• 2018-02-14 03:17:21
  • សុខភាព

មន្ទីរពេទ្យកុមារអង្គរ ក្តីរំពឹង​របស់​កុមារក្រីក្រ

  • 2018-02-14 03:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពីព្រលឹម​រហូត​ដល់ល្ងាច​ឪពុក​ម្តាយ​ខ្ទង់​រយ​នាក់​បាន​អង្គុយ​រង់​ចាំ​​វេន​របស់​ខ្លួន​ដើម្បី​បាន​នាំ​​កូន​តូចៗ​របស់​ខ្លួន​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​។ ​មន្ទីរពេទ្យ​ដែល​មាន​ទី​ទាំង​ស្ថិត​ក្នុង​ខេត្ត​ទេសចរ​ណ៍​ដ៏​ល្បី​ល្បាញ​មួយ​នេះ​បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កុមារ​ពីអាយុ​សូន្យ​ឆ្នាំ​រហូត​ដល់​១៦​ឆ្នាំ​ដោយ​មិន​គិត​ប្រាក់​។

(ប្រ​ជា​ពល​រដ្ឋ​កំពុង​អង្គុយ​រង់ចាំវេន​នាំកូន​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ/រូបភាព៖ មន្ទីរពេទ្យ​កុមារអង្គរ)

ក្នុង​មួយ​ថ្ងៃ​មាន​កុមារ​មិន​តិចជាង​៥០០​នាក់​ទៅ​៦០០​នាក់​ទេ​ដែល​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ខេត្ត​សៀម​រាប។ ​មន្ទីរពេទ្យ​នេះ​ត្រូវបាន​កសាង​ឡើង​នៅ​ឆ្នាំ១៩៩៩ ដោយ​ជនជាតិ​ជប៉ុន​ លោក ខេនរ៉ូ អ៊ីស៊ុ។ បន្ទាប់ពី​បាន​មក​បំពេញ​បេសកកម្ម​ជាអ្នក​រថតរូប​នៅ​​ទឹក​ដីអង្គរ​នៅ​ឆ្នាំ​១៩៩៣ លោក ខេនរ៉ូ អ៊ីស៊ុ បាន​ដក់​ចិត្ត​ជាប់នឹង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ និង​បាន​ឃើញ​ទុក្ខលំបាក​មួយ​ចំនួន​របស់​ពល​រដ្ឋខ្មែរលើ​ប្រ​ព័ន្ធ​ថែទាំ​សុខភាព​ ដែល​នៅ​ពេល​នោះ​នៅ​មាន​ចន្លោះ​ខ្វះខាត​នៅ​ឡើយ។ ត្រង់ចំណុចនេះ​ បាន​ញ៉ាំង​ចិត្ត​របស់​លោក​ចង់​ធ្វើ​អ្វី​មួយ​សម្រាប់​ពល​រដ្ឋ​ខ្មែរ ជា​ចុងក្រោយ​លោក​សម្រេច​បង្កើត​មន្ទីរពេទ្យនេះឡើង។

លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា នាយ​កមន្ទីរ​ពេទ្យកុមារ​អង្គរ​ បាន​​ឲ្យដឹងថា ​មន្ទីរ​ពេទ្យកុមារ​អង្គរ​មាន​ទស្សនៈវិស័យចម្បង​មួយគឺ​ព្យាបាល និងថែទាំ​ដល់កុមារ​កម្ពុជា​ប្រកប​​​ដោយ​​​គុណភាព​ ក្ដី​មេត្តា​ករុណា​ និង​មិនគិត​កម្រៃ។ គិត​ចាប់​ពី​ថ្ងៃ​ដំណើរ​ការ​លើក​ដំបូង​មក​ទល់ពេល​នេះ លោក វេ​ជ្ជបណ្ដិត​ថា​មន្ទីរពេទ្យ​បាន ទទួលពិនិត្យ និងព្យាបាល​កុមារ​មិន​តិចជាង​១,៥លាន​នាក់​នោះទេ។

​លោក​បន្ត​ថា​មន្ទីរ​ពេទ្យកុមារ​អង្គរ​ក៏មាន​បេសក​កម្ម​ក្នុង​ការ​សហការ​ជាមួយក្រសួង​សុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាល​ ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ប្រព័ន្ធ​សុខាភិបាល​​នៅ​កម្ពុជាផងដែរ។

បើ​និយាយ​ពី​ឈ្មោះ​មន្ទីរ​ពេទ្យ​នេះ​វិញ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ បាន​ហៅ​មន្ទីរ​ពេទ្យនេះ​ថា​​មន្ទីរពេទ្យ​បេះដូង។ ប្រ​ជា​ពល​រដ្ឋ​ហៅ​បែប​នេះ លោក វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ដ្រា ពន្យល់ថា​ដោយ​សារ​តែ​ឡូហ្គូ​របស់​មន្ទីរពេទ្យ​មាន​រូបស្លឹក​​​ឈើ​លាស់​ខ្ចី​ពត់កោង​ប្រៀប​ដូចជា​បេះដូង។ ​ កំពុង​អង្គុយ​រង់​ចាំ​យក​កូន​ចូល​បន្ទប់ពិនិត្យ​ជំងឺ អ្នកស្រី ​ស្រីភ័ណ្ឌ រស់​នៅ​ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង ប្រាប់​Sabay ​ថា​អ្នកស្រី​បាន​យក​កូន​ប្រុស​អាយុ៤ឆ្នាំ ដែល​មានជំងឺខ្វះកំណក​ឈាម​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាច្រើ​ន​លើក​មក​ហើយ។ អ្នកស្រី​បញ្ជាក់​​ថា បន្ទាប់​​ពី​ទទួល​បាន​ការព្យា​បាល​កូនប្រុស​របស់​អ្នកស្រី​​បាន​ធូរ​ស្បើយ​ច្រើន​។

ចំណែក​អ្នកស្រី ស្រីយ៉ា អ្នក​ស្រុក​ពួក ខេត្តសៀម​រាប វិញ​បញ្ជាក់ថា​អ្នកស្រី​តែងនាំកូន​ប្រុស​អាយុ​១ឆ្នាំ មក​ព្យាបាល​នៅ​មន្ទីរពេទ្យកុមារអង្គរ​នេះ ដោយ​ហេតុ​ថា​គុណភាព​ព្យាបាល​ល្អ​និង​មិន​គិត​ថ្លៃ​ព្យាបាល។ ​

បច្ចុប្បន្ន​មន្ទីរ​ពេទ្យ​កុមារអង្គរ​មាន​បុគ្គលិក​សរុប​ជាង ៥០០នាក់ ក្នុងនោះ ៩៨%ជាជន​ជាតិ​ខ្មែរ។ មន្ទីរ​ពេទ្យអាច​ដំណើរ​ការ​ទៅ​បាន​អាស្រ័យ​ទៅលើ​ការ​ផ្ដល់​ជំនួយ​ពីសប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។

លោកវេជ្ជ​បណ្ឌិត ងួន ច័ន្ទភក្ដ្រា បញ្ជាក់ថា ក្នុង​មួយ​ឆ្នាំ​មន្ទីរពេទ្យត្រូវការថវិកាប្រមាណ​ ៦លាន​ ៥សែន​ដុល្លារ​ សម្រាប់ប្រតិបត្តិការ​របស់​ខ្លួន ហើយថា​ការ​គៀងគរ​រក​ថវិកា​គឺ​ជាបញ្ហា​ប្រឈម​ចម្បង​បំផុត​របស់​មន្ទីរពេទ្យ​។

​បើ​ទោះ​បី​ជា​មន្ទីរ​ពេទ្យ​ទទួល​បានមូលនិធិទ្រទ្រង់​សម្រាប់​ដំណើរ​ការ​ជារៀង​រាល់​ឆ្នាំ​ក្ដី ក៏ប៉ុន្ដែ​លោក​វេជ្ជ​បណ្ឌិត​ ងួន ច័ន្ទ​ភ​ក្ដ្រា ថា​ការ​ចូល​រួម​បរិច្ចាក​ពី​សាធារណជន​ខ្មែរ​កាន់តែច្រើន​​ដល់មន្ទីរ​ពេទ្យ​គឺជា​​កក្តា​​សំខាន់​ក្នុងការ​ទ្រទ្រង់​មន្ទីរពេទ្យ​ទៅ​អនាគត។

លោកវេជ្ជ​បណ្ឌិ​​ត​​បញ្ជាក់ថា ការចូលរួម​​របស់​សប្បុរសជន​ខ្មែរ គឺជាផ្នែក​មួយ​ដ៏សំខាន់​​ដើម្បីបង្ហាញ​ឲ្យ​ឃើញ​ពីទឹក​ចិត្ត​​​ខ្មែរ​ស្រឡាញ់​ខ្មែរ និង​ការ​ធ្វើឲ្យ​កាត់តែប្រសើរឡើង​​លើ​​សេវា​ព្យាបាល​ជូន​ដល់​កុមារ​កម្ពុជា​បន្ថែម​ទៀត​៕

ចុចអាន៖

អត្ថបទដោយ៖ រស់ សុជាតិ​

មតិយោបល់