• 2021-07-31 02:19:00
  • សុខភាព

មិនគួរឲ្យជឿ! គ្រាន់តែញ៉ាំផ្លែឈើ ២ដងក្នុង១ថ្ងៃ ជួយកាត់បន្ថយទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព

  • 2021-07-31 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ ដូចដែលយើងបានដឹងស្រាប់ហើយថា ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតឡើងដោយសារតែអ្នកជំងឺមានផ្ទុកជាតិស្ករច្រើនពេកក្នុងឈាមរបស់ពួកគេ ហើយនេះជាបញ្ហាសុខភាពដ៏ធំមួយសម្រាប់យើងគ្រប់គ្នាផងដែរ។ បើយោងទៅតាមការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយនៅលើទស្សនាវដ្តី Clinical Endocrinology & Metabolism មនុស្សវ័យប្រមាណជា៤៦៣លាននាក់ទូទាំងពិភពលោក បានកំពុងតែរស់នៅជាមួយនឹងជំងឺទឹកនោមផ្អែម នៅក្នុងឆ្នាំ២០១៩ ហើយនៅត្រឹមឆ្នាំ២០៤៥ ចំនួននេះ ត្រូវបានរំពឹងទុកថា នឹងកើនដល់៧០០លាននាក់។ បើតាមការសិក្សាដដែល មនុស្សប្រមាណជា៣៧៤នាក់ កំពុងតែស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមកម្រិត២ ដែលជាបញ្ហាទូទៅនៃជំងឺនេះ។

ដើមហេតុនៃការកើតជំងឺទឹកនោមផ្អែម និងរោគសញ្ញា

ទឹកនោមផ្អែមកម្រិត១ កើតឡើង នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើង ដែលជាប្រព័ន្ធប្រឆាំងនឹងការបង្ករជំងឺនានា ក្នុងរាងកាយ ធ្វើការវាយប្រហារ និងកម្ចាត់សារធាតុអាំងស៊ុយលីន។ ក្រុមអ្នកវិទ្យាសាស្ត្រ គិតថា កម្រិត១នេះ គឺបង្ករឡើងដោយហ្សេន បញ្ហាបរិស្ថាន និងវីរុសនានា។

ដោយឡែក ដើមហេតុដ៏ចម្បងនៃការនាំឲ្យកើតជំងឹទឹកនោមផ្អែមកម្រិត២ គឺទាក់ទងនឹងរបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើង។ រោគសញ្ញានៃការកើតជំងឺទឹកនោមផ្អែមរួមមាន ស្រេកទឹក និងនោមញឹក មានអារម្មណ៍ឃ្លានជាងមុន អស់កម្លាំង ស្រវាំងភ្នែក ហើមប្រអប់ជើង និងដៃ មិនងាយសះរបួស និងស្រកទម្ងន់ជាដើម។

ដំណោះស្រាយជាមួយនឹងការមានរបបអាហារល្អ និងការមានទម្លាប់ញាំផ្លែឈើ

ដោយសារតែជំងឺទឹកនោមផ្អែម ភាគច្រើន កើតឡើងដោយសារតែរបបអាហារ និងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់យើង ការមានរបបអាហារប្រកបដោយសុខភាព ពិតជាសំខាន់ណាស់ក្នុងការគេចឲ្យផុតពីការកើតជំងឺទឹកនោមផ្អែម។

ជាមួយគ្នានេះ បើយោងទៅតាមការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism អ្នកដែលបរិភោគផ្លែឈើទាំងមូល (មិនមែនចំរាញ់យកទឹក ឬទឹកផ្លែឈើ) ឲ្យបាន២ពេលក្នុង១ថ្ងៃ មានកម្រិតនៃការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមកម្រិត២តិចជាងរហូតដល់ទៅ៣៦% ធៀបទៅនឹងអ្នកមិនញាំផ្លែឈើតិចជាង១លើកក្នុងថ្ងៃ។

ភស្តុងតាងដែលគាំទ្រអត្ថប្រយោជន៍នៃការបរិភោគផ្លែឈើ

ក្រុមអ្នកស្រាវជ្រាវ បានសិក្សាលើទិន្នន័យពីអ្នកចូលរួមចំនួន៧៦៧៥នាក់ ដែលបានមកពីវិទ្យាស្ថានផ្នែកទឹកនោមផ្អែម និងបេះដូង Baker។ ជាលទ្ធផល អ្នកចូលរួមក្នុងការសិក្សាស្រាវ ដែលបានបរិភោគផ្លែឈើ២លើកក្នុង១ថ្ងៃ មានកម្រិតនៃការកើតជំងឺទឹកនោមផ្អែមតិចជាងដល់ទៅ៣៦% នៅរយៈពេល៥ឆ្នាំបន្ទាប់។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញពីទំនាក់ទំនងគ្នារវាងការញ៉ាំផ្លែឈើ និងការផលិតសារធាតុអាំងស៊ុយលីនផងដែរ ពោលគឺមានន័យថា អ្នកដែលបរិភោគផ្លែឈើច្រើនលើក បានផលិតសារធាតុអាំងស៊ុយលីនតិច ដែលនាំឲ្យកម្រិតនៃជាតិស្ករក្នុងឈាមតិចដូចគ្នា។

ការរកឃើញ និងភស្តុតាងរបស់លោកស្រីវេជ្ជបណ្ឌិត Nicola Bondonno

លោកស្រី Nicola Bondonno វេជ្ជបណ្ឌិតនៅវិទ្យាស្ថានស្រាវជ្រាវចំណីអាហារនៃសាកលវិទ្យាល័យ Edith Cowan ក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី មានប្រសាសន៍ទាក់ទងនឹងករណីសិក្សាដែលលោកបានរកឃើញ និងចេញផ្សាយក្នុងទស្សនាវដ្តី Clinical Endocrinology & Metabolism ថា៖ «យើងបានឃើញថា អ្នកដែលបានបរិភោគផ្លែឈើ២លើក ក្នុង១ថ្ងៃ មានកម្រិតនៃការកើតជំងឺទឹកនោមផ្អែមកម្រិត២ ទាបជាងអ្នកបានញាំផ្លែឈើតិចជាង២លើកក្នុងមួយថ្ងៃ រហូតដល់ទៅ៣៦% ក្នុងរយៈពេល៥ឆ្នាំបន្ទាប់។ ការរកឃើញនេះ បង្ហាញថា របបអាហារប្រកបដោយសុខភាព និងរបៀបរបបរស់នៅល្អ ក្នុងនោះរាប់បញ្ចូលទាំងការបរិភោគផ្លែឈើជាប្រចាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងកាត់បន្ថយការប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមរបស់អ្នក»។

វិធីសាស្ត្រផ្សេងទៀតក្នុងការកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម

ក្រៅពីការបរិភោគផ្លែឈើជាប្រចាំ លោកអ្នកគួរតែកាត់បន្ថយការបរិភោគផ្អែម ធ្វើលំហាត់ប្រាណជាទៀងទាត់ ផឹកទឹកឲ្យបានច្រើន សម្រកទម្ងន់បើអ្នកឡើងទម្ងន់ខ្លាំង ឈប់ជក់បារី បរិភោគអាហារដែលមានសារធាតុសរសៃ និងវីតាមីន D ជាដើម។ បើអ្នកមានចំណុចណាមួយគួរឲ្យសង្ស័យ អ្នកគួរតែត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យ ឬអាចធ្វើការឆែកសុខភាពជាប្រចាំដើម្បីធានាថា លោកអ្នកនៅតែមានសុខភាពល្អ និងមិនប្រឈមមុខនឹងជំងឺគ្រោះថ្នាក់នានា៕

Manulife Cambodia គាំទ្រការស្រឡាញ់សុខភាព

ប្រភពព័ត៌មាន៖ sciencedaily

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម