• 2016-06-14 20:28:34
  • ការអប់រំ

អ៊ុក វណ្ណដេ៖ "ខ្ញុំ​បង្រៀនអត់​យក​លុយ​ទេ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ"

  • 2016-06-14 20:28:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ុក វណ្ណដេ បាន​បង្កើត​សាលា​​ច្នៃ​ពី​សំរាម​ឈ្មោះ​ថា «សាលា​​​ដូង» «ផ្ទះ​សំរាម» និង​​«សាលាកង់ឡាន» ដើម្បី​​ធ្វើ​ជា​កន្លែង​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​​​ភាសា​អង់គ្លេស ផ្នែក​សំរាម និង​កុំព្យូទ័រ​ដល់​ក្មេងៗ នៅ​លើ​កោះដាច់​​ក្នុង​ភូមិ​ រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយ​មិនយក​​ប្រាក់​កម្រៃ មួយ​កាក់​មួយ​សេន​​ឡើយ ប៉ុន្តែ​​យក​តែ​សំរាម​ប៉ុណ្ណោះ។ ​ដូច្នេះ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក វណ្ណដេ ជាមួយ Sabay ទាំងអស់​គ្នា!

 

Sabay៖ ជម្រាបសួរ​លោកគ្រូ អ៊ុក វណ្ណដេ! តើ​សាលា​ដូង​របស់​លោក​បង្កើត​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ? បង្កើត​ក្នុង​គោល​បំណង​អ្វី?

លោក អ៊ុក វណ្ណដេ៖ សាលា​របស់​ខ្ញុំ​នេះ​បង្កើត​បាន ៣ ឆ្នាំ ៦ ខែ​ហើយ។ ខ្ញុំ​​បង្កើត​ឡើងដើម្បី​មិន​ចង់​​ឱ្យ​ប្រជាជន​​ខ្មែរ​យើង​ បោះ​សំរាម​ចោល​ផ្ដេសផ្ដាស និង​ចង់​ឱ្យ​ពួកគាត់ ​​កែច្នៃ​សំរាមឱ្យ​ក្លាយ​ជា​ប្រយោជន៍​ដល់​សង្គម ដូចជា​​សាលា សួនច្បារ កៅអី​ តុ​​អី​ជាដើម​។ ជាពិសេស​ចង់​ជួយ​ក្មេងៗ​នៅ​​លើ​កោះ​ឱ្យ​បាន​រៀន​ កុំព្យូទ័រ អង់គ្លេស និង​ផ្នែក​សំរាម​ឥតគិតថ្លៃផង​ដែរ។

 

Sabay៖ តើ​លោក​បង្រៀន​សិស្ស​យក​ប្រាក់​ដែរ​ឬទេ? លោក អ៊ុក វណ្ណដេ៖ ខ្ញុំ​បង្រៀន​ក្មេងៗ​អត់​យក​លុយ​ទេ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ឱ្យ​សៀវភៅ​ពួកគេ​រៀន​ទៀត​ផង។ ឱ្យ​តែ​មាន​​សំរាម​មក​រៀន​បាន​ហើយ។ ខ្ញុំ​ឱ្យ​ពួកគេ​យក​សំរាម​ពី​ផ្ទះ ដូចជា​ដប កំប៉ុង ថង់​អី​ជាដើម បើ​ផ្ទះ​គាត់​គ្មាន​សំរាម​ទេ ខ្ញុំ​ស្នើ​ឱ្យ​ពួកគេ​រើស​ពី​កន្លែង​ផ្សេងៗ ដើម្បី​ឱ្យ​ខ្ញុំ​ច្នៃ​ជា​សាលារៀន សួនច្បារ​អី​ចឹង​ទៅ។

 

Sabay៖ មក​ពី​ក្មេងៗ​ទាំង​អស់​ហ្នឹង​ក្រីក្រ​មែន​ទេ បាន​ជា​លោក​បង្រៀន​យក​តែ​សំរាម​ពី​ពួកគេ?

លោក អ៊ុក វណ្ណដេ៖ នៅ​លើ​កោះ​ហ្នឹង​ថា​ក្រី​ក៏​​ម្យ៉ាង​​ដែរ តែ​សំខាន់​ការ​សិក្សា​របស់​គាត់ ត្រូវ​ឆ្លង​កាត់​សាឡាង​ទៅ​រៀន។ វា​​អាច​បង្ក​ឱ្យ​គាត់​មាន​គ្រោះថ្នាក់ ដូច​ជា​លិច​សាឡាងជាដើម។ បើ​មាន​រលក​ធំៗ ឬ​មាន​ភ្លៀង​អី​ទៅ គាត់​អាច​ខកខាន​រៀន។ ពេល​យើង​បង្កើត​សាលា​នៅ​លើ​កោះ គាត់​អាច​រៀន​អង់គ្លេស កុំព្យូទ័រ​ និង​ផ្នែក​សំរាម​ឥត​គិត​ថ្លៃ ហើយ​នៅ​ជិត​ផ្ទះ​​របស់​គាត់​ទៀត។

 

Sabay៖ តើ​ការ​បើក​សាលា​នេះ មាន​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ ឬ​បរិស្ថាន​ដែរ​ឬ​ទេ?

លោក អ៊ុក វណ្ណដេ៖ បាទ! អត់​ទេ! សាលា​យើង​នេះ​ក្រៅ​ប្រព័ន្ធ។ ខ្ញុំ​បើក​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋ​ទេ ហើយ​ខាងបរិស្ថាន​ក៏​គាត់​អត់​ដែល​មក​ពិនិត្យ​អី​ដែរ។ ខ្ញុំ​បើក​អង់គ្លេស កុំព្យូទ័រ និង​ផ្នែក​សំរាម ​រដ្ឋ​អត់​មាន​ទេ។ និយាយ​ទៅ​សាលា​នៅ​លើ​កោះ​នេះ បង្កើត​ឡើង​លក្ខណៈ​ក្រៅប្រព័ន្ធ ដើម្បី​ឱ្យ​​សិស្ស​​បាន​រៀន​ឥតគិតថ្លៃ។

 

 
 

Sabay៖ តើ​សាលា​នៅ​លើ​កោះ​នេះ មាន​សិស្ស​ និង​គ្រូ​បង្រៀន​ប៉ុន្មាន​នាក់​? បង្រៀន​យ៉ាងម៉េច​ដែរ? លោក អ៊ុក វណ្ណដេ៖ សព្វ​ថ្ងៃ​មាន​សិស្ស​ជាង ២០០ នាក់ និង​គ្រូ​ស្ម័គ្រ​ចិត្ត ៧នាក់។ ចំពោះ​គ្រូស្ម័គ្រចិត្ត គាត់​ពេញ​ចិត្ត​ជួយ រីឯ​ការ​បង្រៀន​ យើង​បែងចែក​តាម​កម្រិត​តាម​ក្រុម ដូចជា English for Children, Beginner ​ចឹង​ទៅ។ យើង​បង្រៀន​តាម​កម្រិត គ្រូម្នាក់​គ្រប់គ្រង​មួយ​ក្រុម ៣០-៤០ នាក់។ ចំណែកកុំព្យូទ័រ​ដូចគ្នា រៀនវគ្គ Word, Excel, Power point។ សព្វថ្ងៃសិស្ស​គ្រប់​អាយុ​រៀន​កុំព្យូទ័រ​មាន ​ខ្ទង់​ ៩០ ​នាក់ ហើយ​យើង​មាន​កុំព្យូរទ័រ ១៣ គ្រឿង។

 

Sabay៖ តើ​មាន​ការ​គាំទ្រ​ពី​ឪពុកម្ដាយ​សិស្ស​ដែរ​ឬ​ទេ?

លោក អ៊ុក វណ្ណដេ៖ ពី​ដំបូង​ឡើយ​ពួកគាត់​​អត់​ទុក​ចិត្ត​យើង​ទេ ពួកគាត់​យល់​​ថា ធ្វើ​សាលា​ចឹង​មិន​ល្អ ហើយ​ខ្លាច​យើង​ប្រើ​កូន​កាត់​ធ្វើ​អី​ចឹង​ទៅ ប៉ុន្តែ​ក្រោយ​មក​ពួកគាត់​យល់​ច្រើន ហើយ​​សិស្ស​ក៏​ចេះ​តែ​កើន​ឡើង​។

 

​Sabay៖ យល់​ម៉េច​ដែរ ពេល​ឪពុកម្ដាយ​សិស្ស​គាំទ្រ​ និង​ទុកចិត្ត​អ៊ីចឹង?

លោក អ៊ុក វណ្ណដេ៖ ឱ្យ​សប្បាយ​ចិត្ត មិន​សប្បាយ​ទេ ព្រោះ​ត្រូវ​ធ្វើការ​កាន់​តែ​ធ្ងន់ ស្មា​​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ណា​មួយ​យើង​បង្រៀន​អត់​យក​លុយ​ទេ ឱ្យ​រីករាយ​អត់​រីករាយ​ទេ។ ពី​មុន​យើង​បើក​បី​ឆ្នាំថា បើ​អត់​មាន​អ្នក​រៀន​យើង​អាច​បិទ​បាន តែ​ឥលូវ​​ពួក​គាត់​មាន​ចលនា​មក​រៀនច្រើន ​ចឹង​យើង​ត្រូវ​តែ​បន្ត ធ្វើ​ឱ្យ​សាលា​នេះ​ដើរ។ ដូច​ខ្ញុំ​និយាយ​លេង​ថា ជួយ​គេ​​រហូត​ជំពាក់​គេ​ជុំ​ទិស។ ឥលូវ​ជំពាក់​គេ​ក៏​ច្រើន​ដែរ។

 

Sabay៖ ចំពោះ​ដី​ថ្លី​វិញ ជា​របស់​អ្នកណា? ខាងមេភូមិ​ជា​គាំទ្រ​អត់?

លោក អ៊ុក វណ្ណដេ៖ ដី​ជា​របស់​អ្នក​ភូមិ ខ្ញុំ​អត់​ស្គាល់​គាត់​ទេ តែ​គាត់​យល់​ថា កូន​គាត់​រៀន​នៅ​ហ្នឹង​ដែរ គាត់​ឱ្យ​ប្រើ​ដី​ហ្នឹង​សិន​ទៅ ហើយ​គាត់​ក៏​អត់​ដែល​រករឿង​យើង​ដែរ។ គាត់​គាំទ្រ​គម្រោង​របស់​យើង។ ចំណែក​មេភូមិ​វិញ ខ្ញុំ​ជូន​ដំណឹង​គាត់​ថា ខ្ញុំ​ចង់​បង្កើត​សាលា​ជួយ​ក្មេងៗ គាត់​ក៏​យល់​ព្រមគាំទ្រ​ដែរ​។

 

 

Sabay៖ តើ​មាន​​ខាង​ណា​គេ​ជួយ​ទេ ហើយ​​បើ​មាន​អង្គការ​ណា​មួយ​​ចង់​​ចាប់​ដៃ​គូ​ជាមួយ តើ​លោក​យល់​ព្រម​ទេ?

លោក អ៊ុក វណ្ណដេ៖ មិន​មាន​ជា​ស្ថិតស្ថេរ​ទេ​ដូច​ជា​មួយ​វឹបៗ​អ៊ីចឹង​ណា ហើយ​បើ​មាន​អង្គការ​ល្អៗ​មក​ជួយ​អី ខ្ញុំ​ចង់​ឱ្យ​​ប្រគល់​សាលា​​ឱ្យ​ទៅ​គេ​ទៀត​ផង បើ​សិន​​ខ្ញុំ​មើល​ថា​ប្រវត្តិ​​ល្អ ហើយ​​ហ្នឹង​គោរព​លក្ខខណ្ឌ​ខ្ញុំ​ពីរ​ទៅ​បាន​ហើយ។

 

Sabay៖ មុន​នឹង​បង្កើត​សាលា​ខាងលើ តើ​លោក​គ្រូ​មាន​បាន​រៀន​ពី​ផ្នែក​​សំរាម​នៅ​ទីណា​ទេ? លោក អ៊ុក វណ្ណដេ៖ ខ្ញុំ​អត់​បាន​រៀន​ទេ តែ​បន្ទាប់​ពី​ខ្ញុំ​ជិះកង់​ដើរ​លេង ឃើញ​ប្រជាជន​ខ្មែរ​យើង​បោះ​សំរាម​ចោល​ពាសវាលពាសកាល ខ្ញុំ​ក៏​ចាប់​ផ្ដើម​ថា ចង់​ច្នៃ​​របស់​អស់​នេះ​ជា​ប្រយោជន៍​ជា​ពិសេស​ចង់​ធ្វើ​សាលា​ឱ្យ​ក្មេង​រៀន។ មុន​នឹង​ធ្វើ​សាលា​នេះ ខ្ញុំ​ក៏​បាន​យក​សំរាម​​ច្នៃ​ជា​របស់​ប្រើប្រាស់​នៅ​ផ្ទះ​របស់​ខ្ញុំ​ដែរ។

 

សាលា​របស់​លោក អ៊ុក វណ្ណដេ បើក​បង្រៀន​​នៅ​ថ្ងៃ​ច័ន្ទ​ - សុក្រ ចាប់​ពី​ម៉ោង ៥៖៣០នាទីល្ងាច ដល់ ៨៖៣០នាទីយប់ ចំណែក​ថ្ងៃ​សៅរិ៍-អាទិត្យ ចាប់​ពី​ម៉ោង ១០ ព្រឹកដល់ ៨៖៣០នាទីយប់។

 

លើ​​ផ្ទៃដី​ទំហំ​ទទឹង ១៦ និង​បណ្ដោយ ៦៥ ម៉ែត្រ​នៃ​កោះដាច់​លោកគ្រូ វណ្ណដេ បាន​បង្កើត​​សាលា​ចំនួន​បី​​​ទី​មួយ «សាលា​ដូង» ធ្វើ​ពី​ដូង​សុទ្ធ «ផ្ទះ​សំរាម» ជា​បណ្ណាល័យ និង​ថ្នាក់​កុំព្យូទ័រ ដែល​ធ្វើ​ពី​សំរាម ​៩០% និង «សាលា​កង់ឡាន» ធ្វើ​ពី​កង់ឡាន​ជាង​២០០គ្រាប់។

 

ជា​ចុងក្រោយ​លោក​សូម​ផ្ដាំ​ទៅ​យុវជន​ខ្មែរ ងាក​មក​ចាប់​អារម្មណ៍​នឹង​ការ​កែច្នៃ​សំរាម​ទៅ​ជា​របស់​មាន​ប្រយោជន៍​សម្រាប់​សហគមន៍ នៅ​គ្រប់ខេត្ត។ លោកគ្រូ​វ័យ ​៣១​ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបងរូប​នេះ បាន​​និយាយ​ថា៖ "សំរាម​ជា​សម្បត្តិ​តែ​មួយ​គត់​របស់​ខ្ញុំ"៕

 

 
 
 
 

 

ចុចអាន៖ Laura Mam៖ “​​ប្រើ​ឈ្មោះ​ខ្ញុំ ដើម្បី​ជួយ​ខ្មែរ ខ្ញុំ​នឹង​ប្រើ”

ចុចអាន៖ បងប៉ូលិស សម្រួល​ចរាចរណ៍​​ក្រោម​កម្ដៅ​ថ្ងៃ ល្បី​ពេញ​ហ្វេសប៊ុក

 

អត្ថបទ៖ អ៊ុំ សុភក្តិ

រូបភាពហ្វេសប៊ុក អ៊ុក វណ្ណដេ

មតិយោបល់