• 2020-06-01 05:20:02
  • សេដ្ឋកិច្ច

ជំងឺកូវីដ១៩៖ ចំនួនកុមារនៅក្នុងគ្រួសារក្រីក្រ នឹងកើនឡើងរហូតដល់ ៨៦លាននាក់ នៅត្រឹមចុងឆ្នាំនេះ

  • 2020-06-01 05:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ អាចរុញច្រានកុមារ ៨៦​លាននាក់បន្ថែមទៀត ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រនៅត្រឹមចុងឆ្នាំ២០២០ ដោយកើនឡើងចំនួន ១៥ ភាគរយ នេះបើតាមការវិភាគថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះ ដោយការិយាល័យកណ្ដាលរបស់អង្គការ Save the Children និងយូនីសេហ្វ។

រូបតំណាង

សេចក្ដីប្រកាសព័ត៌មានដែល Sabay ទើបទទួលបាននៅព្រឹកថ្ងៃទី១ ខែមិថុនា ២០២០នេះ បានបញ្ជាក់ទៀត ថា ប្រសិនបើពុំមានការចាត់វិធានការបន្ទាន់ ដើម្បីការពារគ្រួសារពីភាពលំបាកលំបិនផ្នែកហិរញ្ញវត្ថុដែលបង្កឡើងដោយសារការរាតត្បាតជាសកលនោះទេ ចំនួកុមារដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្ររបស់ជាតិក្នុងបណ្តាប្រទេសចំណូលទាប និងមធ្យម អាចកើនឡើងរហូតដល់ ៦៧២លាននាក់គិតត្រឹមចុងឆ្នាំនេះ។ ជិត ២ ភាគ ៣ នៃកុមារទាំងនេះ រស់នៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក និងអាស៊ីខាងត្បូង។

លោកស្រី​ លោកស្រី ហិនរីតា ហ្វ័រ​ នាយិកាប្រតិបត្តិយូនីសេហ្វបានមានប្រសាសន៍ថា៖ “ការរាតត្បាតជាសកលនៃមេរោគកូរ៉ូណាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសង្គមដែលមិនធ្លាប់កើតមានកន្លងមក ដែលធ្វើឱ្យគ្រួសារនានាទូទាំងសកលលោកត្រូវបាត់បង់ធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទំហំ និងកម្រិតស៊ីជម្រៅនៃការលំបាកលំបិនផ្នែកហិរញ្ញវត្ថុរបស់គ្រួសារទាំងនេះ បង្កការគំរាមកំហែង ធ្វើឱ្យបាត់បង់វឌ្ឍនភាពដែលសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់កុមារ និងធ្វើឱ្យកុមារពុំបានទទួលសេវាចាំបាច់សំខាន់ៗ។ ប្រសិនបើពុំមានការចាត់វិធានការរួមគ្នានោះទេ គ្រួសារដែលរកចំណូលបានមិនទាំងអាចចម្អែតក្រពះបានផងនោះ អាចត្រូវបានរុញច្រានឱ្យធ្លាក់ចូលទៅក្នុងភាពក្រី​ក្រ ហើយគ្រួសារដែលក្រីក្រជាងគេអាចប្រឈមនឹងការលំបាក ក្នុងកម្រិតដែលគេមិនធ្លាប់បានឃើញរាប់ទសវត្សរ៍កន្លងមកនេះ។”

អង្គការ Save the Children និងយូនីសេហ្វ ព្រមានថា ផលប៉ះពាល់ក្នុងទម្រង់ជាវិបត្តិសេដ្ឋកិច្ចសកល ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺនេះ ក៏ដូចជាដោយសារតែគោលនយោបាយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះមានពីរត្រួត។ ការបាត់បង់ភ្លាមៗនូវប្រាក់ចំណូល មានន័យថា គ្រួសារមានលទ្ធភាពតិចតួចជាងមុន ដើម្បីរ៉ាប់រងតម្រូវការជាមូលដ្ឋាន ដូចជា អាហារ និងទឹកជាដើម មិនសូវជាចំណាយលើការទទួលបានសេវាថែទាំសុខភាព ឬសេវាអប់រំ និងកាន់តែប្រឈមនឹងហានិភ័យផ្សេងៗ ដូចជា ការរៀបអាពាហ៍ពិពាហ៍កុមារ អំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានជាដើម។ នៅពេលដែលធនធានសារពើពន្ធមានការថយចុះ វិសាលភាព និងគុណភាពនៃសេវាដែលគ្រួសារពឹងអាស្រ័យលើ ក៏អាចមានការថយចុះជាបណ្ដើរៗផងដែរ។

សម្រាប់គ្រួសារក្រីក្របំផុត ការខ្វះលទ្ធភាពទទួលបានសេវាថែទាំសង្គម ឬវិធានការផ្ដល់សំណង អាចជាការដាក់កំហិតលើសមត្ថភាពរបស់ពួកគេ ដើម្បីគោរពតាមវិធានការបង្ការការឆ្លងជំងឺ និងវិធានការរក្សាគម្លាតសុវត្ថិភាព ដែលធ្វើឱ្យពួកគេកាន់តែប្រឈមនឹងការឆ្លងជំងឺនេះ។

លោកស្រី អ៊ីងហ្កឺ អាហ្សីង នាយកប្រតិបត្តិនៃអង្គការ Save the Children បានមានប្រសាសន៍ថា៖ “ផលប៉ះពាល់មកលើភាពក្រីក្រ ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩​ នេះ​ នឹងធ្វើឱ្យកុមាររងគ្រោះខ្លាំងជាមិនខាន។ កុមារងាយរងគ្រោះខ្លាំង សូម្បីតែនៅពេលដែលពួកគេត្រូវជួបនឹងភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភក្នុង រយៈពេលខ្លីក៏ដោយ ដែលអាចបង្កផលប៉ះពាល់ដល់ពួកគេពេញមួយជីវិត។ ប្រសិនបើយើងចាត់វិធានការដាច់ណាត់នៅពេលនេះ យើងអាចបង្ក និងទប់ស្កាត់ការគំរាមកំហែងបង្កឡើងដោយសាររាតត្បាតជាសកលដែលប្រទេសក្រីក្របំផុត និងកុមាររងគ្រោះជាងគេមួយចំនួន កំពុងជួបប្រទះ។ របាយការណ៍នេះគួរជាការដាស់តឿនស្មារតីពិភពលោកទាំងមូល។ ភាពក្រីក្រមិនមែនជាអ្វីដែលកុមារអាចគេចផុតនោះឡើយ។”

នៅមុនពេលដែលមានការរាតត្បាតជាសកល កុមារ ២ ភាគ ៣ នៅក្នុងពិភពលោក ពុំបានទទួលសេវាគាំពារសង្គម ទោះជាក្នុងទម្រង់អ្វីក៏ដោយនោះឡើយ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេពុំអាចទ្រាំទ្រនឹងវិបត្តិហិរញ្ញវត្ថុបានឡើយ និងធ្វើឱ្យពួកគេត្រូវបន្តធ្លាក់ចូលទៅក្នុងវដ្តនៃភាពក្រីក្រតជំនាន់។ មានកុមារតែ ១៦ ភាគរយប៉ុណ្ណោះនៅអាហ្វ្រិកដែលត្រូវបានគ្របដណ្ដប់ដោយសេវាគាំពារសង្គម។

កុមាររាប់រយលាននាក់នៅបន្តរស់នៅក្នុងភាពក្រីក្រពហុសមាសភាគ មានន័យថាពួកគេខ្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព សេវាអប់រំ សេវាអាហារូបត្ថម្ភត្រឹមត្រូវ ឬលំនៅឋានសមស្រប ដែលជារឿយៗ នេះគឺជាការឆ្លុះបញ្ចាំងពីការវិនិយោគពុំមានសមធម៌របស់រដ្ឋាភិបាលលើសេវាសង្គម។

ដើម្បីឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់នៃជំងឹកូវីដ១៩ លើកុមារមកពីគ្រួសារក្រីក្រ អង្គការ Save the Children និងយូនីសេហ្វ អំពាវនាវឱ្យមានការពង្រីកប្រព័ន្ធ និងកម្មវិធីគាំពារសង្គម ក្នុងទ្រង់ទ្រាយធំឱ្យបានរហ័ស ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ កម្មវិធីផ្ដល់អាហារតាមសាលារៀន និងកម្មវិធីផ្សេងៗទៀតដែលផ្ដល់ប្រយោជន៍ដល់កុមារ ដែលទាំងនេះសុទ្ធតែជាការវិនិយោគដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ផ្នែករហិញ្ញវត្ថុ និងជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យប្រទេសនានាអាចត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលកើតមាននាពេលអនាគត។

រដ្ឋាភិបាលក៏ត្រូវវិនិយោគលើសេវាគាំពារសង្គមក្នុងទម្រង់ផ្សេងទៀត លើគោលនយោបាយសារពើពន្ធ អន្តរាគមន៍ផ្នែកការងារ និងមុខរបរ និងអន្តរាគមន៍ខាងទីផ្សារការងារ ដើម្បីគាំទ្រដល់គ្រួសារ។ នេះរួមមានការពង្រីក លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសេវាផ្សេងទៀតឱ្យបានជាសកល និងការវិនិយោគលើគោលនយោបាយដែលបង្កភាពងាយស្រួលដល់គ្រួសារ ដូចជា ការឈប់សម្រាកដែលមានប្រាក់ឈ្នួល និងការថែទាំកូនជាដើម។

ចាប់តាំងពីពេលដែលមានករណីជំងឺកូវីដ១៩មក រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពកម្មវិធីគាំពារសង្គមរបស់ខ្លួន​។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ​១៩​ ថ្មី ដែលផ្ដោតលើគ្រួសារដែលត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ បានទទួលការឯកភាព ហើយគ្រោងនឹងប្រកាសចាប់ផ្ដើមអនុវត្តនៅដើមខែមិថុនា ឆ្នាំ២០២០។ ដោយមានការគាំទ្រពីយូនីសេហ្វ សហភាពអឺរ៉ុប Sida GIZ និងអ្នកផ្ដល់ជំនួយផ្សេងទៀត កម្មវិធីនេះមានគោលបំណងគ្របដណ្ដប់លើប្រជាពលរដ្ឋប្រមាណ ៥៤០.០០០ គ្រួសារ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ (ត្រូវបានកំណត់អត្តសញ្ញាណថាជាគ្រួសារក្រីក្រ) ឬស្មើនឹងប្រជាជនជាង ២,២ លាននាក់។​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩​ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុត រាប់បញ្ចូលទាំងតម្រូវការរបស់កុមារអាយុពី ០-៥ ឆ្នាំ ជនមានពិការភាព ចាស់ជរា និងអ្នកដែលរស់នៅជាមួយនឹងមេរោគអេដស៍/ជំងឺអេដស៍។ កម្មវិធីនេះនឹងផ្ដល់ថវិកាបន្ថែមទៅលើកម្មវិធីដែលមានស្រាប់​ ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ០-២ ឆ្នាំ និងកម្មវិធីផ្ដល់អាហារូបករណ៍ដល់កុមារដែលកំពុងរៀននៅបឋមសិក្សា និងមធ្យមសិក្សា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់