• 2018-02-05 07:47:57
  • ជំនឿ

ជំនឿបុរាណ ឪពុក​ម្តាយ​ត្រូវរៀបការ​ឲ្យកូនភ្លោះ កុំ​ឲ្យ​ព្រាត់ប្រាសគ្នា​

  • 2018-02-05 07:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី​ទើបមានអាយុ​ប្រាំមួយ​ឆ្នាំ​មួយ​គូ​នៅ​ស្រុក​ឈូក ខេត្ត​កំពត បាន​ក្រាប​ផ្ទឹម​នៅ​មុខ​ឪពុក​ម្តាយ​កាល​ពី​ចុងខែមករា តែ​ការ​ក្រាប​ផ្ទឹម​នេះ​​​មិន​មែន​ក្រាប​ផ្ទឹម​ក្នុង​ន័យ​​ស្រឡាញ់​គ្នា​ដោយ​ក្តីស្នេហានោះ​ទេ។ អាពាហ៍​ពិពាហ៍​កូន​​ភ្លោះ​មួយ​គូ​នៅ​វ័យ​ក្មេ​ខ្ចីនេះ ធ្វើឡើង​ទៅ​តាម​ជំនឿ​ដែល​មាន​តៗគ្នា​មក​ប៉ុណ្ណោះ ក្នុង​ន័យ​សុំ​ក្តីសុខ​ដល់​កូន​ភ្លោះ​ទាំង​ពីរ។

(កូនភ្លោះវ័យ​៦ឆ្នាំមួួយគូនៅខេត្ត​កំពតបាន​រៀបអាពាហ៍ពិពាហ៍ទៅតាម​ជំនឿបុរាណ កាលពី​ចុងខែមករា ឆ្នាំ២០១៨)

លោក ឡេវ ស៊ីនឿន ត្រូវជា​ឪពុក​របស់​កូន​ភ្លោះទាំងពី​រខាង​លើ​ រៀប​រាប់ថា​លោក​រៀប​អាពាហ៍​ពិពាហ៍​ឲ្យ​កូន​ភ្លោះ​ទាំង​ពីរ​របស់​លោកដើម្បី​ឲ្យ​កូនៗទទួលបាន​សេច​ក្តី​សុខ​។ លោក​បន្តថា​ ​ តាម​ប្រពៃណី​ខ្មែរ​ឲ្យ​តែ​អ្នក​មាន​កូន​ភ្លោះ​ត្រូវ​តែធ្វើពិធី​រៀប​ការ​ជាមួយគ្នា​ ទើប​មាន​​សេច​ក្តី​សុខ ​និង​រស់​នៅ​បាន​សុខ​ជួប​ជុំគ្នា​។​

លោក​បន្ថែមយ៉ាង​ដូច​នេះ​ថាៈ «ក្នុង​គោល​បំណង​ឲ្យ​កូន​បាន​សុខ​ កុំ​ឲ្យ​បែក​បាក់​គ្នា ខូច​មួយ​នៅ​មួយ​ ហើយ​ការ​រៀប​ការ​នេះ​មិន​មែន​ក្នុង​ន័យ​ប្តីប្រពន្ធ​ទេ​ តែ​ដើម្បី​ឲ្យ​បង​ប្អូន​វាជួប​ជុំគ្នា​ កុំ​ឲ្យ​ព្រាត់​ប្រាសគ្នា​ប៉ុណ្ណោះ​»។

សម្រាប់ពិធី​រៀបការ​នេះ លោក ឡេវ ស៊ីនឿន បញ្ជាក់​ថា​ពិធីនេះ​លោក​រៀបចំ​តែ​មួយថ្ងៃប៉ុណ្ណោះ ដោយ​ពេល​ព្រឹក​មាន​ពិធី​សូត្រមន្ត​ និង​រៀបចំ​សំពះផ្ទឹម​បាចផ្កាស្លា បង្វិល​ពពិល និង​ចងដៃ​។ ចំណែក​ពេល​រសៀល​លោក​ថា​ លោក​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិ​យស​ចូល​រួម​ពិសារ​អាហារ​ដូច​ពិធី​អាពាហ៍​ពិពាហ៍​ទូ​ទៅ​ដែរ​។ ​

ប្រហាក់ប្រហែល​នេះ ដែរ លោក លី នាក់ ជាឪពុក​របស់​កូន​ភ្លោះ​ភេទ​ផ្ទុយ​គ្នា​​មួយគូ​ទៀត​ បាន​និយាយ​ថា ​លោក​ជឿ​លើ​ជំនឿរៀបការ​ឲ្យ​កូន​ភ្លោះនេះ​ដែរ ហើយ​ថា​លោក​ក៏​មាន​បំណង​ធ្វើពិធីនេះ​ឲ្យ​កូនៗ​របស់​លោក​ផងដែរ។

លោក​បន្ថែមថាៈ «ដោយ​សារ​ចង់​រៀប​ការ​ឲ្យ​ពួក​គេ​ឲ្យ​​​បានអធិកអធម​បន្តិច ​ទើប​ពិ​ធី​ត្រូវ​ពន្យា​ពេល...​កូន​ស្រី​របស់ខ្ញុំ​ ធ្លាប់​គ្រោះ​ថ្នាក់​រហូត​ដល់​បាក់​ជើង​ម្ខាង​ពេល​បាន​អាយុ៣​ឆ្នាំ​ ឯ​កូន​ប្រុស​វិញ​រក​កល់​ចូល​ម៉ូតូ​ជា​ច្រើន​ដង​មក​ហើយ​ ហើយ​ឆាប់​នេះ​ខ្ញុំ​នឹង​រៀប​ចំ​រៀប​ការ​ឲ្យ​ពួកគេ​ឲ្យ​ស្រេច​បាច់​ឲ្យ​ហើយ​ ដើម្បី​កុំ​ឲ្យ​មាន​រឿង​រ៉ាវ​មិន​ល្អ​ដល់​ពួក​គេ​»។

ចំណែក​លោក វង្ស អិត ជា​អាចារ្យ​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ពិធី​រៀប​ការ​ឲ្យ​កូន​ភ្លោះ​ឲ្យដឹង​ដែរ​ថា ការ​រៀប​ការ​ឲ្យ​កូន​ភ្លោះ​គឺ​ចាស់​បុរាណ​បាន​ធ្វើតៗ​គ្នា​មក​ តែ​មិន​មាន​ចែង​ក្នុង​ក្បួន​គម្ពី​អ្វី​នោះ​ទេ​។ លោក​បន្តថា​ ពិធីនេះ​ក៏មិន​កំណត់​ពី​អាយុ​របស់​កូន​ភ្លោះដែរ​ ពោល​គឺ​អាស្រ័យ​លើ​ឪពុក​ម្តាយ​សាច់​ញាតិ​ សំខាន់គឺ​កូនៗមាន​វ័យ​ធំដឹង​ក្តី​បន្តិច​ ចេះ​ដឹង ​និង​អាច​កាន់​ផ្កាស្លា​បាន​៕

អត្ថបទដោយ៖ គីម សាយ

មតិយោបល់