
- 2017-11-13 04:55:55
- ព័ត៌មាន
របរត្បាញ កន្ទេលចចូត កេរដូនតា អ្នកភូមិនៅតាកែវ ប្រឈមនឹងការបាត់បង់
- 2017-11-13 04:55:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរត្បាញ កន្ទេលចចូត កេរដូនតា អ្នកភូមិនៅតាកែវ ប្រឈមនឹងការបាត់បង់
ចន្លោះមិនឃើញ
កន្ទេលអញ្ចូត មិនសូវមានឈ្មោះបោះសំឡេងអ្វីនោះទេនៅបច្ចុប្បន្ននេះ ហើយបើនិយាយពីអ្នកទីក្រុងវិញប្រហែលជាមិនប្រើនោះដែរ ដោយឡែកនៅតាមទីជនបទកន្ទេលប្រភេទនេះនៅមានប្រើនៅឡើយ។
អ្នកខ្លះប្រើកន្ទេលប្រភេទនេះសម្រាប់ហាលស្រូវ និងមានអ្នកខ្លះយកកន្ទេលប្រភេទនេះសម្រាប់ក្រាលទទួលទានដំណេក។ កន្ទេលដែលប្រើសម្រាប់ទទួលទានដំណេកមានចាក់ ត្បាញលាយពណ៌ផ្សេងៗ ដោយឡែកសម្រាប់ប្រើប្រាស់ហាលស្រូវវិញមិនមានលាយពណ៌អ្វីនោះទេ។
អ្នកភូមិភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគីរីវង់ខេត្តតាកែវ ដែលមានគ្នាជិត២០គ្រួសារ ហើយ ដែលមានសុទ្ធសឹងជាស្ត្រីវ័យចំណាស់ បានអង្គុយត្បាញកន្ទេលអញ្ចូតនេះនៅក្រោមផ្ទះរបស់ខ្លួន។
អ្នកស្រី សែម សុំ វ័យ៧១ឆ្នាំ ដែលកំពុងអង្គុយត្បាញកន្ទេលក្រោមផ្ទះ ប្រាប់ Sabay ថាអ្នកស្រីបានប្រកបរបរនេះតាំងពីសម័យសង្គមរាស្រ្តនិយម។ អ្នកស្រីថារបរនេះជារបរដែលដូនតាអ្នកស្រីបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ តែអ្នកស្រីថារបរនេះ មិនទំនងបានដល់កូនចៅអ្នកស្រីទៀតនោះទេ ព្រោះថាអ្នកទាំងនោះមិនចូលចិត្តរបរមួយនេះដោយទទួលបានកំរៃតិច។
អ្នកស្រីបន្ថែមថា៖ «តម្លៃនេះមិនជាធ្វើឲ្យខ្ញុំចំណេញប្រាក់បានច្រើនណាស់ណាទេ...ចំណេញត្រឹម៣ម៉ឺនរៀលប៉ុណ្ណោះក្នុង១កន្ទេល ក្រោយទូទាត់ថ្លៃចំណាយ»។
អ្នកស្រីបញ្ជាក់ថាកន្ទេលមួយត្រូវចំណាយថវិកាទិញអញ្ចូតពីវៀតណាមចំនួនពីរដុំ អស់ប្រាក់៩ ០០០រៀល និងនៅចំណាយលើថ្លៃថ្នាំពណ៌ផងកន្ទេលមួយបានប្រាក់ចំណេញតែបីម៉ឺនរៀល ខណៈកន្ទេលមួយត្រូវចំណាយពេលត្បាញរហូតដល់បួនថ្ងៃ។
ចំណែកអ្នកធ្វើកន្ទេលម្នាក់ទៀតគឺអ្នកស្រី ង៉ែត ងៀត វ័យ៧២ឆ្នាំឲ្យដឹងថា អ្នកត្បាញកន្ទេលសព្វថ្ងៃភាគច្រើនសុទ្ធតែជាមនុស្សវ័យចំណាស់ព្រោះ មិនមានក្មេងៗនោះទេ។ អ្នកស្រីបន្តថាដោយសារតែចង់រក្សារបរកេរដូនតានេះហើយបានជាអ្នកស្រីមិនបង់អាជីពនេះ។
អ្នកស្រីបន្ថែមថា៖ «ក្នុង១ខែខ្ញុំអាចត្បាញកន្ទេលបានត្រឹមតែ៥ប៉ុណ្ណោះតែខ្ញុំនៅតែពេញចិត្តការងារនេះវាជាការងារចាំផ្ទះ...ហើយអាចទទួលបានចំណូលខ្លះគ្រាន់ធ្វើបុណ្យទានដែរ...កូនៗគេមិនចាប់អារម្មណ៍នឹងការងារនេះទេ គេទៅកាត់ដេរ ឬធ្វើស្រែប្រាំងបានចំណូលច្រើនជាង»។
បើតាមអ្នកភូមិខាងលើកន្ទេលប្រភេទនេះនៅមានលក់តែកន្ទេលសម្រាប់ក្រាលទទួលទានដំណេកតែប៉ុណ្ណោះ ឯកន្ទេលសម្រាប់ហាលស្រូវមិនមានអ្នកបញ្ជាទិញទៀតទេដោយថាអ្នកហាលស្រូវប្រើឈឹបជំនួសវិញ។ សម្រាប់តម្លៃកន្ទេលនេះមានចន្លោះពី៤ម៉ឺនរៀល ដល់៨ម៉ឺនរៀលទៅតាមទំហំ៕