- 2022-06-15 02:07:55
- ព័ត៌មាន
រដ្ឋមន្ត្រីកសិកម្ម កោតសរសើរកសិករម្នាក់នៅស្រុកថ្មគោល និងលើកចិត្តកសិករផ្សេងទៀតយកជាគំរូរ
- 2022-06-15 02:07:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីកសិកម្ម កោតសរសើរកសិករម្នាក់នៅស្រុកថ្មគោល និងលើកចិត្តកសិករផ្សេងទៀតយកជាគំរូរ
ចន្លោះមិនឃើញ
ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានកោតសរសើរម្នាក់រស់នៅស្រុកថ្មគោល និងបានលើកទឹកចិត្តឲ្យកសិករខ្មែរផ្សេងទៀត យកជាគំរូរ ក្រោយឃើញកសិកររូបនោះ មានកម្រិតជីវភាពល្អប្រសើរដោយសារការធ្វើដំណាំរួមផ្សំជុំវិញផ្ទះ។
កសិករខាងលើមានឈ្មោះ ឡាយ ជីវ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល។ លោកពូ បានប្រកាន់យករបបដាំក្រសាំងទាប និងជីថ្ពាល់ត្រី បន្ទាប់ពីដំណាំស្រូវ គ្រាន់ជាប្រភពចំណូលបន្ថែម។ តាមឯកឧត្តមរដ្ឋមន្ត្រី ជាមធ្យម កសិករ ឡាយ ជីវ អាចរកចំណូលបាន ២,៥លានរៀលក្នុង ១ខែ។ តួលេខនេះ ឯកឧត្តមថា មានចំណូលល្អជាងដំណាំស្រូវទៅទៀត។
នៅក្នុងភូមិរបស់លោកពូ ឡាយ ជីវ មានដំណាំរួមផ្សំផ្សេងទៀតដូចជាចេក បន្លែ ជី ក្រូចឆ្មា និងមាន់ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ត្បិតថា មានកូនក្នុងបន្ទុក ៩នាក់ ខ្លះជាគ្រូបង្រៀន កំពុងសិក្សា និងបម្រើការក្នុងរោងចក្រ ប៉ុន្តែគ្រួសាររបស់កសិករគំរូររូបនេះ មានជីវភាពល្អប្រសើរ។ បែបនេះហើយ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគាំទ្រ ឲ្យលោកពូខិតខំបន្តទៀត ទាន់មានឱកាស ដើម្បីលើកកម្ពស់កម្រិតជីវភាព ក្នុងបរិបទដែលប្រទេសទើបងើបចេញពីវិបត្តិជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រី ក៏សុំឲ្យកសិករផ្សេងទៀត ដែលធ្វើតែស្រែ គួរយកលោកពូ ឡាយ ជីវ ជាគំរូ គឺត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ និងត្រី ដើម្បីជួយកាត់ បន្ថយការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នា ឯកឧត្តមគូសបញ្ជាក់ថា មន្ទីរកសិកម្ម ត្រូវជំរុញ លើកទឹកចិត្ត និងគាំទ្របន្ថែមលើការងារបច្ចេកទេស និងផ្គត់ផ្គង់ធាតុចូលកសិកម្មតាមរយ:គម្រោង ឬកម្មវិធីផ្សេងៗ ដែលស្ថិតនៅក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមលើកឡើងថា ការជួយជាគំនិត និងបច្ចេកទេស គឺជាដើមទុកយ៉ាងសំខាន់សម្រាប់ប្រជាកសិករយើងពង្រឹង និងពង្រីកមុខរបរឲ្យកាត់តែរឹងមាំ និងនិរន្តរភាព៕