• 2022-01-10 09:03:15
  • ព័ត៌មាន

សប្បាយ​ជិះហ្មង! ផ្លូវ​សម្រាប់អ្នកជិះកង់ដ៏ស្រស់ស្អាតនៅខេត្តសៀមរាប ត្រូវបានកសាងរួចរាល់ជាស្ថាពរហើយ!

  • 2022-01-10 09:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ចប់ការសាងសង់១០០% បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកខេត្តសៀមរាបបានសាទរអំពីសមទ្ធិផលដ៏ត្រចះត្រចង់មួយនេះ។ទន្ទឹមនឹងការសាទរនេះ យើងសង្កេតថាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបនោះទៀតសោតត្រូវបានរៀបចំតាមបែបស្តង់ដារអន្តរជាតិ ដោយមានផ្លូវសម្រាប់អ្នកជិះកង់នៅលើដងវិថីយ៉ាងស្រស់ស្អាតផងដែរ ពោលគឹ ភ្ញៀវទេសចរ អ្នកជិះកង់គ្រប់គ្នាជិះនៅតាមគន្លងកង់របស់ខ្លួន កម្សាន្តលំហែរស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនីយ៍ភាពធម្មជាតិ បា្រង្គប្រាសាទបុរាណ នៅតំបន់អង្គរបានយ៉ាងសប្បាយរីករាយដោយគ្មានការរំខាននិងមិនចាំបាច់បារម្ភអំពីគ្រោះថ្នាក់ទៀតនោះឡើយ។

គួរបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ នេះបានបញ្ចប់ការសាងសង់១០០% ហើយបច្ចុប្បន្ននៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ ដោយផ្លូវនេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕

ប្រភព៖ក្រសួងសារធារណការនិងដឹកជញ្ជូន \

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់