_medium.jpg)
- 2017-01-13 03:08:21
- សុខភាព
ហ្វកម៉ាលីន ដែលរកឃើញក្នុងបង្គាមួយចំនួននៅផ្សារអូរឫស្សី ជាសារធាតុចាក់រក្សាសាកសព
- 2017-01-13 03:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វកម៉ាលីន ដែលរកឃើញក្នុងបង្គាមួយចំនួននៅផ្សារអូរឫស្សី ជាសារធាតុចាក់រក្សាសាកសព
ចន្លោះមិនឃើញ
កាលពីម្សិលមិញនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះសាកសួរសុខទុក្ខ និងធ្វើតេស្តលើផលិតផលមួយចំនួនក្នុងផ្សារអូរឫស្សី ហើយបានរកឃើញនូវវត្តមានសារធាតុគីមី ហ្វកម៉ាលីន នៅក្នុងបង្គាមួយចំនួន។ តើសារធាតុគីមីមួយនេះអាចបណ្ដាលអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាងដូចម្ដេចខ្លះ?
បើតាមការលើកឡើងរបស់លោក ស៊ិន ស៊ីដេត ជាប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានពន្យល់ថា តាមការពិតសារធាតុគីមី ហ្វកម៉ាលីន (Formalin) គឺជាសារធាតុមួយប្រភេទដែលត្រូវបានគេប្រើសម្រាប់ចាក់ទៅលើសាកសពដើម្បីកុំអោយស្អុយរលួយតែប៉ុណ្ណោះ ហើយជាសារធាតុគីមីដែលក្រសួងហាមដាច់ខាតមិនអោយប្រើប្រាស់ក្នុងចំណីអាហារឡើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបែរជាយកសារធាតុមួយនេះទៅប្រើក្នុងចំណីអាហារស្រស់ទៅវិញ ដើម្បីការពារកុំអោយស្អុយ និង មិនចាំបាច់ប្រើទឹកកកក្លាសេច្រើន។
លោកបានបន្តទៀតថាសារធាតុគីមីនេះត្រូវបានគេយកលាយជាមួយទឹក ហើយត្រាំអាហារស្រស់នៅក្នុងនោះ។ ការធ្វើបែបនេះគឺអាចជះឥទ្ធិពលដល់អ្នកបរិភោគក្នុងលក្ខខណ្ឌ២។ លក្ខខណ្ឌទី១ ប្រសិនបើសារធាតុហ្វកម៉ាលីននេះមានកម្រិតទាប នោះនឹងអាចបណ្ដាលអោយអ្នកបរិភោគទទួលរងនូវអាការៈ ក្អួត ចុកពោះ រាគរូស ជាដើម ប៉ុន្តែក្នុងលក្ខខណ្ឌទី២ដែលសារធាតុនេះមានកម្រិតខ្ពស់វិញ គឺវាអាចបណ្ដាលអោយអ្នកបរិភោគសន្លប់ រឺ ស្លាប់បាន។
លោក ស៊ិន ស៊ីដេត បានបញ្ជាក់ផងដែរថាសារធាតុគីមីហ្វកម៉ាលីន (Formalin)នេះគឺគ្មានក្លិន គ្មានពណ៌នោះទេដែលធ្វើអោយពិបាកក្នុងការពិនិត្យមើលដោយភ្នែកទទេណាស់ គឺមានតែការធ្វើតេស្តតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ ទើបអាចបញ្ជាក់ពីវត្តមានរបស់វាបាន។ ដូច្នេះលោកសូមណែនាំអោយប្រជាជនមេត្តាចាប់អារម្មណ៍ និង តាមដានទៅលើអ្នកលក់ដែលខ្លួនឧស្សាហ៍ទិញអាហារយកទៅបរិភោគ។ ជាពិសេសប្រសិនបើអាហារស្រស់ដែលមិនសូវបានក្លាសេទឹកកក រឺ មិនសូវមានរុយមកជិត នោះវាជាសញ្ញាដែលបញ្ជាក់ថា អ្នកលក់អាចនឹងប្រើសារធាតុមួយនេះ។
ជាចុងក្រោយ លោកបានសង្កត់ធ្ងន់ថាពេលនេះក្រសួងបានដកហូតអាហារខូចគុណភាពមួយចំនួនរួចមកហើយ។ បន្ថែមលើនេះគឺមន្រ្តីជំនាញបានខិតខំណែនាំអប់រំដល់អាជីវករ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់អ្នកបរិភោគទូទៅអោយបានដឹងផងដែរ។ ចំពោះអ្នកដែលនៅតែបន្តប្រព្រឹត្តប្រើសារធាតុគីមីខុសច្បាប់ក្នុងចំណីអាហារ នោះនឹងត្រូវទទួលទោសចំពោះមុខច្បាប់ រួមជាមួយការផាកពិន័យទៀតផង៕
ខាងក្រោមនេះជាសកម្មភាពចុះត្រួតពិនិត្យម្សិលមិញ ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖