• 2024-06-07 14:07:07
  • ព័ត៌មាន

មក​ស្គាល់​ប្រមុខ​រដ្ឋ/ រដ្ឋាភិបាល​ស្ត្រី​សម័យទំនើប​នៅ​អាស៊ីអាគ្នេយ៍

  • 2024-06-07 14:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ម៉ិកស៊ីកូ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ២០០ឆ្នាំ​របស់​ខ្លួន។ នៅ​ថ្ងៃ​នេះ​ដែរ Sabay ចង់​បង្វែរ​ចំណាប់​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​មេដឹកនាំ​ស្ត្រី ដែល​កាន់​តំណែង​ជា​ប្រមុខរដ្ឋ ឬ ប្រមុខ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជាតំបន់​ភូមិផង​របង​ជាមួយ​កម្ពុជា​នៅ​ក្នុង​សម័យ​ទំនើប។

១- កូរ៉ាហ្សន អាគីណូ (Corazon Aquino) ប្រធានាធិបតី​ហ្វីលីពីន (១៩៨៦-១៩៩២)

អ្នកស្រី​ អាគីណូ បាន​ជាប់​​ឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ១៩៨៦ ក្រោយ​ពេល​ដែល​ប្រទេស​មួយ​នេះ​រស់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកហ្វើឌីណង់ ម៉ាកូស​ អស់​រយៈពេល​ប្រមាណ ២០ឆ្នាំ​ពី​ឆ្នាំ១៩៦៥ ដល់​ឆ្នាំ១៩៨៦។ អ្នកស្រី​អាគីណូ ត្រូវ​បាន​គេ​ចាត់​ទុក​ជា «មាតា​ប្រជាធិបតេយ្យ» នៃ​ប្រទេស​ហ្វីលីពីន។

២- ហ្គ្លូរី អារីយ៉ូ (Maria Gloria Macaraeg Macapagal Arroyo) ប្រធានាធិបតី​ហ្វីលីពីន (២០០១-២០១០)

អ្នកស្រី អារីយ៉ូ បាន​ឡើង​ធ្វើ​ជា​ប្រធាន​ហ្វីលីពីន​នៅ​ឆ្នាំ២០០១ បន្ទាប់​ពី​លោក ចូសេហ្វ អេស្ត្រាដា លាលែង​ចេញ​ពី​តំណែង​ ក្រោយ​មាន​រឿង​ក្ដីក្ដាំ​ពុករលួយ។ អ្នកស្រី​ជា​អនុ​ប្រធានាធិបតី​របស់​លោក អេស្ត្រាដា ដែល​ជាប់​ឆ្នោត​នៅ​ឆ្នាំ១៩៩៨ ដូច្នេះ​ហើយ ពេល​លោក​លា​ចេញ​ទៅ អ្នកស្រី​ជា​អ្នក​កាន់​បន្ត រហូត​ដល់​ចប់​អាណត្តិ​ ៦ឆ្នាំ នៅ​ឆ្នាំ២០០៤។ លុះ​នៅ​ឆ្នាំ២០០៤ អ្នកស្រី​បាន​ឈរ​ឈ្មោះជា​ប្រធានាធិបតី និង​ជាប់​ឆ្នោត​ជាប់​ធ្វើ​ជា​ប្រមុខរដ្ឋ​ប្រទេស​នេះ​បាន ៦ឆ្នាំ​ទៀត រហូត​ដល់​ឆ្នាំ២០១០។

៣- មេហ្គាវ៉ាទី ស៊ូកាណូពុទ្រី (Megawati Soekarnoputri) ប្រធានាធិបតី​ឥណ្ឌូនេស៊ី (២០០១-២០០៤)

អ្នកស្រី​ មេហ្គាវ៉ាទី ជា​កូនស្រី​របស់​មេដឹកនាំ​ទី​១ឥណ្ឌូនេស៊ី លោក ស៊ូកាណូ ដែល​ជា​បុគ្គល​មួយរូប​ដឹកនាំ​ប្រទេស​នេះ​ឱ្យ​បាន​ឯករាជ្យ​ពី​ហុល្លង់។ អ្នកស្រី​បាន​ជាប់​ឆ្នោតជា​អនុ​ប្រធាន​ប្រទេស​នេះ​នៅ​ឆ្នាំ១៩៩៩ ដោយ​មាន​លោក អាប់ឌូរ៉ាម៉ាន វ៉ាហ៊ីដ ជា​ប្រធានាធិបតី។ យ៉ាងណាមិញ នៅ​ពេល​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​នៅ​ឆ្នាំ២០០១ លោក​អាប់ឌូរ៉ាម៉ាន វ៉ាហ៊ីដ បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី​រំលាយ​សភា​ឥណ្ឌូនេស៊ី ប៉ុន្តែ​សមាជិក​សភា​ឥណ្ឌូ​បាន​នាំ​គ្នា​បង្កើត​ សភា​ប្រឹក្សាយោបល់​ប្រជាជន ហើយ​ដក​តំណែង​លោក វ៉ាហ៊ីដ តែ​ម្ដង។ ដោយសារ​តែ​ការ​ដក​តំណែង​នេះ​ហើយ ទើប​​អ្នកស្រី មេហ្គាវ៉ាទី បាន​ឡើង​កាន់​ជា​ប្រធាន​ឥណ្ឌូនេស៊ីនៅ​ឆ្នាំ២០០១។ ទោះ​ជា​បែប​នេះ​ក្ដី អ្នកស្រី​បាន​ចាញ់​ឆ្នោត​នៅ​ឆ្នាំ២០០៤ ដោយ​លោក ស៊ូស៊ីឡូ បាមបាំង យូដូយូណូ​ជា​អ្នក​ទទួល​ជ័យជម្នះ។

៤- យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​ថៃ (២០១១-២០១៤)

អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បាន​ឡើង​ធ្វើ​នាយក​ថៃ​នៅ​ឆ្នាំ២០១១ បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​សកល​មួយ ក្រោយ​មាន​វិបត្តិ​នយោបាយ​នៅ​ស្រុក​ថៃ​។ ដោយ​វិបត្តិនយោបាយ​ថៃ​នៅ​តែ​បន្ត រហូត​ដល់​មាន​ចលាចល​ខ្លាំង​នៅ​ឆ្នាំ២០១៣-១៤ អ្នកស្រី​ត្រូវ​បាន​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ខែ​ឧសភា ឆ្នាំ២០១៤។

៥- ហាលីម៉ា យ៉ាកុប (Halimah Yacob) ប្រធានាធិបតី​សិង្ហបុរី (២០១៧-២០២៣)

អ្នកស្រី យ៉ាកុប បាន​ជាប់​ជាប្រធានាធិបតី​សិង្ហបុរី​នៅ​ឆ្នាំ២០១៧ នៅ​ក្នុង​ការ​បោះឆ្នោត​មួយ ដែល​មាន​បេក្ខជន​ប្រធានាធិបតី​ស្របច្បាប់​​តែ​មួយ​រូប​គត់។ សិង្ហបុរី​ជា​ប្រទេស​ដែល​មាន​ជនជាតិ​ធំៗ ៣ គឺ ចិន ម៉ាឡេ និង​ឥណ្ឌា តែ​តំណែង​ប្រធានាធិបតី​សិង្ហបុរី​នៅ​មុន​ឆ្នាំ២០១៧ សុទ្ធ​តែ​ជា​ជនជាតិ​ចិន ឬ ឥណ្ឌា។ ដូច្នេះ​ហើយ នៅ​ឆ្នាំ២០១៧ សិង្ហបុរី​ចង់​ឱ្យ​មាន​ប្រធាន​មក​ពី​ជនជាតិ​ម៉ាឡេ។ មាន​បេក្ខជន​ម៉ាឡេ​មួយ​ចំនួ​នបាន​ដាក់​ពាក្យ​មក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី តែ​មាន​តែ​អ្នកស្រី យ៉ាកុប​ ប៉ុណ្ណោះ ដែល​សមស្រប​តាម​តម្រូវការ​របស់​គណៈកម្មាការរៀបចំ​ការ​បោះឆ្នោត​សិង្ហបុរី។

៦- ដាង ធី ង៉ុក ធិញ (Đặng Thị Ngọc Thịnh) ប្រធានាធិបតី​ស្ដីទី​វៀតណាម (២០១៨)

អ្នកស្រី ដាង ធី ង៉ុក ធិញ បាន​ធ្វើ​ជា​ប្រធានស្ដីទី​វៀតណាម​ចំនួន ៣២ថ្ងៃ នៅ​ខែ​កញ្ញា ដល់​ខែ​តុលា ២០១៨ ក្រោយ​ពី​ការ​ស្លាប់​របស់​លោក ជិន ដៃ ក្វាង ដែល​ជា​ប្រធានាធិបតី​វៀតណាម​នៅ​កាល​នោះ។ អ្នកស្រី​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បង្អស់​នៅ​វៀតណាម។ អ្នកស្រី​ក្រោយ​ពី​គេ​រើស​បាន​ប្រធានាធិបតី​វៀតណាម​ពេញ​សិទ្ធិ​ហើយ បាន​ត្រលប់​មក​ធ្វើ​ជា​អនុប្រធានាធិបតី​វិញ​រហូត​ដល់​ឆ្នាំ២០២១។

៧- វ៉ូ ធីអាញ់សៀន (Võ Thị Ánh Xuân) ប្រធានាធិបតី​ស្ដីទី​វៀតណាម (២០២៣ និង​២០២៤)

អ្នកស្រី​វ៉ូ ធីអាញ់សៀន ធ្វើ​ជា​ប្រធាន​ស្ដីទី​វៀតណាម​បាន ៤៣ថ្ងៃ​នៅ​ឆ្នាំ២០២៣ បន្ទាប់​ពី​លោក ង្វៀន សួនហ្វ៊ុក​ លា​លែង​ចេញ​តំណែង និង ៦២ថ្ងៃ បន្ទាប់​ពី លោក វ៉ូ វ៉ាន់ថួង លាលែង​នៅ​ឆ្នាំ២០២៤។ ដូច​នឹង​អ្នកស្រី ធិញ ដែរ អ្នកស្រី សៀន បាន​ត្រលប់​មក​ធ្វើ​ជា​អនុប្រធានាធិបតី​វិញ បន្ទាប់​ពី​គេ​រើស​ប្រធានាធិបតី​ពេញសិទ្ធិ៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី