- 2020-12-30 02:51:50
- ការអប់រំ
មកដឹងបទពិសោធន៍ ពីយុវជនដែលក្លាយជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត សម្រាប់និស្សិតស្នើសុំអាហារូបករណ៍នៅចិន
- 2020-12-30 02:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងបទពិសោធន៍ ពីយុវជនដែលក្លាយជាអ្នកសម្របសម្រួលស្ម័គ្រចិត្ត សម្រាប់និស្សិតស្នើសុំអាហារូបករណ៍នៅចិន
ចន្លោះមិនឃើញ
ជាអតីតនិស្សិតអាហារូបករណ៍នៅប្រទេសចិនថ្មីៗនេះ យុវជន ឆិល ភីរុន ត្រូវបានវិទ្យាស្ថានបច្ចេកទេសធំមួយនៅប្រទេសចិន ជ្រើសរើសជាអ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជា ដើម្បីជួយដល់យុវជនខ្មែរ ដែលមានបំណងស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។ វិទ្យាស្ថាននោះមានឈ្មោះថា Beijing Institute Of Technology ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។
“មែនទែនទៅសាលាហ្នឹង Level គេខ្ពស់ណាស់បង។ ទាំងប្រព័ន្ធអប់រំ និងបច្ចេកទេស នៃការបង្រៀន គឺទំនើបមែនទែន ហើយមូលហេតុ ដែលគេរើសខ្ញុំជាអ្នកសម្របសម្រួលដល់អ្នកស្នើសុំអាហារូបករណ៍ ដោយសារកន្លងមក មាននិស្សិតជាច្រើននាក់បានចូលរៀននៅសាលានេះតាមរយៈខ្ញុំ ។ ខ្ញុំមានអារម្មណ៍រីករាយ ដែលបានធ្វើការងារសង្គម”។ ភីរុន និយាយ។
ភីរុន គឺជាអតីតនិស្សិតអាហារូបករណ៍នៅសាកលវិទ្យាល័យ Beijing university of Technology និងបានបញ្ចប់ការសិក្សាកាលពីឆ្នាំមុន ហើយបានប្រលូកក្នុងការងារជាអ្នកសម្របសម្រួល ដោយមិនគិតប្រាក់កម្រៃដល់និស្សិតខ្មែរ ដែលមានបំណងទៅរៀននៅប្រទេសចិនតាំងពីខ្លួនរៀនឆ្នាំទី ១មក។ គិតមកដល់ពេលនេះ ភីរុន និងមិត្តភក្ដិបានជួយនិស្សិតខ្មែរ ទៅសិក្សានៅប្រទេសចិនមិនតិចជាងខ្ទង់រយនាក់ឡើយ។
“នេះជាបន្ទុកការងារជួយសង្គមកាន់តែច្រើនបង ប៉ុន្តែវាជាអ្វីដែលខ្ញុំចង់ចូលរួមជួយដល់សង្គមតាមអ្វីដែលខ្ញុំអាចជួយទៅបាន ព្រោះបើរំពឹងលុយដើម្បីជួយខ្ញុំគ្មានទេ មានតែកម្លាំង និងចំណេះដឹងខ្លះៗដើម្បីជួយ។ និយាយទៅមុននឹងគេសម្រេចឱ្យយើងធ្វើជាអ្នកសម្របសម្រួលគេមើលឃើញលទ្ធផលរបស់យើងដែរ ទើបគេមានទំនុកចិត្ត។ អញ្ចឹងនៅស្រុកខ្មែរមានតែខ្ញុំតែម្នាក់ទេជាអ្នកតំណាងនៅសាលាហ្នឹងតែម្តង”។
ទោះយ៉ាងណា ភីរុន បានបន្ថែម ការងារជាអ្នកសម្របសម្រួលនេះត្រូវព្យាយាមខ្លាំង អំណត់អត់ធ្មត់ច្រើន ហើយឆ្លើយចម្លើយជូនអ្នកសួរឲ្យបានច្បាស់លាស់និងមានភាពជាក់ច្បាស់មិនអាចចេះតែឆ្លើយយករួចតែខ្លួននោះទេ បើឆ្លើយឲ្យតែរួច អ្នកសួរគ្នាមិនអាចយកទៅអនុវត្តបានឡើយ។ ដូច្នេះបើដាក់ចិត្តថាធ្វើការងារនេះ ត្រូវលះបង់ពេលវេលាខ្លួនឯង និងធ្វើការដោយភាពរីករាយ មិនរំពឹងផលតបស្នងមកវិញ ទើបការងារនេះអាចទៅមុខបានដោយរលូន។ លើសពីនេះ គឺភាពម៉ត់ចត់នឹងការងារស្មោះត្រង់ជាមួយការងារ ធ្វើការក្នុងភាពអង់អាច ហើយធ្វើការជាមួយបរទេស ជាពិសេសគ្រូចិនគេមិនសូវស្គាល់បរិបថការងារប្រទេសកម្ពុជាទេ។ ត្រូវព្យាយាមរកដំណោះស្រាយឲ្យខាងចិន និងខាងកម្ពុជាអាចយល់គ្នាបាន។
ក្រៅពីវិទ្យាស្ថានខាងលើ នៅមានសាកលវិទ្យាល័យពីរ ឬបីទៀតមានបំណងឱ្យធ្វើជាអ្នកសម្របសម្រួលដែរ ពិសេសសាកលវិទ្យាល័យ Beijing university of Technology ដែលលោកធ្លាប់រៀន និងមានបំណងបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗ។
ភីរុន ក៏ស្វាគមន៍បងប្អូនទាំងអស់ ពិសេសនិស្សិតអាហារូបករណ៍ធ្លាប់សិក្សានៅប្រទេសចិនចូលរួមក្នុងកិច្ចការងារនេះ ដើម្បីអាចមកចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា កុំប្រកាន់ការងាររដ្ឋ ការងារឯកជន សំខាន់រស់លើទឹកដីកំណើត ចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនទៅមុខជានិច្ច។
លោក ភីរុន ឱ្យដឹងទៀតថា ការងារនេះខ្លួនមិនរំពឹងផលប្រយោជន៍មកតបស្នងវិញឡើយ សំខាន់យុវជនមានចិត្តធ្វើអំពើល្អៗជួយគ្នាទៅវិញទៅមកក្នុងសង្គមជាការប្រសើរបំផុត។ កម្ពុជាសម្បូរទៅដោយអ្នកចេះអ្នកដឹងប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា នោះសង្គមកម្ពុជានឹងដើរទៅមុខជានិច្ចប្រកបដោយភាពល្អផូរផង់សម្រាប់សង្គមកម្ពុជាទាំងមូល។ ការវិនិយោគដែលឈានទៅមុខឥតឈប់ឈរ មិនចេះរីងស្ងួត គឺការវិនិយោគជាមួយការសិក្សា ជាមួយនិស្សិតបញ្ញវន្តប្រកបដោយគន្លងធម៌៕