• 2018-09-23 03:51:16
  • សេដ្ឋកិច្ច

ខេត្តកោះកុង ជាប់ក្នុងបញ្ជី ៥កន្លែងល្អបំផុតនៅអាស៊ី សម្រាប់អ្នកចង់គេចចេញពីពិភពស្មុគស្មាញ

  • 2018-09-23 03:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មនុស្ស​រស់​នៅ​ជាមួយ​ទូរស័ព្ទ​ឆ្លាត​វៃ ការ​ប្រយុទ្ធ​ប្រឆាំង​តាម​ផ្លូវ​ទៅ​កាន់​កន្លែង​ធ្វើការ ចរាចរណ៍​ដ៏​​មមាញឹក ការ​បំពុល​បរិស្ថាន​ដោយ​ផ្សែង​យានយន្ត​ក្នុង​ទីក្រុង ហើយ និង​ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​​ជីវិត និង ការ​ការ​រស់​នៅ​ក្នុង​សង្គម ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​អ្នក​ទីក្រុង​​មាន​ការ​តាន​តឹង។

សារព័ត៌មាន​ដ៏​ល្បី​​​របស់​ហុងកុង The South China Morning Post បាន​​លើក​ឡើង​ពី​៥​កន្លែង​ល្អ​បំផុត​នៅ​អាស៊ី ដែល​អ្នក​អាច​គេច​ចេញ​ពី​ពិភព​ដ៏​ស្មុគស្មាញ ត្រលប់​ទៅ​កាន់​ធម្មជាតិ​ អាច​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ទូរស័ព្ទ ភ្លេច​ស្ពាយ​ការងារ​ដ៏​មមាញឹក​ពី​ការិយាល័យ នៅ​ពេល​ដែល​បាន​ទៅ​ដល់​កន្លែង​ទាំង​នោះ។

១ ឧទ្យានជាតិ Daisetsuzan ប្រទេសជប៉ុន

ជា​ស្ថានសួគ៌​សម្រាប់​អ្នក​ចូលចិត្ត​ឡើងភ្នំ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ជាង ២ ៣០០ គីឡូម៉ែត្រ​ការ៉េ។ កំពូល​ភ្នំ​ខ្ពស់​បំផុត​ចំនួន​ ១៦ ដែល​មាន​កម្ពស់​ខ្ពស់​ជាង ២​ពាន់​ម៉ែត្រ មាន​បឹង មាន​ភ្នំ​ភ្លើង​ដ៏​ស្រស់​ស្អាត ព្រៃ និង និទាឃៈរដូវ ដ៏​កក់​ក្តៅ។

វា​ជា​ជម្រក​សត្វ​ព្រៃ​​ដ៏​សម្បូរ​បែប ដែល​រួម​មាន​ខ្លា​ឃ្មុំ​ពណ៌​ប្រផេះ កញ្ជ្រោង​ក្រហម​អេហ្សូ និង សត្វ​ភីកា (ស្រដៀង​ទន្សាយ) ដែល​មាន​ទេសចរ​មិន​ច្រើន​ឡើយ​ទៅ​​ទីនោះ។

នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ទេសភាព​​ប្រៀបបាន​ក្រណាត់​ពណ៌​ទឹកក្រូច​​ស្រស់​និង ពណ៌​ត្នោត ហើយ​សូម្បី​តែ​នៅ​រដូវក្តៅ​ ឧទ្យាន​នេះ​ត្រជាក់​ស្រួល​ខ្លួន។

២ វាលខ្សាច់ Gurbantunggut ប្រទេសចិន

ជាមួយនឹងទេសភាពដូចភពព្រះអង្គារ ការមកទស្សនាវាលខ្សាច់ Gurbantunggut មានអារម្មណ៍ដូចជាការគេចខ្លួនទៅពិភពលោកផ្សេងទៀត។ ស្ថិត​នៅ​ខេត្ត​ស៊ីនជាំង ភាគ​ពាយ័ព្យ​ប្រទេស​ចិន វា​ជា​វាល​ខ្សាច់​ធំ​លំដាប់​ទី​២​របស់​ប្រទេស ដែល​គ្របដណ្តប់​លើ​ផ្ទៃ​ដី ៥​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ។

វាល​ខ្សាច់​នេះ​លាយឡំ​ជាមួយ​កូន​ភ្នំ ដើម​ឈើ​ខៀវ​ស្រងាត់ បឹង​ទឹក​ប្រៃ ដូច​បឹង​​អំបិល​ម៉ាណាស លាយ​ឡំ​ដោយ​សហគមន៍​តូចៗ​របស់​ប្រជាជន​នៅ​លើ​វាលខ្សាច់ ធ្វើ​ឲ្យ​ទិដ្ឋភាព​នោះ​កាន់​តែ​អស្ចារ្យ។

៣ ខ្ពង់រាប​​ម៉ាស្តាំង (Mustang) ប្រទេស​នេប៉ាល់

អ្នក​ទេសចរ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​កំពូល​ភ្នំ​អេវ៉ារ៉េស​ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​ក្នុងលោក និង Annapurna ធ្វើ​ឲ្យ​ជួរភ្នំ​ហិមាល័យ មាន​ប្រជាប្រិយភាព​បំផុត​នៅ​រដូវ​ឡើង​ភ្នំ។

អ្នកទេសចរ​ណា​ដែល​ចង់​​ឡើង​ទៅ​តំបន់​ហាម​ឃាត់​លើ​កំពូល​ភ្នំ ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​៥០០ ដុល្លារ សម្រាប់​រយៈ​ពេល​១០​ថ្ងៃ​ដើម្បី​ចូល​ទៅ​កាន់​តំបន់​នោះ ហើយ ត្រូវ​អម​ជាមួយ​ដោយ​មន្ត្រី​​របស់​ប្រទេស​នេប៉ាល់​ឡើង​ទៅ​តំបន់​នោះ​ជាមួយ​គ្នា។

៤ ខេត្ត​កោះកុង ប្រទេស​កម្ពុជា

ខេត្ត​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ​មាន​ឆ្នេរ​សមុទ្រ​ដ៏​បរិសុទ្ធ​ដែល​មិន​ត្រូវ​បាន​ប៉ះ​ពាល់​ដោយ​មនុស្ស​ភាគ​ច្រើន។ ការ​ដើរ​លេង​តាម​មាត់​បឹង ឬ ដៃ​សមុទ្រ​ជា​មធ្យោបាយ​ពេញ​និយម​ជាង​គេ​ក្នុង​ខេត្ត​កោះកុង។

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ការ​កម្សាន្ត​បែប​នោះ អ្នក​អាច​ស្នាក់​នៅ​​ឲ្យ​បាន​ច្រើន​ថ្ងៃ​ដើម្បី​ដើរ​កម្សាន្ត​នៅ​កោះកុង ដែល​ជា​​តំបន់​ព្រៃ​ត្រូពិក​ដ៏​ធំ​ជាង​គេ​បំផុត​តំបន់​អាស៊ីអាគ្នេយ៍។

ប្រភព​ខាង​លើ​បាន​រៀបរាប់​ថា បើ​ទោះ​ជា​មាន​ការ​កាប់​ទន្ទ្រាន​ព្រៃ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​​ជម្រក​សត្វ​ព្រៃ​ដ៏​មាន​សក្ដានុពល​រាប់​សតវត្ស​នេះ​មាន​កន្លែង​ដ៏​ល្អ​ឯក​ជា​ច្រើន​កន្លែង​ដែល​សល់​​នៅ​ក្នុង​តំបន់​អភិរក្ស។

​​​​៥ ជ្រលង Orkhon ប្រទេស​ម៉ុងហ្គោលី

មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​ប្រទេស​ម៉ុងហ្គោលី ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ធំ​សម្បើម​គ្រប​ដណ្តប់​លើ​វាល​ស្មៅ​ទំហំ ១២១ ០០០ ហិចតា។ ដី​នេះ​ក៏​ជា​តំបន់​ជម្រក​សំខាន់​របស់ ចៀម ពពែ សេះ និង សហគមន៍​អ្នក​ស្រុក​ផង​ដែរ។

អ្នក​ក៏​អាច​ទៅ​ស្នាក់​នៅ​ជាមួយ​គ្រួសារ​អ្នក​ស្រែ​ចម្ការ សប្បាយ​ជាមួយ​នឹង​សត្វ​ពាហនៈ។ នៅ​យប់​មេឃ​ស្រលះ​អ្នក​នឹង​បាន​មើល​ឃើញ​​ផ្កាយ​ដ៏​ស្រស់​ស្អាត​មុន​ពេល​​អ្នក​ចូល​និវត្តន៍។ អ្នក​ក៏​អាច​ស្វែងយល់​ពី​តំបន់​ដែល​ប្រពៃណី​នៃ​ការ​ជិះ​សេះ​ត​រាប់​ជំនាន់។ រីករាយ​នឹង​ទឹក​ជ្រោះ​កម្ពស់​១៦​ម៉ែត្រ នៅ​ជ្រលង Orkhon៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់