• 2015-08-13 14:00:59
  • ការអប់រំ

មិន​សូវ​​គាំទ្រ​ពី​គ្រួសារ តែ​ជៀប ស៊ីបូរ៉ា ថា នឹង​បើកហាង​តុក្កតា​ខ្មែរ​ឱ្យ​បរទេស​ស្គាល់​ខ្មែរ

  • 2015-08-13 14:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកខេត្តសៀមរាប ជៀប ស៊ីបូរ៉ា ជា​យុវជន​ខ្មែរ​ទីមួយ ដែល​​បាន​ច្នៃ​រូប​តុក្កតា​ជ័រ​​ (Barbie) ស្លៀក​ពាក់​សិចស៊ី តាម​របៀប​បរទេស ទៅ​ជា​រូប​នារី​អប្សរា​ នារី​របាំ​បែប​ខ្មែរដ៏ទាក់ទាញ ឆក់​​យក​ចិត្ត​បរទេស និង អាណិកជន​ខ្មែរ​នៅ​ក្រៅ​ស្រុក ប៉ុន្តែ​​ទោះ​ជា​បែបនេះ​​ក្ដី ក្រុម​គ្រួសារ​របស់យុវជន​រូបនេះ មិន​សូវ​ជា​គាំទ្រ​ប៉ុន្មាន​ទេ។ យ៉ាងណា​ក្ដី អ្នក​រស់​នៅ​ក្នុង​ទឹកដី​អង្គរ ខេត្ត​រៀបរាម​ប្រាប់​ថា រូបគេ​ប្ដេជ្ញា​នឹង​បើក​ហាង​តុក្កតា Barbie ឈុត​ខ្មែរ ឱ្យ​បាន ដើម្បី​ឱ្យ​បរទេស​​លើ​សកលលោក ​ស្គាល់​ខ្មែរ​កាន់​តែ​ច្បាស់។

 

មិន​សូវ​មាន​ការ​គាំទ្រ​ច្រើន​ពី​គ្រួសារ មិន​ទាន់​មាន​លទ្ធភាព និង​ គ្មាន​ពេលវេលា​គ្រប់គ្រាន់ ស៊ីបូរ៉ា មិន​ទាន់​ច្នៃ​រូប​តុក្កតា Barbie ឈុត​ខ្មែរ ឱ្យ​​ចេញ​ជា​រូបរាង​ធំដុំ​នៅ​ឡើយ​ទេ ប៉ុន្តែ​​បច្ចុប្បន្ន​យុវជន​រូប​នេះ កំពុង​តែ​សន្សំ​លុយ​បណ្ដើរៗ ក្រែង​ថ្ងៃ​ណា​មួយ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការពិត។

 

"អត់​មាន​ពេល និង លុយ​ធ្វើ​ទេ​បង ព្រោះ​ខ្ញុំ​ជាប់​រៀន និង​ធ្វើការ ហើយ​ណាមួយ​មាន​តែ​ប៉ា​ម្នាក់​ទេ ដែល​គាំទ្រ​លើកទឹកចិត្ត​ខ្ញុំ ព្រោះ​ម៉ាក់​បងៗ​ថា វា​ចំណាយ​ពេល​យូរ ហើយ​ខ្លាច​ខ្ញុំ​ខូច​ភ្នែក។ ពេល​ខ្លះ​ខ្ញុំ​លួចធ្វើ​ស្ងាត់ៗ ឥលូវ​​ខ្ញុំ​ចាប់​ផ្ដើម​សន្សំ​បណ្ដើរៗ​ហើយ ហើយ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​បើក​ហាង​នេះ"។ ស៊ីបូរ៉ា បញ្ជាក់។ ​

 

សព្វថ្ងៃ យុវជន​ដែល​ជា​កូន​ពៅ នៃ​គ្រួសារ​អាជីវករ​រូប​នេះជា​និស្សិត​​ ផ្នែក​ព័ត៌មាន​វិទ្យា ឆ្នាំ​ទី ៣ នៃ​សាកលវិទ្យាល័យ USEA ហើយ​ក៏​កំពុង​បម្រើ​ការងារ​ផ្នែក IT ក្នុង​ក្រុមហ៊ុន​មួយ​ផង​ដែរ។ ស៊ីបូរ៉ា ព្រលយ​សម្ដី​ថា ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ មានប្រាក់ខែសម​ល្មម​​អាច​នឹង​​ផ្គត់ផ្គង់ ការងារ​ច្នៃ​តុក្កតា​បាន។

 

នៅ​ពេល​សួរ​ថា​រៀន​មុខជំនាញ IT សោះ ហេតុ​អ្វី​បាន​ជា​យក​​ការងារ​សិល្បៈ​ច្នៃ​តុក្កតា​ទៅ​វិញ? ស៊ីបូរ៉ា ឆ្លើយ​តប​ទាំង​រីករាយ​ថា ព្រោះ​តែ​រូប​គេ​​ចូល​ចិត្ត​​ស្រលាញ់​សិល្បៈ​បុរាណ តាំង​ពី​ក្មេង​មក​ម្ល៉េះ។ មិន​តែ​ប៉ុណ្ណោះ​កូន​ទី ៦ រូប​នេះ ជា​អតីត​សិស្ស​ពូកែ​ខាង​គូរ​រូប​ប្រចាំ​ថ្នាក់​ទៀត​ផង ដោយ​ប្អូន​ធ្លាប់​មក​ដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍ ផ្នែក​លម្អ​ស្ថាបត្យកម្ម នៅ​សាលា​រចនា ប៉ុន្តែ​លទ្ធផល​មិន​ទទួល​បាន​ការ​សាទរ​ឡើយ ហើយ​​ត្រូវ​ជិះ​ឡាន​ត្រឡប់​បន្ត​ជំនាញ IT នៅ​ខេត្ត​សៀមរាប​វិញ កាល​​ឆ្នាំ​២០១៣ ។

 

ទោះ​រៀន​ជំនាញ​នេះ​ពិត​មែន តែ​ស៊ីបូរ៉ា មិន​បោះបង់​ការងារ​សិល្បៈ ច្នៃ​តុក្កតា​ជ័រ​បែប​របាំ​ខ្មែរ​ឡើយ ហើយ​ក៏​មិន​ប្រលែង​ចោល​ជំនាញ IT ដែរ។ IT ជំនាញ​ដែល ស៊ីបូរ៉ា ត្រូវ​រៀន ដើម្បី​ជួយ​ការងារ​គ្រួសារ ចំណែក​​ការងារ​សិល្បៈ​ ជា​ការងារ​ដែលស៊ីបូរ៉ា ស្រលាញ់ និង​ចង់​ជួយ​លើក​ស្ទួយ​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ។

 

ដោយគ្រួសារ​មាន​របរ​ជា អ្នក​ប្រកប​របរ​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវ ជៀប ស៊ីបូរ៉ា ហៅ បញ្ចារ៉េត បញ្ជាក់​ថា "ខ្ញុំ​ត្រូវ​​រៀន IT ព្រោះ​ដើម្បី​ជួយ​​កាន់ វិបសាយ ផេក ឬ Social Media ធ្វើ Add ជាដើម​ឱ្យ​​គ្រួសារ​ខ្ញុំ។ ចំណែក​ការ​ច្នៃ​តុក្កតា ធ្វើ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ជាតិ​យើង ចង់​ឱ្យ​បរទេស​ស្គាល់​យើង​ច្រើន"។ ​​​​

 

ងាក​មក​មើល​ការ​​ច្នៃ​ឯណេះ​វិញ យុវជន​សម្បុរ​ស្រអែម​ទម្លាយ​​យ៉ាង​ដូច្នេះ បើ​​គ្មាន​ពេល​​តុក្កតា​របាំ​មាន​ស្បៃ​មួយ​ឈុត ចំណាយ​មួយ​អាទិត្យ តែ​បើ​មាន​ពេល​ច្រើន​ធ្វើ​តែ​បី​បួន​ថ្ងៃ​ទេ ហើយ​​តុក្កតា​មិន​មាន​ស្បៃ​ងាយ​ស្រួល និង​ធ្វើ​​ឆាប់​ហើយ។ ចំពោះ​​តុក្កតា​ទៀត​សោត បាន​ទិញ​​ពី​ហាង​ Band Name ល្បីៗ មាន​តម្លៃ​ជាង ២០ ដុល្លារ​ក្នុង​មួយ​រូប។ បើ​និយាយ​ពី​តម្លៃលក់ ស៊ីបូរ៉ាថាអាស្រ័យ​ទៅតាម​រូប ពោល​គឺ​​រូប​ដែល​ល្អ​ស្អាត គុណភាពល្អ ​ថ្លៃ​បំផុត​ត្រឹម ៤៣ ដុល្លារ តែ​រូប​ល្មមៗ​​ចាប់​ពី ៣០​ ដុល្លារ​ឡើង​ទៅ។

 

ជុំវិញ​តម្លៃ​នេះ ស៊ីបូរ៉ា បង្ហើប​ថា ប្រជា​ជន​ខ្មែរ​ជីវភាព​ល្មមៗ​មិន​ហ៊ាន​ទិញ​ទេ ដោយ​ភ្ញៀវ​កុម្ម៉ង់​ភាគច្រើន​ជា​ជន​បរទេស និង​អាណិកជន​ខ្មែរ​ក្រៅ​ប្រទេស។ អ្នក​ភូមិ​សាលាកំរើក ​ឃុំ​សាលា​កំរើក បញ្ជាក់​ទៀត​ថា ពេល​មាន​អ្នក​បញ្ជា​ទិញ ទើប​រូប​គេ​ធ្វើ​លក់។ ​

 

"ខ្ញុំ​ធ្វើ​លក់​ប្រហែល​ច្រើន​រូប​ហើយ គេ​កុម្ម៉ង់​បាន​ធ្វើ ពុំ​មាន​ក្នុង​ស្តុក​ទេ [...] ដោយសារ​ខ្ញុំ​រវល់​រៀន និង​ធ្វើការ​ផង អ៊ីចឹង​អត់​មាន​ពេល​ធ្វើ។ ខ្មែរ​យើង​អត់​សូវ​ទិញ​ទេ ព្រោះ​វា​រាង​ថ្លៃ ភាគច្រើន​បរទេស និង​​អាណិកជន​ខ្មែរ។ គេកុម៉្មង់​ម្ដង​បី​បួន​រូប តែ​ធ្វើ​អត់​ទាន់ ខ្លះគេ​យក​មួយ​រូប​​អី​សិន​ទៅ"។

 

ការងារតែង​មាន​ចំណុច​ពិបាក​និង​ស្រួល ចំណែក​ស៊ីបូរ៉ាថ្លែង​ថា ចំណុច​ពិបាក និងជា​ឧបសគ្គ​ គឺ​ការ​ចាក់​ស្បៃ ធ្វើ​មកុដ និង​គ្រឿង​អលង្ការ។ ពិបាក​រក​ទិញ​ហូល ពិបាក​រក​ពណ៌​ហូល ហូល​​ថ្លៃ​ ពោលគឺគេ​ដណ្ដើម​គ្នា​ទិញ "ខ្ញុំ​ទិញ​គេ​​ខ្ទេច​កំណាត់​គេ ១ គីឡូ ១៥ ទៅ ២០ ដុល្លារ មក​កាត់​ដែរ​ជា​សំលៀក​បំពាក់"។

 

យុវជន​ក្មេង​ខ្ចី​រូប​នេះ បាន​បែក​គំនិត​ច្នៃ​តុក្កតា​ជ័រ (Apsara Barbie ឬ Barbie ឈុត​ខ្មែរ) នេះ តាំង​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ទើប​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​គាំទ្រ​ច្រើន បន្ទាប់​ពី​ធ្វើ​ការ​​ចុះផ្សាយ​លើ​គេហទំព័រ បង្ហោះ​តាម​បណ្ដាញ​សង្គម​មក។ មិន​​តែ​ប៉ុណ្ណោះ ស៊ីបូរ៉ា ក៏​ធ្លាប់​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បះ ២ ដង សាលា​សន្និសីទ​ចតុមុខ ១ ដង និង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ១ ដង៕

 

 

តើ​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ស្នាដៃ​ច្នៃ​តុក្កតា Barbie ឈុត​ខ្មែរ របស់ ស៊ីបូរ៉ា?

 

ចុចអាន៖ ហេតុ​អ្វី​​សិស្ស​ថ្នាក់​ទី​ ១០ ​ពីរ​រូប​នេះ​ បាន​មេដាយ​មាស​ពី​សហរដ្ឋ​អាមេរិក?

ចុចអាន៖ ផលិត​ផល​​ខ្មែរ ៥ មុខ​ទទួល​ការ​ចាប់​អារម្មណ៍​ ក្នុង​ពិពណ៌នា​​អាស៊ាន-ចិន​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់