពេញរាងកាយនិងជួយបញ្ចេញកាកសំណល់និងធ្វើអោយស្បែកមានសុខភាពល្អ។

ភាពចាស់មុនអាយុកើតឡើងនៅពេលដែលអ្នកមិនទទួលទានទឹកគ្រប់គ្រាន់ក្នុងចំណោមផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀត ដោយសារតែរាងកាយបញ្ចេញជាតិទឹកឥតឈប់ឈរក្នុងមួយថ្ងៃៗ ដោយសារបែកញើស ការរំលាយអាហារ ដកដង្ហើម និងបន្តោបង់ជាដើម។ ដូច្នេះផឹកទឹកឲ្យបានច្រើននិងញ៉ាំអាហារដែលមានជាតិទឹក (ឧទាហរណ៍ផ្លែឈើទាំងមូល) ជារៀងរាល់ថ្ងៃ!

ទាំងនេះគឺជាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួនមើលទៅចាស់ជាងអាយុរបស់ពួកគេ និងអ្នកផ្សេងទៀតមើលទៅក្មេងជាងវ័យ។ ស្ថានភាពសុខភាពរបស់អ្នកជាពិសេសមានឥទ្ធិពលពីអ្វីដែលអ្នកញ៉ាំនិងផឹកជាប្រចាំថ្ងៃ។ ការទទួលទានជម្រើសរបបអាហារល្អ ៗ ជាប្រចាំ មិនជក់បារី ការធ្វើលំហាត់ប្រាណ ផឹកទឹកឲ្យបានច្រើន និងកាត់បន្ថយកម្តៅថ្ងៃ វានឹងជួយឲ្យអ្នកមានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ។ ការអនុវត្តទម្លាប់នៃការរស់នៅដែលមានសុខភាពល្អ ដែលយើងគ្រប់គ្នាអាចគ្រប់គ្រងវាបាន។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ medium ប្រែ​សម្រួល៖ Chrel Den

មតិយោបល់