• 2024-04-08 12:42:08
  • ព័ត៌មាន

តើ​កម្ពុជា​មាន​សភា​ដំបូង​បង្អស់​នៅ​ឆ្នាំ​ណា?

  • 2024-04-08 12:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប កម្ពុជា​ចាប់​ផ្ដើម​កែ​ទម្រង់​ពី​របប​គ្រប់គ្រង​រដ្ឋ​បែប​បុរាណ ទៅ​ការ​គ្រប់គ្រង​រដ្ឋ​បែប​ទំនើប​នៅចុង​សតវត្ស​ទី១៩ និង​ដើម​សតវត្ស​ទី២០។ ជាមួយ​គ្នា​នេះ​ដែរ ស្រុក​ខ្មែរ ដែល​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​ក្សត្រ​អស់​ជាង ២ពាន់​ឆ្នាំ ក៏​បាន​កែទម្រង់​ជា​បន្តបន្ទាប់ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​នយោបាយ​របស់​ប្រជាជន។ ការ​បង្កើត​សភា ជា​យន្តការ​មួយ​​ក្នុង​ការ​បង្កើត​ឱ្យ​មាន​តម្លាភាព​ក្នុង​ការ​ដឹកនាំ​រដ្ឋ។

បើ​យោង​តាម​គេហទំព័រ​របស់​រដ្ឋសភា សញ្ញាណ​នៃ​ការ​បង្កើត​សភា​របស់​កម្ពុជា​ដំបូង​បង្អស់​គឺ​នៅ​ឆ្នាំ១៩១៣ ពោល​គឺ​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​រជ្ជកាល​ស្ដេច​ស៊ីសុវត្ថិ និង​ក្រោម​អាណានិគម​បារាំង។

នៅ​ពេល​នោះ​ដែរ​ ស្ដេច​ស៊ីសុវត្ថិ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយ​បង្កើត «សភាពិគ្រោះយោបល់» ដោយ​មាន​សមាជិក ៣៩រូប តំណាង ១០ខេត្ត-ក្រុង​កម្ពុជា ដែល​មាន​នៅ​សម័យ​នោះ។ យ៉ាងណាមិញ សភា​នេះ​ជា​សភា​កើត​ចេញ​ពី​ការ​តែងតាំង​ មិនមែន​កើត​ចេញ​ពី​ការ​បោះឆ្នោត​នោះ​ទេ។

សភា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដំបូង​បង្អស់​គឺ​នៅ​ឆ្នាំ១៩៤៦។ សភា​នោះ​មាន​ឈ្មោះ​ថា សភា​ធម្មនុញ្ញដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​សកល​នៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ សភា​នេះ​មាន​បេសកកម្ម​តាក់តែង​រដ្ឋធម្មនុញ្ញទី១ កម្ពុជា ដែល​បាន​អនុម័ត​នៅ​ឆ្នាំ១៩៤៧។

ឆ្លង​កាត់​អស់​ជា​ច្រើន​សម័យ​កាល សភា​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ទម្រង់ ទៅ​តាម​របប​នយោបាយនានា។ ចាប់​តាំង​ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ១៩៩៣ កម្ពុជា​មាន​រដ្ឋសភា ៧នីតិកាល ហើយ​ចាប់​ពី​ឆ្នាំ១៩៩៩ កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​សភា​ ២ថ្នាក់ ពោល​គឺ រដ្ឋសភា និង​ព្រឺទ្ធសភា៕

ប្រភព៖ រដ្ឋសភា

អត្ថបទ៖ សេរី មង្គល

មតិយោបល់