- 2021-07-08 06:21:11
- ជំនឿ
ប្រវត្តិលោកយាយម៉ៅ ពេជ្រនិល និងមូលហេតុនៃការថ្វាយលឹង្គដល់លោកយាយ
- 2021-07-08 06:21:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិលោកយាយម៉ៅ ពេជ្រនិល និងមូលហេតុនៃការថ្វាយលឹង្គដល់លោកយាយ
ចន្លោះមិនឃើញ
លោកយាយម៉ៅ គឺជាវីរៈនារីក្នុងរឿងព្រេង ដែលប្រជាជនខ្មែរមានជំនឿជឿថាជាទេវតាស័ក្តិសិទ្ធតាមបែបព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជាយើង។ លោកយាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្លាំងនិងបានធ្វើជាទីសក្ការៈនៅតាមឆ្នេរសមុទ្រ ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ជិតតំបន់ជ្រោះពេជ្រនិល និងនៅភ្នំបូកគោក្នុងខេត្តកំពតជាដើម។
មានរឿងដំណាលជាច្រើនទាក់ទិននឹងប្រវត្តិរបស់លោកយាយម៉ៅ ក៏ប៉ុន្តែពុំមានឯកសារណាមួយបង្ហាញជាក់លាក់នោះទេ រឿងទាំងនោះត្រូវបានគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយតាំងពីសម័យបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ។
តាមរឿងព្រេងដែលត្រូវបានដំណាលតៗគ្នា រឿងនេះបានកើតឡើងតាំងពីមុនសម័យអាណានិគមបារាំងមកម្លេះ ក្នុងនោះបាននិយាយថា ស្វាមីរបស់ដូនម៉ៅ ដែលជាមេទ័ព បានចេញទៅធ្វើសង្គ្រាមតាមផ្លូវសមុទ្រ ដោយសារតែនឹកស្វាមីខ្លាំងពេក នាងក៏ទៅតាមរក ហើយក៏បានមកដួលស្លាប់នៅខេត្តកោះកុង ក្លាយជាអ្នកដូន (ឆ្មាំរក្សាសមុទ្រ)។ បើតាមរឿងដំណាលផ្សេងមួយទៀត កាលពីសម័យមុន មានមេកន្ទ្រាញ ម្នាក់ ឈ្មោះជុច ត្រួតត្រាកុលសម្ព័ន្ធជនជាតិព័រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលពីមុនហៅថា ព្រៃខ្លាដំរី។ តា ជុចមានប្ញទ្ធិអំណាចខ្លាំងពូកែណាស់ ជាមនុស្សឆ្អឹងដែក ស្បែកស្ពាន់ គាត់បានរៀបការជាមួយនារីមានរូបឆោមល្អល្អះ ជនជាតិព័រម្នាក់ ឈ្មោះ ម៉ៅ (លោកយាយម៉ៅសព្វថ្ងៃ) ក្រោយមក ពេលដែលពួកគាត់ធ្វើមរណកាលទៅ បានបន្សល់ទុកទ្រព្យសម្បត្តិជាច្រើន ដោយហេតុថា ពួកគាត់គ្មានកូនបន្តពូជពង្ស ចិត្តរបស់ពួកគាត់ ក៏នៅមិនដាច់អាល័យ ក៏ចាប់ជាតិជាអ្នកតា អ្នកដូន នៅចាំយាម ថែរក្សាទឹកដីនោះ។
កាលពីមុនយើងឃើញប្រជាជនតែងយកដង្វាយទៅថ្វាយសែនជូនដូនម៉ៅ ដែលដង្វាយនោះគឺជាលឹង្គ ចំពោះការសែនលឹង្គនេះ ក៏មានរឿងដំណាលដែលថា កាលនោះនៅពេលមេទ័ពម៉ៅស្លាប់ គាត់បានប្រាប់ទៅកងទ័ពទាំងអស់ ត្រូវបន្តខិតខំការពារទឹកដី ហើយព្រលឹងរបស់គាត់នឹងតាមថែរក្សា ហើយតាមជួយកងទ័ពទាំងអស់ជានិច្ច។ ដោយការដឹងគុណ សេចក្តីគោរព កងទ័ពទាំងអស់បានធ្វើការថ្វាយលឹង្គជូនលោកយាយ (ចំពោះការថ្វាយលឹង្គក្នុងជំនាន់នោះគឺកងទ័ពទាំអនោះបានមូរស្លឹកម្លូរ ដោយឧបកិច្ចថាជាលឹង្គហើយថ្វាយជូនដល់លោកយាយ ក្រោយៗមកដល់ប្រជាជនក៏បន្តការថ្វាយលឹង្គដល់លោកយាយ (លឹង្គសិប្បនិម្មិត) លុះដល់ក្រោយៗមក ក៏មានពាក្យលេចលឺមកថា លោកយាយបានចូលសណ្ធិតក្នុងខ្លួនមនុស្ស ហើយប្រាប់ថា លោកយាយកាន់សីលហើយ ឈប់សែនលឹង្គឲ្យគាត់ទៀត សែនត្រឹមតែចេក ផ្លែឈើ អីបានហើយ។ តក្រោយមក ប្រជាជនក៏បញ្ឈប់នូវការថ្វាយលឹង្គ ហើយលឹង្គដែលធ្លាប់បានថ្វាយនោះ មានប្រហែលជា ១ពាន់លិង្គ ត្រូវបានប្រមូលកប់នៅតំបន់ក្បែរនោះ។
តាមរយៈស្នាដៃនិពន្ធរបស់លោកសេក សុផាត និងលោកស្តើង ធូរ កាលពីរវាងឆ្នាំ ១៨៦៦ អ្នកដូនម៉ៅនេះ កាចណាស់ ប្រសិនបើអ្នកណាធ្វើដំណើរកាត់តាមផ្លូវជ្រោះភ្នំពេជ្រនិល ហើយមិនបានបង្អង់ឈប់ ដើម្បីសុំសេចក្ដីសុខសប្បាយ ឬប្រព្រឹត្តចោរកម្មផ្សេងៗ អ្នកដូននឹងធ្វើជាហេតុផ្សេងៗ មានជម្ងឺដម្កាត់ ឬមើលផ្លូវដែលត្រូវធ្វើដំណើរមិនឃើញ ដែលអាចបណ្តាលឲ្យបើកខុសផ្លូវ មានគ្រោះថ្នាក់ដល់ជីវិត។ មួយវិញទៀត បើអ្នកណា មានគំនុំ ចង់ព្យាបាទអ្នកដទៃទៅធ្វើការបន់សុំឲ្យអ្នកដូនជួយទៅបង្ក្រាបគូរសត្រូវរបស់ខ្លួន ដោយសន្យាថាបើបានសម្រេចដូចការបន់នឹងថ្វាយដង្វាយជូនភ្លាម អ្នកដូន ក៏កាច់បុគ្គលដែលមានគំនិតអាក្រក់នោះទាន់ហន់ភ្លាមៗនៅកន្លែងបន់ស្រន់នោះតែម្តង។
ដោយហេតុតែកាចសាហាវយ៉ាងនេះហើយ ទើបបារាំងសែស (ក្នុងសម័យអាណានិគមបារាំងរវាងឆ្នាំ ១៩០០) បានទៅបាញ់ទីសក្ការៈអ្នកដូននោះម្ដង។ តាំងពីពេលនោះមក អ្នកដូននេះ ក៏ថយអានុភាពបន្តិច។ ក្នុងរវាងឆ្នាំ ១៩៤០ ជំនាន់ជប៉ុនចូលស្រុក បានកេណ្ឌប្រជាពលរដ្ឋចំណុះខែត្រកំពត ឲ្យទៅជីកលេណដ្ឋាន នៅត្រង់ថ្នល់បត់ភ្នំទ្វារកំពតនោះ។ ពលករទាំងនោះ បានទៅធ្វើបរិវេណទីសក្ការៈនោះឲ្យស្មោកគ្រោក មានបន្ទោរបង់មូត្រ លាមកជាដើម ដោយការខឹងនឹងអំពើរបស់អ្នកទាំងនោះ អ្នកដូនក៏ធ្វើឲ្យមានជម្ងឺ ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះមានជំងឺឈឺតាំងពីកន្លែងកាប់ដីនោះមក ស្លាប់អស់ជាច្រើននាក់។ អ្នកខ្លះបានមកដល់ផ្ទះ ទើបចាប់មានជំងឺក៏មាន ស្លាប់រង្គាលចោលប្រពន្ធ ឲ្យនៅមេម៉ាយគគោក រហូតទាល់តែបាននាមថា "មេម៉ាយជំនាន់ជប៉ុនកេណ្ឌ" ។ ដោយឃើញហេតុការស្ដែងយ៉ាងនេះ បានធ្វើឲ្យអ្នកស្រុក ទាំងខ្មែរ ចិន យួន ចាម ជ្វា បាក់បបខ្លបខ្លាចឥតឧបមា។
បារមីលោកយាយម៉ៅ នៅតែមានឥទ្ធិពលមកដល់ពេលសព្វថ្ងៃនេះ ដែលធ្វើឲ្យអ្នកដំណើរដែលបរឆ្លងកាត់ ត្រូវតែបង្អង់ឈៀង ឈប់ចូលអុជធូប ដើម្បីសុំសេចក្តីសុខ ដោយខានតែបាន ជំនឿ និងភាពសាកសិទ្ធរបស់លោកយាយនៅតែបន្តមានក្នុងចិត្តកូនចៅខ្មែរគ្រប់ៗគ្នា ៕
ប្រភព ៖ Khmer Heroes, Kampuchea Krom Community: Yeay [or Grandma] Mao, visitors travel to seacoast Sihanoukville and Kampong Som province must stop to pay respect.. Link retrieved on 2nd Feb 2009. Seik Sopat and Sadang Tuo: Collection of Cambodian Traditions (ប្រជុំរឿងព្រេងខ្មែរ), pp.78,79,80,81