- 2021-04-13 05:13:12
- ជំនឿ
ក្រោកទទួលទេវតាស្អែកផង! មកដឹងពីចំនួនធូបដែលខ្មែរតែងអុជ និងអត្ថន័យធូបនីមួយៗ
- 2021-04-13 05:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោកទទួលទេវតាស្អែកផង! មកដឹងពីចំនួនធូបដែលខ្មែរតែងអុជ និងអត្ថន័យធូបនីមួយៗ
ចន្លោះមិនឃើញ
ថ្វីដ្បិតតែទម្លាប់នៃ ការអុជទានធូបនេះ មានប្រវត្តិ និងការប្រតិបត្តិមកជាយូរលង់ហើយយ៉ាងណាក្តី ក៏ប្រជាជនខ្មែរភាគច្រើន នៅតែមិនទាន់បានដឹងច្បាស់នៅឡើយ នោះទេ អំពីអត្ថន័យនៃ ចំនួនសរសៃធូប ដែលយើងតែងអុជ ទៅតាមពិធីនីមួយៗ។ ជារួមយើងមិនមែន ចេះតែអុជផ្តេសផ្តាសនោះទេ ព្រោះចំនួនធូបដែលយើងអុជ សុទ្ធតែមានអត្ថន័យ ផ្សេងៗគ្នា។
ស្អែកនេះសង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០នាទី ទៀបភ្លឺ ថ្ងៃពុធ ៣កេីត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ។ ប្រជាពលរដ្ឋមិនថាប្រុស មិនថាស្រី មិនថាចាស់ មិនថាក្មេង នឹងក្រោកពីព្រលឹមដើម្បីអុជធូបទទួលទេវតាឆ្នាំថ្មី។ ខាងក្រោមគឺជាអត្ថន័យនៃការអុជធូបរបស់ខ្មែរតាំងពីបុរាណមក៖
១. ការអុជធូបចំនួន១សរសៃ៖ គឺតំណាងឲ្យ ការកើតមកមានតែមួយ ទៅវិញក៏តែមួយ។
២. ការអុជធូបចំនួន៣សរសៃ៖ គឺដើម្បី រំលឹកនឹងគុណ នៃព្រះរតនត្រ័យ ទាំង៣ មានគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ មួយវិញទៀតគឺរំលឹកនឹកគុណដល់ ព្រះទាំង៣ព្រះអង្គ ដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធនឹងមួយទៀត តំណាងឲ្យ សច្ចពិតនៅក្នុងលោក ដែលមានអនិច្ចំ ទុក្ខំ អនត្តា។
៣. ការអុជធូបចំនួន៤សរសៃ៖ គឺតំណាងឲ្យ ធាតុរបស់មនុស្សយើង មានធាតុទឹក ដី ភ្លើង ខ្យល់។
៤. ការអុជធូបចំនួន៥សរសៃ៖ គឺតំណាងឲ្យ បញ្ចខ័ណទាំង៥ រួមមាន៖ រូប វេទនា បញ្ញា សង្ឃា និងវិញ្ញាណ។ ម្យ៉ាងវិញទៀត អុជធូប៥សរសៃនេះ ក៏តំណាងឲ្យ ព្រះទាំង៥ព្រះអង្គផងដែរ។
៥. ការអុជធូបចំនួន៨សរសៃ៖ គឺតំណាងឲ្យអដ្ឋង្គិមគ្គ ដែលជាផ្លូវមួយ ធ្វើឲ្យដឹងនិងយល់ច្បាស់ នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចពិត របស់មនុស្សលោក ជាផ្លូវនូវសេចក្តីរំលត់ទុក្ខ ហើយក៏អាចនាំ ទៅកាន់និពាន្វជាដើម។
៦. ការអុជធូបចំនួន ១២ សរសៃ៖ គឺដើម្បីនឹករលឹក ទៅដល់គុណមាតា ព្រោះមាតាគឺជាតំណាងឲ្យ គុណធាតុទន់ខ្សោយ ជាមនុស្សស្រី ដែលមានចិត្តទោរទន់ ចំពោះបុត្រាបុត្រីទាំងអស់។
៧. ការអុជធូបចំនួន ២១ សរសៃ៖ គឺដើម្បីនឹករលែក ទៅដល់គុណបិតា ព្រោះបិតាតំណាងឲ្យធាតុរឹង បានផ្តល់កំណើតទៅដល់ កូនមានក្តីស្រលាញ់ចំពោះកូនប្រុសស្រីទាំងឡាយ។
៨. ការអុជធូបចំនួន៣៨សរសៃ៖ គឺដើម្បីរំលឹកនឹកគុណដល់ ព្រះសម្មាសម្មពុទ្ធដែលព្រះអង្គបានត្រាស់សម្តែង ឲ្យពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់ បានយល់ដឹង នូវ មង្គលទាំង៣៨ប្រការ។
យ៉ាងណាក្នុងឱកាសបុណ្យចូលឆ្នាំនេះ Sabay សូមក្រើនរម្លឹកដល់បងប្អូនប្រជាជនខ្មែរយើងមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំអុជធូបចោល និងសូមជ្រើសយកការអុជធូបឲ្យបានតិចបំផុត ដើម្បីបង្ការគ្រោះអគ្គីភ័យផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ក្នុងឱកាសឆ្នាំថ្មីសូមជូនពរប្រជាជនខ្មែរ សូមជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕