- 2019-12-13 02:22:49
- សេដ្ឋកិច្ច
របាយការណ៍៖ កម្ពុជាកំពុងប្រឈមបញ្ហាចំនួន៤ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
- 2019-12-13 02:22:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របាយការណ៍៖ កម្ពុជាកំពុងប្រឈមបញ្ហាចំនួន៤ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
ចន្លោះមិនឃើញ
របាយការណ៍ថ្មីមួយបានបង្ហាញថា កម្ពុជាកំពុងប្រឈមបញ្ហាចំនួន ៤ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង។ របាយការណ៍ដែលត្រូវបានលើកឡើង នៅក្នុងវេទិកាស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Forum on Urban Infrastructure Development) ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា មានការចូលរួមពី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ហ្វ.ក្លេអូ កាវ៉ាវ៉ាគី (F. Cleo Kawawaki) អគ្គនាយករង ADB ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍។ លោក វង្សី វិស្សុត បានថ្លែងថា ការរៀបចំ និងការអភិវឌ្ឍទីក្រុង ត្រូវតែឈរលើគោលការណ៍
ទី១. ការតភ្ជាប់ និងច្រករបៀងសេដ្ឋកិច្ចទីក្រុង ដោយផ្អែកលើខ្សែសង្វាក់តម្លៃ នៃផលិតកម្ម និងសេវាកម្ម
ទី២. ការបង្កើតការងារ
ទី៣. ការធ្វើសមាហរណកម្មសង្គម និងបរិយាប័ន្ន (Social Integration and Inclusiveness)
ទី៤. ការគ្រប់គ្រងបរិស្ថាន និងការទប់ទល់បានទៅនឹងគ្រោះមហន្តរាយធម្មជាតិ
ទី៥. ការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងទីក្រុង។
យ៉ាងណាមិញលោក វង្សី វិស្សុត បានបន្ថែមថា ការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងប្រឈមនូវបញ្ហា ៤ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺ៖
ជាមួយគ្នានោះ លោក វង្សី វិស្សុត បានរំលេចនូវមូលដ្ឋានជាយុទ្ធសាស្ត្រចំនួន០៣ សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធ ក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន ទី១. ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាកសំណល់រឹង និងទឹកកខ្វក់ជាដើម។ ទី២. ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង, ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ និងទី៣. ការរៀបចំយន្តការប្រមូលចំណូល (cost recovery) ប្រកបដោយសមធម៌ និងនិរន្តរភាព សម្រាប់ទូទាត់លើចំណាយវិនិយោគ។ ទាក់ទងបញ្ហានេះ លោក វង្សី វិស្សុត អះអាងថា រាជរដ្ឋាភិបាលកំពុងគិតគូររៀបចំយន្តការហិញ្ញប្បទានវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ ដើម្បីធានាដល់និរន្តរភាពនៃប្រភពហិរញ្ញប្បទានផង ហើយធានាបាននូវយុត្តិធម៌សង្គមផង។ ជាទស្សនទានរួម នៃការអភិវឌ្ឍទីក្រុង គឺទីក្រុងត្រូវតែរ៉ាប់រងការចំណាយអភិវឌ្ឍន៍នេះដោយខ្លួនឯង ហើយយើងមិនចង់ឃើញប្រជាពលរដ្ឋនៅទីជនបទត្រូវរែកពន់នូវអម្រែកនៃការចំណាយនេះដែរឡើយ។ នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការប្រចាំការបានស្នើដល់ ADB ឱ្យពន្លាតការចូលរួមនៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួនឱ្យបានទៅដល់ទីក្រុងផ្សេងៗទៀត ដោយពុំគួរផ្តោតតែទៅលើទីក្រុងធំៗ ឬទីក្រុងថ្នាក់ទី១ (Metropolitan or First Tier City) ទេ ពោលគឺត្រូវផ្តោតទៅលើទីក្រុងថ្នាក់ទី២ (Second Tier City) និងថ្នាក់ទី៣ (Third Tier City) ផងដែរ។ ការធ្វើដូចនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រា តាំងទីលំនៅថ្មី នៅក្នុងទីក្រុងភ្នំពេញ ហើយបង្វែរទិសដៅឱ្យទៅកាន់តំបន់ ឬទីក្រុងផ្សេងៗទៀត តាមរយៈយុទ្ធសាស្ត្របង្កើតការងារ និងការបង្កើតលំនៅឋានគួរឱ្យចង់រស់នៅ។ វេទិកានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ជាធាតុចូលដល់កិច្ចអភិវឌ្ឍកម្ពុជា ហើយក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០១៩-២០២៣ (CPS) រវាង ADB និងកម្ពុជា ដែលទើបត្រូវបានអនុម័តថ្មីៗនេះ ក៏នឹងផ្តោតទៅលើការងារ ការកសាងទីក្រុងគួរឱ្យចង់រស់នៅ (Building livable cities) ដែលស្របគ្នាទៅនឹងគោលដៅជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងការរៀបចំដែនដី និងនគររូបនីយកម្ម ដែលជាវិស័យអាទិភាពមួយ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។ ក្របខ័ណ្ឌភាពជាដៃគូថ្មីនេះ នឹងចូលរួមចំណែកជួយកម្ពុជាឱ្យអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕