
- 2017-11-17 07:55:54
- ព័ត៌មាន
របរត្បាញកញ្ជើអ្នកស្រុកទ្រាំង អាចបាត់បង់នៅថ្ងៃខាងមុខ
- 2017-11-17 07:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របរត្បាញកញ្ជើអ្នកស្រុកទ្រាំង អាចបាត់បង់នៅថ្ងៃខាងមុខ
ចន្លោះមិនឃើញ
ការត្បាញកញ្ជើលក់ជាមុខរបរប្រពៃណីដូនតាច្រើនជំនាន់របស់កសិកររស់នៅ ឃុំសន្លុង ស្រុកទ្រាំងខេត្តតាកែវ។ កាលពីទសវត្សមុនៗកសិករស្ទើរទាំងក្មេងចាស់សុទ្ធតែចេះត្បាញកញ្ជើសម្រាប់លក់តាមទីផ្សារ។
ទោះយ៉ាងណាសព្វថ្ងៃចំនួនអ្នកផលិតថយចុះក្រោមហេតុផលប្រាក់កម្រៃតិច ហើយយុវជនជំនាន់ក្រោយងាកទៅប្រកបរបរផ្សេងជំនួសវិញ។
ស្ត្រីវ័យកណ្តាលម្នាក់ដែលបានប្រកបរបរត្បាញកញ្ជើលក់អស់រយៈពេល២០ឆ្នាំមកហើយនោះគឺអ្នកស្រី គាត ញ៉េន បានប្រាប់Sabay ថាកញ្ជើដែលផលិតបានគឺលក់ដាច់ទាំងអស់ ដោយមានឈ្មួញកណ្តាលមកទទួលទិញដល់ផ្ទះ។ ត្បិតតែមានអ្នកមកទទួលទិញដល់ផ្ទះមែន តែអ្នកស្រីថាតម្លៃវិញគឺកញ្ជើមួយលក់បានតែ៥ ០០០រៀលប៉ុណ្ណោះ ខណៈដែលមួយខែអ្នកស្រីផលិតបានតែ២០កញ្ជើតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថាៈ «ដូចរដូវនេះជារដូវប្រមូលផលទៀតអ៊ីចឹងរិតតែលក់ដាច់តែប្រាក់ចំណូលតិចតួចណាស់ បើលក់ថ្លៃជាងនេះអត់មានអ្នកទិញ»។ អ្នកស្រីឲ្យដឹងទៀតថាទម្រាំផលិតកញ្ជើនេះ បានអ្នកស្រីត្រូវចំណាយពេលដើររកមើលទិញដើមឫស្សី និងបិតឫស្សីសម្រាប់ត្បាញដែលត្រូវប្រើពេលយូរទៀត ហើយឫស្សីមួយដើមមានតម្លៃ៤ ០០០ រៀល ដែលឫស្សីមួយដើមនេះអាចធ្វើជាកញ្ជើតែបួនប៉ុណ្ណោះ។ ត្រង់ចំណុចនេះហើយ អ្នកស្រីថាក្មេងជំនាន់ក្រោយមិនបន្តរបរនេះនោះទេ។
ស្រ្តីដដែលបន្តថាៈ «ប្រាក់ចំណូលទាបតែបើយើងលក់ថ្លៃជាងនេះក៏អត់មានអ្នកទិញ..ពិបាកដែរសព្វថ្ងៃក្មេងៗគេទៅរោងចក្រអស់ហើយ»។
ចំណែកអ្នកស្រី រើន វ័យ៦៦ឆ្នាំ ជាអ្នកត្បាញកញ្ជើម្នាក់ទៀតឲ្យដឹងថា អ្នកភូមិទាំងក្មេងទាំងចាស់ សុទ្ធតែចេះត្បាញកញ្ជើទាំងអស់ តែប៉ុន្មានឆ្នាំនេះអ្នកស្រីថាក្មេងៗមិនសូវធ្វើការងារនេះទេ ដោយថាអ្នកទាំងនោះទៅធ្វើការនៅរោងចក្រវិញដែលអាចទទួលបានចំណូលច្រើនជាង។
អ្នកស្រីឲ្យដឹងថាៈ «តាំងពីកើតមកឃើញតែឪពុកម្តាយត្បាញកញ្ជើម្លោះហើយកូនៗចេះធ្វើកញ្ជើរហូតមកតែកូនប្រុសស្រីខ្ញុំគេចាប់របរជួញដូរវិញ...អ្នកខ្លះគេទៅរោងចក្របានលុយច្រើនជាង»។
តាមលោកមេភូមិ អៀង ភន ឲ្យដឹងថាភូមិជ្រៃនេះ មានកសិករប្រមាណជាជាង១០០គ្រួសារសុទ្ធតែប្រកបរបរធ្វើកញ្ជើលក់ដើម្បីរកប្រាក់ចំណូលបន្ថែមតែភាគច្រើនជាអ្នកមានវ័យចំណាស់ៗ៕
ចុចអាន៖