• 2020-11-06 03:31:28
  • ជំនឿ

ភាជន៍ដីដុតពណ៌បៃតងមួយត្រូវបានប្រទះឃើញក្នុងដំណើរការជួសជុលប្រាសាទលលៃ

  • 2020-11-06 03:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាជន៍ធ្វើពីដីដុតមានស្រទាប់រលោងពណ៍បៃតងចំនួនមួយបានរកឃើញនៅលើខឿនត្រង់មាត់ជណ្តើរខាងលិចនៃតួប៉មឦសានប្រាសាទលលៃ។ ភាជន៍ធ្វើពីដីដុតដែលមានទំហំមាត់២០ស.ម និងកម្ពស់១០ស.មនេះ ប្រើប្រាស់ជាកោដ្ឋសម្រាប់ដាក់ធាតុ និងបានបញ្ចុះនៅជុំវិញបរិវេណប្រាសាទបុរាណ។ ទំនៀមបុរាណនេះ បានបន្តរៀងមក ទោះមានការប្រែប្រួលខ្លះ តែក្នុងបំណងដើម្បីឱ្យអ្នកដែលស្លាប់នោះបានទៅភ្ជាប់និស្ស័យនឹងទេព។

លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមការងារជួសជុលបានរកឃើញភាជន៍ដែលប្រើប្រាស់ជាកោដ្ឋដាក់ធាតុបញ្ចុះនៅជុំវិញបរិវេណនៃតួប៉មប្រាសាទលលៃនេះ។ តួយ៉ាងដូចជានៅឆ្នាំ២០១៤ យើងធ្លាប់រកឃើញកោដ្ឋចំនួន១១រួចមកហើយ ដែលបានកប់បញ្ចុះនៅក្បែរៗគ្នានៅជ្រុងឦសាននៃតួប៉មដដែលនេះ ហើយភាជន៍ទាំងនោះភាគច្រើនជាភាជន៍មានរាងមូលដូចជាចានគោម ដោយខ្លះមានគម្រប និងខ្លះគ្មាន ។

លោកបានបន្ថែមទៀតថា ភាជន៍ប្រើជាកោដ្ឋដែលបានរកឃើញថ្មីនេះ មានមាត់ធំ ខ្លួនត្រង់ និងបាតរាបស្មើ ប្លែកខុសពីគេ រាងដូចជាផើង គ្មានគម្រប ដែលមិនធ្លាប់ឃើញមានពីមុននោះឡើយ។ រីឯផ្ទៃសាច់ភាជន៍មានស្រទាប់រលោងក្រាស់ពណ៌បៃតង។ តាមក្រុមអ្នកជំនាញផ្នែកកុលាលភាជន៍ បានឱ្យដឹងថា ភាជន៍នេះ ជាប្រភេទភាជន៍នាំចូលពីប្រទេសចិន ដែលប្រហែលជានៅសតវត្សទី១៩។

ក្រោយពីធ្វើការកាយសម្អាត គូរ និងថតរូបតាមបែបបុរាណវិទ្យាដើម្បីចងក្រងទុកជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយសិក្សាបន្តរួចមក ក្រុមការងារបានបញ្ចុះកោដ្ឋនោះទៅតាមលក្ខណៈដើមវិញ ដូចគ្នានឹងភាជន៍ដែលធ្លាប់រកឃើញមុនៗមកដែរ ដើម្បីថែរក្សានិងអភិរក្សបេតិកភណ្ឌអរូបី គឺជាលក្ខណៈពិសេសរបស់អង្គរ ដែលបេតិកភណ្ឌរូបីនិងអរូបីមិនអាចកាត់ផ្តាច់ពីគ្នាបាន។ ទន្ទឹមនឹងនេះក៏ជាការសម្តែងសេចក្តីគោរពដល់គោលបំណងរបស់គ្រួសារអ្នកស្លាប់ ដែលចង់ឱ្យបុព្វការីជនរបស់ខ្លួនរស់នៅឯបរលោកជាមួយនឹងទេព៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទនិងរូបភាព៖ លោក ឈូក សុម៉ាឡា

មតិយោបល់