/5f9937b7256e9_1603876740_medium.jpg)
- 2020-11-04 05:08:21
- សុខភាព
ហានិភ័យ! ញ៉ាំម្ជូររាល់ថ្ងៃ អាចនាំទុក្ខដាក់ខ្លួនបើមើលរំលង ៥ចំណុចនេះ
- 2020-11-04 05:08:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហានិភ័យ! ញ៉ាំម្ជូររាល់ថ្ងៃ អាចនាំទុក្ខដាក់ខ្លួនបើមើលរំលង ៥ចំណុចនេះ
ចន្លោះមិនឃើញ
ម្ជូរដែលមានដូចជា ក្តិបស្វាយ, ស្វាយខ្ចី, ម្កាក់, ត្របែក, ប៉ិកួៈ, អំពិល, បំពេញរាជ, ខ្វិត គឺ ជាអាហារសម្រន់ ដែលគ្រប់គ្នាចូលចិត្តញ៉ាំ។ គេច្រើនញុំាម្ជូរ ដោយជ្រលក់ជាមួយ អំបិល, កាពិ, ប្រហុក, ទឹកត្រីស្ករ, ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ពិសា។
ភាគច្រើនអ្នកដែលចូលចិត្តញុំាម្ជូរស្ទើររាល់ថ្ងៃ នឹងមានទំនោរញុំាអីក៏ប្រៃ និងជូរ ទាំងមិនដឹងខ្លួនដោយសារសុំាអណ្តាត។ ទម្លាប់ញុំាបែបនេះយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺ ធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម, បញ្ហាតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺបេះដូង និងដាច់សសៃឈាមខួរក្បាលជាដើម។
ប្រសិនបើអ្នកឧស្សាហ៍ញុំាម្ជូរញឹកញាប់ គួរតាមដានអាការៈលើសជាតិប្រៃ ដូចជា អាការៈហើម, ស្រេកទឹកខ្លាំង, ការផ្លាស់ប្តូរពណ៌ទឹកនោម, ឈឺឆ្អឹង, រមួលក្រពើ, ឈឺក្បាលជាប់ និងពិបាកផ្តោតអារម្មណ៍ ឬ ការចងចាំចុះខ្សោយ ។
មាន ៤ វិធីដើម្បីបន្សាប ឬ កាត់បន្ថយជាតិប្រៃពីក្នុងខ្លួន ដូចជា ៖
១. ផឹកទឹកឲ្យបានច្រើន
២. ប្តូរទម្លាប់ញុំាម្ជូរមកញុំាបន្លែ និងផ្លែឈើវិញ
៣. ជៀសវាងអាហារមានផ្ទុកសម្បូរដោយជាតិអំបិល ( មុនញុំាត្រូវអានព័ត៌មានពីគ្រឿងផ្សំលើសំបក ឬកំប៉ុង)
៤. រក្សាភាពសកម្មនៃរាងកាយ (ហាត់ប្រាណ)។
សម្រាប់ការញុំាធម្មតាៗ ម្តងម្កាល ម្ជូរពិតជាមានរសជាតិឆ្ងាញ់ គ្រាន់តែនឹកឃើញក៏លេបទឹកមាត់ដែរ។ ប៉ុន្តែប្រសិនបើអ្នកមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលញ៉ាំទេ អ្នកប្រាកដក៏ អាចជួបទុក្ខទោសមួយចំនួនដូចជា រាករូស, ពុលក្អួត ,វិលមុខ ,ឈឺពោះ, រលាកក្រពះ និងឆ្លងជំងឺផ្សេងៗ ។
ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព មុនញុំាម្ជូរអ្នកត្រូវប្រយ័ត្ន ៥ ចំណុចនេះ ៖
១. ម្ជូរត្រាំ ឬជ្រក់ ៖ ចង់ញ៉ាំម្ជូរត្រាំ ឬជ្រក់នោះ អ្នកគួរតែមើលក្រឡ ដែលគេដាក់ត្រាំនោះ ប្រសិនបើវាមានពណ៌ស្រអាប់ ព្រមទាំងឡើងពពុះ និងមានជាតិហ្គាសផងនោះ អ្នកមិនគួរញ៉ាំទេ ព្រោះវាអាចជារបស់សល់ ហើយគេអាចប្រើគ្រឿងដែលអាចទុកបានយូរចូលទៀត។ អ្នកអាចសុំអ្នកលក់ភ្លក់ ប្រសិនបើវាបើកមកមានធុំក្លិន និងមានរសជាតិជូរចេញពីទឹកខ្មេះនោះ អ្នកមិនគួរទិញឡើយ។ អ្នកអាចទិញម្ជូរស្រស់ ហើយយកមកក្រឡុកជាមួយអំបិលដែលគេឲ្យ ដោយខ្លួនឯងបាន។
២. ម្ជូរស្រស់ ៖ នៅពេលដែលទៅទិញម្ជូរ អ្នកគួរតែមើលម្ជូរទាំងនោះ ថាវាជារបស់ស្រស់ បែបធម្មជាតិ ឬ អត់។ ជាទូទៅសម្រាប់ម្ជូរដែលស្រស់ និងធម្មជាតិនោះ គឺវាពណ៌បៃតងខ្ចី ព្រមទាំងមានរូបរាងតូចៗល្មមញ៉ាំ ដែលមិនមែនជាប្រភេទម្ជូរដែលមានជាតិគីមី ធំៗ ព្រមទាំងមានពណ៌បៃតងចាស់។ ម្ជូរដែលមានលាយសារធាតុគីមីប៉ះពាល់សុខភាព មើលទៅធំៗ និងទំនងញុំាខ្លាំង ពេលខ្លះអ្នកញុំាទៅ មិនស្រួលខ្លួនភ្លាមៗ តែពេលខ្លះវាហុចផលអវិជ្ជមានចំពោះសុខភាពនៅថ្ងៃមុខ។
៣. គ្រឿងជ្រលក់ ៖ អំបិល កាពិ ទឹកប្រហុក ទឹកត្រីស្ករ សុទ្ធតែជាគ្រឿងជ្រលក់ជាមួយម្ជូរដ៏ពេញនិយម ដើម្បីបង្កើនរសជាតិ។ ប៉ុន្តែបើអ្នកជ្រលក់ច្រើនៗ ហើយញុំារាល់ថ្ងៃទៀត វាអាចបង្កហានិភ័យដល់សុខភាពរបស់អ្នក ដោយសារតែវាមានរសជាតិដិតខ្លាំង ទាំងផ្អែម ទាំងប្រៃ ទាំងហឹរ ដែលប៉ះពាល់ខ្លាំងដល់ក្រពះ សម្ពាធឈាម ជាតិស្ករ នៅក្នុងខ្លួនដែលសុទ្ធតែអាចបង្កជំងឺកាចសាហាវទៅថ្ងៃមុខ។
៤. រសជាតិម្ជូរ ៖ អ្នកដែលចូលចិត្តញ៉ាំម្ជូរ ប្រាកដជានិយាយថាម្ជូរដែលមិនជូរ គឺមិនឆ្ងាញ់ទេ ប៉ុន្តែម្ជូរដែលជូរខ្លាំង អាចប៉ះពាល់ដល់ក្រពះអ្នកខ្លាំង បើអ្នកញ៉ាំវាពេលពោះទទេរ។ ជាតិជួរនៅក្នុងម្ជូរ មានជាតិអាស៊ីតខ្លាំងអាចធ្វើក្រពះអ្នកក្រហាយ និងមិនរំលាយផងដែរ។ អ្នកមិនត្រូវញ៉ាំម្ជូរដែលមានជាតិជូរពេក និងនៅពេលពោះទទេរទេ។
៥. អនាម័យ ៖ អនាម័យជាកត្តាចំបងដែលអ្នកលក់ម្ជូរគួរតែមាន។ មិនថាអ្នកទៅទិញគេ ឬធ្វើខ្លួនឯងញ៉ាំទេ អ្នកត្រូវមើល និងទុកដាក់ដោយមានគម្រប បង្ការកុំឲ្យមានរុយ ឬសត្វល្អិតអ្វីមកទំបាន។ វាអាចធ្វើឲ្យអ្នករាក ឬ ឆ្លងជំងឺកាចសាហាវផ្សេងៗទៀតដោយសារមេរោគដែលនៅជាប់នឹងជើងរុយ៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព