• 2020-01-20 07:55:56
  • សេដ្ឋកិច្ច

មុនយកលុយ​ដែលខូច​គុណភាព​ទៅប្តូរយកថ្មី មកមើល​ចំណុច​ទាំងនេះសិន!

  • 2020-01-20 07:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្តីណែនាំ ស្តីពី​ការពិនិត្យប្តូរប្រាក់រៀល មិនគ្រប់លក្ខណៈ របស់​ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៩ បាន​បង្ហាញ​ពី​គោលការណ៍​វាយតម្លៃ​ប្រាក់រៀល មិនគ្រប់លក្ខណៈ​រួមមាន ៤ចំណុច​ដូចខាងក្រោម៖

១.ប្រាក់រៀលខូចគុណភាព​មកពី​អាយុកាលប្រើប្រាស់ ដូចជា​ពុកផុយ ចាស់ ទក់ រហែក ហើរពណ៌ ឬដាច់ដោចជាច្រើ​កន្លែង ប៉ុន្តែរក្សា​ភាពដើម​ទំហំ ៧០% នៃក្រដាសប្រាក់ គឺ​ធនាគារ​អាច​ពិនិត្យ​ប្តូរជូន​ភ្លាមៗ។

២. ប្រាក់​រៀល​ខូចគុណភាព​មកពី​ការថែទាំ​មិនបាន​ល្អ៖

-ក្រដាសប្រាក់​ប្រឡាក់​ប្រេង ឬទឹកខ្មៅ​តិចតួច ជ្រួញ សរសេរ ឬគូរវាស​តិចតួច ឬ រហែកបាត់​បង់​ទ្រង់ទ្រាយ ប៉ុន្តែ​នៅមាន​ហត្ថលេខាទាំង២ និងលេខមាលាគ្រប់គ្រាន់ ហើយ​បិទផ្គុំគ្នា​រក្សាភាពដើម​ទំហំ ៧០% នៃ​ក្រដាសប្រាក់ គឺ​អាចពិនិត្យ​ប្តូរជូនបាន។

-ធនាគារ​ជាតិនៃកម្ពុជា បដិសេធ​មិនប្តូរ​ក្រដាស​ប្រាក់​ដែល​បាត់បង់​ទំហំ​ពី៣០%ឡើងទៅ។ ក្រដាស​ប្រាក់​ទាំងនោះ ត្រូវ​ដកចេញពីចរាចរ ដោយគ្មាន​សំណង​ចំពោះ​ម្ចាស់ទេ លើកលែង​តែ​ករណី​ពិសេស​ដែល​ធនាគាត​ជាតិ យល់​ព្រម​សងមួយផ្នែក ឬទាំងអស់។

-ក្រដាសប្រាក់ បៀមទឹក ភ្លើងឆេះ កណ្តៀរ​កោរកណ្តុរកាត់ ដោយ​សារការធ្វេស​ប្រហែស ទុកដាក់មិនបាន​ល្អ ឬ​ករណី​ប្រធានស័ក្តិ ដូចជា​ខ្យល់ព្យុះ ទឹក​ជំនន់ លិចកប៉ាល់-ទូក ភ្លើង​ឆេះផ្ទះ ឆេះអគារ គឺ​អាច​ពិនិត្យ​ប្តូរតាមលក្ខខណ្ឌ​ដូចខាងក្រោម៖

  • ក្នុងករណី​មានចំនួន២ ឬ ៣សន្លឹក ហើយ​ផ្ទៃ​ក្រដាសប្រាក់​ខូចតិចតួច ធនាគារ​ជាតិ​អាចពិនិត្យ​ប្តូរជូនភ្លាម​តាមតម្លៃ​ដើម​នៃសន្លឹក​ក្រដាសប្រាក់។

  • ក្នុងករណី​មាន​ចំនួន​ច្រើនសន្លឹក ធនាគារជាតិ​មិន​អាចប្តូរ​ជូន​បាន​ភ្លាម​ទេ គឺ​ត្រូវ​ទទួល​ទុក​ជាបណ្តោះអាសន្ន​ដើម្បី​គណៈកម្មការ​ពិនិត្យ​ និង​សម្រេច​លទ្ធភាព​អាចប្តូរបាន​ ឬមិនបាន។ ម្ចាស់​ប្រាក់​ត្រូវបំពេញ​លិខិត​សុំប្តូរប្រាក់​មិនគ្រប់លក្ខណៈ នៅនាយកដ្ឋាន​បោះផ្សាយ​ និង​ឃ្លាំងបេឡា​ស្នាក់ការកណ្តាល (ការិយាល័យ​គ្រប់គ្រងសាច់ប្រាក់) ហើយ​ត្រូវមានលិខិត​បញ្ជាក់​ពីអាជ្ញាធរ​ ឬនគរបាល​មូលដ្ឋាន​ច្បាស់​លាស់​អំពី​ករណី​ប្រធានស័ក្តិ​ដែលបានកើតឡើង។

៣.ប្រាក់​រៀល​ខូច​គុណភាព​មកពីចេតនាបំផ្លាញ៖

-ក្រដាសប្រាក់​ត្រូវបាន ប្រឡាក់​ប្រេង ទឹកថ្នាំ សរសេរ ឬគូរវាស លើ​ព្រះឆាយាល័ក្ខ​ព្រះមហាក្សត្រ​គឺ​ត្រូវដកហូត​ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់ប្រាក់​ឡើយ។

-ក្រដាសប្រាក់​​នៅថ្មី តែរហែក​ដាច់​ដោយស្នាម​ចាប់ហែក ឬកាត់ផ្តាច់ ហើយ​មានផ្ទៃនៅសល់​លើសពី ៧០% និង​រក្សាបាន​នូវហត្ថលេខាទាំង២ និង​លេខមាលាគ្រប់គ្រាន់ គឺ​អាច​ប្តូរបានតែ ២ ឬ ៣សន្លឹក​ប៉ុណ្ណោះ។ ក្នុង​ករណី​ មាន​ចំនួន​ច្រើនសន្លឹក ធនាគារ​ជាតិ មិនអាច​ប្តូរជូនបាន​ភ្លាមទេ គ្រាន់តែ​ទទួល​ទុក​បណ្តោះអាសន្នដើម្បីពិនិត្យ។

-ក្រដាសប្រាក់ ប្រឡាក់ប្រេង​ដាមច្រើន ឬសរសេរគូរវាស​ក្រវេមក្រវាម​ធ្វើឱ្យបាត់​រូបភាព​ក្រដាសប្រាក់ពិត ឬប្រឡាក់​ទឹកថ្នាំគ្រប់​ប្រភេទ ដែលចេញ​ពីឧបករណ៍​សុវត្ថិភាព​របស់​ម៉ាស៊ីន ATM ធនាគារជាតិ មិន​អាច​ប្តូរ​ជូនបាន​ភ្លាម​ទេ និង​ត្រូវដកហូត​ជាបណ្តោះអាសន្ន ដើម្បី​ពិនិត្យ​ស្រាវជ្រាវ។

៤.ប្រាក់​រៀល​បោះពុម្ពខុសបច្ចេកទេស​របស់​រោង​ពុម្ព ធ្វើឱ្យលើស ឬខ្វះ​លក្ខណៈពិសេស​ណាមួយ​នៃ​ក្រដាសប្រាក់ ធនាគារ​ជាតិ​ ពិនិត្យ​ប្តូរជូនភ្លាម៕

អត្ថបទ៖ សំភី

មតិយោបល់