- 2021-08-16 07:15:22
- ព័ត៌មាន
មកដឹងអំពីការយកនិមិត្តរូបនៃតួនាទីសត្វតោថ្ម មកតាំងលម្អក្នុងទស្សនៈជំនឿរបស់ដូនតាខ្មែរ
- 2021-08-16 07:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអំពីការយកនិមិត្តរូបនៃតួនាទីសត្វតោថ្ម មកតាំងលម្អក្នុងទស្សនៈជំនឿរបស់ដូនតាខ្មែរ
ចន្លោះមិនឃើញ
បុព្វបុរសខ្មែរបានចាត់ទុករូបចម្លាក់សត្វតោ សត្វខ្លា សត្វដំរី ជាដើម គឺជាសត្វព្រៃដែលមានភាពកាចសាហាវ មានកម្លាំងខ្លាំងក្លា មាំមួន និងមានភាពអង់អាចក្លាហាន។ ពិសេសក្នុងទស្សនៈខ្មែរសត្វតោ ជានិមិត្តរូបនៃអំណាច ដែលជួយបណ្តេញឧបទ្រពចង្រៃ ជាសត្វតំណាងឲ្យនិមិត្តសញ្ញានៃឥទិ្ធពលមានមកពីធម្មជាតិ គួរឱ្យកោតខ្លាច លាយឡំជាមួយការគោរពផងដែរ។ យោងតាមឯកសារខ្លះបានបង្ហាញថា ចម្លាក់តោថ្មគេដឹងថា មានអាយុកាលដំណាលនឹងប្រាង្គប្រាសាទបុរាណ ព្រោះគេឃើញមានចម្លាក់តោថ្មមួយគូនៅមុខក្លោងទ្វានៃប្រាសាទ។ តើនិមិត្តរូបនៃតួនាទីសត្វតោថ្ម មានន័យដូចម្តេចដែរ?
បើតាមការពន្យល់នៅក្នុង វចនានុក្រមខ្មែរបានឲ្យដឹងថា «តោ គឺសិង្ហ ឬសីហៈ» គេសំរាប់ដាក់ខាងមុខក្លោងទ្វាប្រាសាទ ដែលប្រជាជនយើងមានទម្លាប់ហៅថា សិង្ហតោ ក៏មាន។ ក្រៅពីនេះចម្លាក់តោថ្ម ដែលបន្តមកដល់បច្ចប្បន្ននេះគេឆ្លាក់ជាតោស៊ីម៉ងត៍ គេច្រើនយកទៅដាក់នៅកន្លែងបូជនីយដ្ឋានដូចជាចេតីយ៍ជាដើម។ គោលបំណងដែលជាទស្សនៈរបស់ដូនតាខ្មែរ គឺមិនត្រឹមតែទុកចម្លាក់តោ តាំងដើម្បីលម្អ ប្រាង្គប្រាសាទ ឬចេតីយ៍ប៉ុណ្ណោះទេ វាក៏ជានិមិត្តរូបនៃគំនិតថែរក្សាការពារកន្លែងដ៏សក្តិសិទ្ធិទៀតផង។ បានសេចក្តី ថាបើកន្លែងណាមានភាពពិសិដ្ឋ ទើបមានវត្តមានតោ។
តោ ឬសិង្ហ ជាស្តេចសត្វដែលមានអំណាច គួរឲ្យស្ងប់ស្ញែង ហើយដែលសក្តិសមនិង សមត្ថភាព ដ៏ប្រសើរក្នុងការ ការពារកន្លែងដ៏សក្តិសិទ្ធិបាន។ ទើបក្នុងឧត្តមគតិបុព្វបុរសបានជ្រើសរើសសត្វតោ ដែលមានចម្លាក់ថ្មជានិមិត្តរូបនេះឲ្យនៅយាមការពារប្រាង្គប្រាសាទដ៏ប្រសើរ។ ទីកន្លែងដែលគេតែងមានរូបដាក់ចម្លាក់ សត្វតោ នៅមុខផ្ទះឬនៅចំខ្លោងទ្វារប្រាសាទ ខ្លោងទ្វារវត្តអារាម ខ្លោងទ្វារផ្ទះសម្បែង ឬអាគារផ្សេងៗជាដើម ខ្មែរមានជំនឿថា មិនដែលមានអ្វីមកហ៊ានចូលទៅក្បែរ បង្កជាឧបសគ្គ និងយាយីឡើយ។ ជំងឿឯទៀតថា យកចង្កូមរបស់សត្វតោ មកស្រោបធ្វើជាបន្តោងខ្សែកពាក់ ឬបន្តោងរូបនោះ ដើម្បីការពារខ្លួនឱ្យចៀសផុតពីភាពចង្រៃផ្សេងៗ ដូចជា ខ្មោច ព្រាយ បិសាច ជាដើម។
គំនិតរបស់ខ្មែរបុរាណមួយផ្សេងទៀតយល់ថា នរណាដែលមានសាក់ជាសញ្ញារូបតោ ឬសត្វខ្លាអ្នកនោះ ប្រៀបដូចជាសត្វទាំងពីរនេះជាមិនខាន ហើយជួយឱ្យអ្នកមានចិត្តស្រាល ឬទន់ខ្សោយ ប្រែក្លាយជាមនុស្សមានចិត្តអង់អាចក្លាហាន និងស្វាហាប់។តាមរយៈរូបចម្លាក់តោថ្ម គឺជានិមិត្តរូបនៃមហិទ្ធិឬទ្ធិ និងសេចក្តីក្លាហានអង់អាចមោះមុត ព្រោះគេឃើញថា តោហាមាត់តាមបែប បញ្ចេញសម្លេងគ្រហឹម និងបញ្ចេញចង្កូមព្រមទាំងធ្មេញ ហើយក៏មានភ្នែក សម្លក់លៀនត្លែបែរមុខ ទៅរកសត្រូវដែលមានបំណងមកអុកឡុករំខានវិមានទេវៈ។ លើសពីនេះទៀត បើសម្លឹងមើលឥរិយាបថ គឺស្ទើរអង្គុយ និងស្ទើរឈរ។ បានសេចក្តីថា តោបានអង្កួញខ្លួនក្នុងឥរិយាបថត្រៀមលោតហក់ខាំក្រញិច ឬគេនិយាយថាតោ អង្គុយស្ទើរក្រាប ហើយកាលណាក្រាបវាតែងមានការហក់ឲ្យខ្ពស់ ដូចពាក្យចាស់និយាយថាៈ ឃើញខ្លាក្រាប កុំថាក្លាសំពះ គឺខ្លាក្រាបនេះដើម្បីស្ទុះឡើងឲ្យខ្លាំងក្នុងការប្រយុទ្ធទៅវិញទេ។
ទាំងទឹកមុខតោគួរឲ្យខ្លាចញញើតស្ញប់ស្ញែង ថែមទាំងឥរិយាបថតោបង្ហាញពីការវាយប្រយុទ្ធខ្ពស់ នោះ ហើយដែលជាតំណាងឲ្យឆន្ទៈបុព្វបុរសខ្មែរ ក្នុងការថែរក្សាការពារ មរតកវប្បធម៍ជាតិ ក៏ដូចជា ការពារទឹក ដី ជាតិសាសនា ព្រះមហាក្សត្របានគង់វង្ស និងមានសុខសន្តិភាព សុវត្ថិភាពជាស្ថារពទៅ។ ដូនតាខ្មែរបានចាត់ទុកការកសាង ការពារ ឲ្យនៅជាមួយគ្នា ព្រោះបើមានតែការកសាង ហើយពុំបានការការពារនោះ ប្រាកដជាសម្ធិផលដែលបាន កសាងចេញជារូបរាងហើយនោះត្រូវវិនាសបាត់បង់ទៅវិញជាធម្មតា។
ដូចនេះចម្លាក់តោថ្ម គឺជានិមិត្តរូបនៃការ ការពារដ៏មុះមុត និងអង់អាចក្លាហានដ៏អស្ចារ្យដើម្បីទប់ទល់នឹងខ្មាំងសត្រូវឈ្លានពានទឹកដី។ ដោយប្រាង្គប្រាសាទនីមួយៗជាតំណាងប្រទេស ឬតំណាងឲ្យសម្ថភាពជាតិ និងព្រលឹងជាតិ ដែលមានការអភិវឌ្ឃឡើងយ៉ាងលំបាកលំបិនក្រៃលែងគ្រប់ស្ថាប័នទាំងអស់។ ដូចនេះក្នុងស្មារតីថែរក្សាប្រុងប្រយ័ត្ន ដ៍ខ្ពស់គឺមានតែការ ការពារឲ្យបាន មុតមាំប៉ុណ្ណោះ ទើបចាត់ផុតពីគ្រោះមហន្តរាយ។
ក្នុងការសង្ខេបតាមន័យពិចារណាចុងក្រោយថាៈ តោថ្មការពារប្រាង្គប្រាសាទបុរាណខ្មែរ គឺជានិមិត្តរូបនៃ កងទ័ព្វជាតិ ការពារជាតិ និងទឹកដី ព្រមទាំងសំណង់វប្បធម៍ជាតិ ប្រកបដោយទឹកចិត្តអង់អាចក្លាហានមោះមុត ប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានទឹកដីលុះត្រាដណ្តើមបាន ជ័យជំនះជូនជាតិជាស្ថាពរ៕