• 2024-06-05 11:49:51
  • ព័ត៌មាន

ម៉ិកស៊ីកូ​មានប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ការ​បោះឆ្នោតឆ្នាំ២០២៤នេះ

  • 2024-06-05 11:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសម៉ិកស៊ីកូ​បាន​រក​ឃើញ​ប្រធានាធិបតី​ស្ត្រី​លើក​ទីមួយ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រមាណ​ជា​ជាង ២០០ឆ្នាំ​របស់​ខ្លួន នៅ​ក្នុង​ការ​បោះឆ្នោតប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ២០២៤នេះ។

បើ​តាម​ការព្យាករណ៍​លទ្ធផល​នៃ​ការបោះឆ្នោតម៉ិកស៊ីកូកាលពីថ្ងៃអាទិត្យ​កន្លង​ទៅ អ្នកស្រី Claudia Sheinbaum បាន​ឈ្នះការបោះឆ្នោត​នេះ​ជាមួយ​នឹង​លទ្ធផល​ប្រមាណពី ៥៨ ទៅ ៦០ភាគរយ។ គូប្រជែងរបស់អ្នកស្រី​មាន ២រូប​រួម​មាន អ្នកស្រី Xóchitl Gálvez ដែលបានលទ្ធផល​ឆ្នោត ២៦ ទៅ ២៨ ភាគរយ និងលោក Jorge Álvarez Máynez ដែល​អាចបាន​សម្លេងឆ្នោត​ប្រមាណ ៩ ទៅ ១០ភាគរយ។

តាមពិតទៅ គេដឹង​ថា​ប្រទេសអាមេរិកឡាទីន​មួយ​នេះ​មាន​ប្រធានាធិបតី​ស្ត្រី​តាំង​ពី​ថ្ងៃ​អាទិត្យ​មកម្ល៉េះ​ ដោយសារ​តែ​បេក្ខជន​ប្រធានាធិបតី​ឈាន​មុខ ២រូប​គឺជា​មនុស្ស​ស្រី។

អ្នកស្រី Sheinbaum ជាអតីតអភិបាល​ក្រុងម៉ិកស៊ីកូ ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​នេះ។ អ្នកស្រី​ក៏​ជា​អ្នកវិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​រឿង​អាកាសធាតុ​ផង​ដែរ។ អ្នកស្រី​ជា​មេដឹកនាំ​នៃ​គណបក្ស​កាន់អំណាច Morena ដែល​ជា​គណបក្ស​និយម​ឆ្វេង។ គណបក្ស​ដែល​មាន​និន្នាការ​បែប​នេះច្រើន​តែយល់ថា រដ្ឋាភិបាលមានតួនាទីច្រើននៅក្នុងការដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ច ដូចជាការផ្ដល់​នូវ​ប្រាក់ឧបត្ថម្ភ​ទំនុកបម្រុងដល់​ប្រជាជន​ខ្សត់ខ្សោយ​ជា​ដើម។

ម៉ិកស៊ីកូ​នៅ​ពេល​នេះ​ដឹកនាំ​ដោយ​លោក Andrés Manuel López Obrador ដែល​លោក​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​តាំង​ពី​ឆ្នាំ២០១៨។ អ្នកស្រី Sheinbaum នឹង​ចូល​កាន់​តំណែង​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ នៅ​ប្រទេស​នេះ ប្រធានាធិបតី​មាន​អាណត្តិ ៦ឆ្នាំ ហើយ​មិនមាន​សិទ្ធិ​ឈរ​ឈ្មោះ​បន្ត​ទៀត​ទេ។

ម៉ិកស៊ីកូ​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ១៨២១។ តាំងពីពេលនោះមក ប្រទេស​នេះ​មាន​ប្រធានាធិបតី​ចំនួន ៦៥រូបមកហើយ៕

ប្រភព៖ AP News អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី