- 2015-12-09 16:35:20
- សេដ្ឋកិច្ច
ត្រូវចំណាយប៉ុន្មានសម្រាប់ប្រជាជនខ្មែរអាចទៅមើលព្រឹលធ្លាក់ និងជិះស្គីលើទឹកកកបាន?
- 2015-12-09 16:35:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវចំណាយប៉ុន្មានសម្រាប់ប្រជាជនខ្មែរអាចទៅមើលព្រឹលធ្លាក់ និងជិះស្គីលើទឹកកកបាន?
ចន្លោះមិនឃើញ
អ្នករស់នៅប្រទេសដែលមានព្រឹលធ្លាក់ជាទម្លាប់នឹងមានអារម្មណ៍ធុញមិនខាន ពេលព្រឹលនេះធ្លាក់មកម្ដងៗ ដោយសារវាធ្វើឲ្យផ្លូវរអិល គ្របមកលើដំណាំ និងពិបាកធ្វើដំណើរ។ ប៉ុន្តែសម្រាប់អ្នក ដែលរស់នៅក្នុងប្រទេសពុំមានព្រឹកធ្លាក់វិញ ការបានឃើញព្រឹលធ្លាក់ហាក់អាចធ្វើឲ្យរំភើប ចង់ស្ទាបលេងមិនខាន។
បើយោងតាមគេហទំព័រ Piste Off របស់អង់គ្លេស ដែលស្រាវជ្រាវពីតំបន់មានធ្លាក់ព្រឹលក្នុងពិភពលោក នៅអាស៊ី ប្រទេសដែលមានព្រឹលធ្លាក់ជាប្រចាំមានអាហ្វហ្គានីស្ថាន, ប៊ូតាន់, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ង់, កាហ្សាក់ស្ថាន, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នេប៉ាល់, ប៉ាគីស្ថាន, តាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, ជប៉ុន, កូរ៉េ, កោះតៃវ៉ាន់, លីបង់, និងប្រទេសមួយចំនួនទៀត។
ភ្ញៀវទេសចរនានាទៅកម្សាន្តមើលព្រឹលធ្លាក់នៅជប៉ុន
ចំណែកប្រទេសម៉ាឡេស៊ី, យេមែន, វៀតណាម, ស៊ូដង់, និងអារ៉ាប៊ីសាអ៊ូឌីតមានព្រឹលធ្លាក់ដោយពេល។ ប៉ុន្តែបើគេចង់ទៅលេងប្រទេសនៅទ្វីបអាស៊ីមានរមណីយដ្ឋានជិះស្គីលើផ្ទាំងទឹកកក គេអាចទៅកម្សាន្តនៅប្រទេសជប៉ុន, ចិន, ឥណ្ឌា, អ៊ីរ៉ង់, លីបង់, កូរ៉េខាងជើង, កូរ៉េខាងត្បូង, ឬប៉ាគីស្ថាន។
អ្នកស្រី កុក មុំ អ្នកគ្រប់គ្រងទេសចរណ៍នៃក្រុមហ៊ុនទេសចរណ៍ ភី ធី អ៊ឹម ដែលតែងនាំភ្ញៀវទៅកម្សាន្តនៅក្រៅប្រទេស រាប់ទាំងការទៅទស្សនាព្រឹល និងជិះស្គីទឹកកកនេះផង ឲ្យដឹងថា ភ្នាក់ងាររបស់ខ្លួននឹងនាំភ្ញៀវទៅកម្សាន្តជិះស្គីទឹកកកនៅប្រទេសជប៉ុនមួយជើងនៅខែធ្នូនេះ និងម្ដងទៀតអាចនៅខែមករា មុននឹងរដូវធ្លាក់ទឹកកកកន្លងផុតទៅ។
អ្នកគ្រប់គ្រងទេសចរណ៍ថា៖ “ភ្ញៀវអាចទៅកម្សាន្តជិះស្គីលើទឹកកក នៅក្បែរភ្នំ Fuji របស់ជប៉ុន ទស្សនាទិដ្ឋភាពព្រឹលដ៏ស្រស់ស្អាតបាន។ ប៉ុន្តែដោយសារយើងទៅកម្សាន្តនៅកន្លែងត្រជាក់ ដូច្នេះមុននឹងធ្វើដំណើរ ភ្ញៀវរបស់យើងត្រូវពិនិត្យសុខភាពជាមុនសិន ហើយយើងប្រយ័ត្នបំផុតអ្នកដែលមានជំងឺខ្សោយបេះដូង ឬលើសឈាម"។
អ្នកស្រីបន្ថែមថា៖ “បច្ចុប្បន្នមានប្រជាជនខ្មែរខ្លះចង់ទៅកម្សាន្តមើលព្រឹលធ្លាក់ជាលក្ខណៈគ្រួសារ និងទៅជិះស្គីទឹកកកកម្សាន្តបណ្ដើរៗហើយ"។
ប៉ុន្តែសម្រាប់ដំណើរកម្សាន្តនៅកាន់ប្រទេសជប៉ុននេះ អ្នកស្រីថា នឹងមានរយៈពេល៧ថ្ងៃ ដែលអាចឲ្យអតិថិជនរបស់ខ្លួនបានទស្សនាទិដ្ឋភាពផ្សេងទៀតក្នុងប្រទេសជប៉ុន និងភ្លក់អាហារជប៉ុន។ តម្លៃសម្រាប់ដំណើរកម្សាន្តនេះគឺប្រហែល២៥៨៨ដុល្លារ។ ក្រៅពីប្រទេសជប៉ុន ក្រុមហ៊ុនរបស់អ្នកស្រីក៏នាំភ្ញៀវទៅទស្សនាកម្សាន្តនៅមហាកំពែងចិន ដែលមានព្រឹលធ្លាក់ដែរ ក្នុងខែធ្នូបែបនេះ។
ទិដ្ឋភាពព្រឹលធ្លាក់នៅប្រទេសជប៉ុន (ប្រភព៖ vocinelcoro)
យុវជន ឆុន លេងវាសនា បម្រើការនៅក្រុមហ៊ុនឯកជនមួយ ដែលធ្លាប់បានទៅសិក្សាកសិកម្មនៅខេត្ត Lao Cai ប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ២០១៣ មានការភ្ញាក់ផ្អើលមែនទែន ពេលបានឃើញព្រឹកធ្លាក់ជាលើកដំបូង ក្នុងជីវិតរបស់គេ។
វាសនានិយាយថា៖ "ប្រជាជនវៀតណាមក៏គេចេញមកមើលព្រឹលនេះដែរ ជាពិសេសនៅទីកន្លែងសាធារណៈ ដោយសារព្រឹលនេះមានធ្លាក់ដោយឆ្នាំទេនៅស្រុកគេ។ ប្រទេសយើងធ្លាប់ត្រជាក់ដែរម្ដុំខែធ្នូ ប៉ុន្តែមិនដែលឃើញមានធ្លាក់ព្រឹលសក្បុសបែបហ្នឹងទេ។ សង្ឃឹមថា ថ្ងៃមួយនឹងទៅជិះស្គីពីលើភ្នំទឹកកក ដូចមិត្តភ័ក្ដិបង្ហោះរូបឲ្យមើលពីស្រុកបារាំងមក"៕
ចុចអាន៖ ហាង បណ្ណាគារ ឬតូបផ្សេងៗ ដែលអាចរកទិញសម្ភារៈបុណ្យណូអែល
ចុចអាន៖ ហេតុអ្វីការប្រារព្ធបុណ្យគ្រឹស្ដស្មាសបច្ចុប្បន្ន មិនប៉ះពាល់ដល់វប្បធម៌ខ្មែរ?
អត្ថបទ៖ មាស រ័ត្ន