- 2018-09-03 10:30:00
- សុខភាព
រលូតកូនញឹកញាប់ មិនមែនបានន័យថា ស្រ្តីមិនអាចមានកូននោះទេ តែអាចមកពីហេតុផល ៤នេះ
- 2018-09-03 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលូតកូនញឹកញាប់ មិនមែនបានន័យថា ស្រ្តីមិនអាចមានកូននោះទេ តែអាចមកពីហេតុផល ៤នេះ
ចន្លោះមិនឃើញ
ស្ត្រីគ្រប់រូប ដែលជួបនឹងការរលូតកូនញឹកញាប់ មិនមែនបានន័យថា ស្ត្រីមិនអាចមានកូននោះទេ គឺស្ត្រីអាចនៅមានឱកាស ក្នុងការសម្រាលបុត្រធម្មតា ដូចគេដូចឯង គ្រាន់តែស្ត្រីនឹងអាចមានភាគរយនៃការរលូតកូនឡើងវិញ គឺអាស្រ័យទៅនឹងមូលហេតុមួយចំនួន។
ការរលូតកូនញឹកញាប់ គឺជាបញ្ហាគភ៌មិនមានការលូតលាស់ក្រោមអាយុ២០សប្ដាហ៍ លើសពី ៣ដងឡើង។ គេប្រទះឃើញស្ថានភាពនេះ កើតមានលើស្ត្រី ៣ទៅ៥នាក់ ក្នុងចំណោមស្ត្រី ១០០នាក់។
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព មាតា បានបញ្ជាក់ថា ស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ នឹងអាចជួបការរលូតកូនម្ដងទៀត ២៥ ភាគរយ។ ចំពោះស្ត្រីដែលមានអាយុលើស ពី៤០ឆ្នាំនឹងអាចជួបការរលូតកូនម្ដងទៀតចន្លោះ ៥០ទៅ៦០ភាគរយ។
ថ្វីបើមិនទាន់មានមូលហេតុច្បាស់លាស់ នៃការរលូតកូនប៉ុន្តែ តាមកត្តា ៤ដូចខាងក្រោម ដែលស្ត្រីច្រើនជួប និងអាចឈានដល់ការរលូតកូន។
១. កត្តាហ្សែន
គេសង្កេតឃើញ ៥០ភាគរយនៃការរលូតកូនគឺបណ្តាលមកពីកត្តាហ្សែន ពិសេសស្ត្រីអាយុកាន់តែច្រើន អត្រាជួបនឹងភាពខុសប្រក្រតីលើកូនកាន់តែកើន អត្រានៃការរលូតក៏កាន់តែខ្ពស់ដែរ។
២. កត្តាប្រព័ន្ធភាពសុំា
ដូចជាជំងឺ Thrombophilia ដែលជាជំងឺតំណពូជ ហើយរ៉ាប់រងចន្លោះ ១២ទៅ១៥ ភាគរយនៃការរលូតកូនញឹកញាប់។ ជំងឺអង់ទីករប្រឆាំងនឹងគ្រាប់ឈាម ពិសេសលើស្ត្រីមានក្រុមឈាមប្រភេទដក ក៏ជាមូលហេតុ នៃការរលូតកូនញឹកញាប់ដែរ។
៣. កត្តាស្បូនខុសប្រក្រតី
ដូចជាករណីមានដុំ ស្បូនទីតាំងក្នុងស្រទាប់រដូវ ឬស្បូនមានសន្ទះខណ្ឌជាពីរ ភាពស្អិតក្នុងស្បូន ឬការអន់ខ្សោយ នៃមាត់ស្បូន។
៤. កត្តាអ័រម៉ូន កង្វះខាតអ័រម៉ូន Progesteone
ការលើសនូវជាតិស្ករក្នុងឈាម ការលើសឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ជាមូលហេតុ ដែលឲ្យមានការរលូតកូនញឹកញាប់។
រឿងគួរធ្វើក្រោយករណី រលូតកូន
ការឆែកសុខភាពក្នុងករណីរលូតកូនញឹកញាប់ ជាធម្មតា ស្ត្រីតែងតែមានអារម្មណ៍ភ័យនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះថ្មី បន្ទាប់ពីមានប្រវត្តិរលូត។ ជាទូទៅការសិក្សាបញ្ជាក់ថា ការមានប្រវត្តិរលូត១ ឬ២ដង ស្ត្រីនៅតែអាចមានអត្រាមានបុត្រដូចស្ត្រីមិនធ្លាប់មានប្រវត្តិរលូតកូន។ តែចំពោះស្ត្រី ដែលមានប្រវត្តិរលូតលើសពី បីដងឡើងអាចត្រូវឆែករកមើលមូលហេតុមួយចំនួន ដើម្បីត្រៀមខ្លួនទទួលគភ៌សាជាថ្មីទៀត។
ការឆែកសុខភាពរួមមាន
ការពិនិត្យរោគស្ត្រី និងអេកូស្បូន ដើម្បីមើលនូវភាពខុសប្រក្រតីនៃស្បូន ឬមាត់ស្បូន ការឆ្លុះក្នុងស្បូន ដើម្បីមើលឲ្យកាន់តែច្បាស់ នូវភាពខុសប្រក្រតីក្នុងស្រទាប់រដូវ ដូចជា ដុំស្បូន ដែលពិបាកមើលតាមអេកូ ឬស្អិតស្រទាប់រដូវជាដើម។
ការច្រឹបស្រទាប់រដូវយកទៅវិភាគ ដើម្បីរកមើលនូវភាពខុសប្រក្រតីនៃស្រទាប់រដូវតេស្តឈាមមួយចំនួន ដូចជាតេស្តឈាម រកកម្រិតអ័រម៉ូន Progesterone ដែលទាក់ទងជាមួយគុណភាពនៃមេជីវិតស្ត្រី និងជួយស្រទាប់រដូវឲ្យចិញ្ចឹមកូនបានល្អក្នុងពេលពពោះ។
ការលើស ឬខ្វះនូវអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ក៏ជះឥទ្ធិពលលើការលូតលាស់កូនដែរ។ ការលើសជាតិស្ករ ក៏ជាកត្តាឲ្យមានការរលូតកូនញឹកញាប់ដែរ។ ការឆែកមើលតេស្តឈាមរកមើលជំងឺតំណពូជ ទាំងស្ត្រី និងបុរស អាចឲ្យយើងដឹងពីមូលហេតុ និងការរៀបចំខ្លួនត្រៀមយកកូនសាជាថ្មី។ ជាតិវីតាមីនដេ និងការមើលទាក់ទងនឹងប្រព័ន្ធភាពសុំា បើក្នុងករណីមានបញ្ហាយើងអាចធ្វើការការពារបានមុន។