• 2021-04-12 10:17:45
  • ជំនឿ

​មកស្វែង​​យល់​លម្អិត​អំពីទេពធីតាឆ្នាំថ្មី​ ព្រះ​នាង​មណ្ឌាទេវី​ និង​ពេល​វេលា​សង្ក្រាន្ត​ចូល​ដល់

  • 2021-04-12 10:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសង្រ្កាន្ត ឆ្នាំឆ្លូវ​ ត្រីស័ក សុភមស្តុ​ វរមង្គលា​ ជយាតិរេក​ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៤ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័កតទៅចូលពុទ្ធ​សករាជ ២៥៦៥។

សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០​នាទី ​ទៀបភ្លឺ ថ្ងៃពុធ​ ៣កេីត​ ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១។

ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកា​ ​ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រា​ ​ពណ៌អន​ លម្អនូវ​ព្រះកាណ៌ដោយ ​សៀតផ្កាចម្ប៉ា អាភរណៈ ​ទ្រង់ពាក់​កែវពិទូរ្យ ​(ពេជ្រ​ភ្នែកឆ្មា)​ ទ្រង់អាវុធ​ ​ព្រះហស្តស្តាំទ្រង់អញ្ជុល​ (ម្ជុល) ​ព្រះហស្តឆ្វេងទ្រង់យដ្ឋិ​​ (ឈេីច្រត់)​ មានអាការ:​ ​គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភ:​ (សត្វលា)​ ជាពាហន:យាន។

តាមការពន្យល់ពីគុណម្ចាស់ សាមណេរ លី គឺ​ទេពធីតាទ្រង់នឹងសោយទឹកដោះថ្លា​ (សប្បិ)​ នៅក្នុងសម័យពុទ្ធកាល​ ទឹកដោះត្រូវបានបែងចែកជាប្រាំប្រភេទដែលហៅថាបញ្ចគោរស​។ រសទឹកដោះទាំងប្រាំនោះមាន៖ ១​ ទឹកដោះស្រស់ ២​ ទឹកដោះថ្លា ៣​ ទឹកដោះខាប់ ៤​ ទឹកដោះជូរ ៥​ ទឹកដោះជូរឡេីងពពុះ ដោយឡែកទេពធីតាសង្ក្រាន្តប្រចាំថ្ងៃពុធដែលនឹងយាងចុះមកនាឆ្នាំនេះគឺទ្រង់នឹងសោយទឹកដោះថ្លា​ (សប្បិ)៕

​រចនារូបភាពដោយ​៖ ប៊ូ ម៉េងយូ - ថៃ សាន - ផ្លង ឧត្តម - ប៊ូ ម៉េងយូ

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី