• 2024-07-19 03:07:27
  • ព័ត៌មាន

ក្រុមហ៊ុន Accor បើក​យុទ្ធនាការ​រំលេច​សម្រស់​កម្ពុជា

  • 2024-07-19 03:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Accor's lifestyle loyatly program (ហៅ​កាត់​ថា ALL) របស់​ក្រុមហ៊ុន​បដិសណ្ឋាកិច្ច Accor បាន​រួម​គ្នា​ជាមួយ​សណ្ឋាគារ​ដៃ​គូ​ចំនួន ៩ ដើម្បី​បើក​យុទ្ធនាការ​ «រំលេច​សម្រស់​កម្ពុជា» (Discover Cambodia)។ ក្នុង​យុទ្ធនាការ​នេះ សណ្ឋាគារ​ដៃ​គូ​ទាំង ៩ របស់ Accor នឹង​ផ្តល់​ជូន​អតិថិជន​ទាំង​អស់ ក្នុង​ខែ​សីហា ឆ្នាំ ២០២៤ ខាង​មុខ នូវ​កញ្ចប់​សេវាកម្ម​ពិសេស ដែល​រំលេច​អំពី​វប្បធម៌​ដ៏​ផូរផង់ បដិសណ្ឋាកិច្ច​ដែល​រួសរាយ​រាក់​ទាក់ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​ប្រទេស​កម្ពុជា។

ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ៣១ ខែ​សីហា ឆ្នាំ ២០២៤ សមាជិក​ទាំង​អស់​របស់​កម្មវិធី ALL មាន​ឱកាស​ប្រើប្រាស់​សេវា​សន្សំ​ពិន្ទុ​ដែល​បាន​សន្សំ​ទុក​កន្លង​មក ដើម្បី​មាន​ឱកាស​ទទួល​បាន​កញ្ចប់​សេវាកម្ម​សណ្ឋាគារ​ពិសេស ដែល​បញ្ចុះ​តម្លៃ​អាច​រហូត​ដល់ ៨០ ភាគ​រយ​ឯណោះ។

សណ្ឋាគារ​ដៃ​គូ​ចូល​រួម​ក្នុង​យុទ្ធនាការ​នេះ រួម​មាន៖ សណ្ឋាគារ Raffles Hotel Le Royal សណ្ឋាគារ Raffles Grand Hotel d'Angkor សណ្ឋាគារ Sofitel Phnom Penh Phokeethra សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort សណ្ឋាគារ Novotel Phnom Penh BKK1 សណ្ឋាគារ Novotel Sihanoukville Holiday Resort សណ្ឋាគារ TRIBE Phnom Penh Post Office Square សណ្ឋាគារ ibis Styles Siem Reap និង​សណ្ឋាគារ ibis budget Phnom Penh Riverside។ យុទ្ធនាការ​នេះ ក៏​ទទួល​បាន​ការ​គាំទ្រ​ផង​ដែរ​ពី​សំណាក់​ក្រុមហ៊ុន Les Celliers D'Asie និង​ក្រុមហ៊ុន Heineken Cambodia។

កញ្ចប់​សេវាកម្ម​ពិសេសៗ​មួយ​ចំនួន ក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​រួម​មាន៖

សណ្ឋាគារ​ Raffles Hotel Le Royal គឺ​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ដែល​រំលេច​ពី​ជំនួប​ប្រសព្វគ្នា​រវាង​អតីតកាល និង​បច្ចុប្បន្ន​កាល ហើយ​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​រាជធានីភ្នំពេញ។ នៅ​ថ្ងៃ​ទី ១៧ សីហា សណ្ឋាគារ​មួយ​នេះ​នឹង​មាន​ទទួល​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំង​អស់​នូវ​ឈុត​ម្ហូប​ខ្មែរ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Le Royal Restaurant ជាមួយ​នឹង​ស្រា​ក្រឡុក​ពិសេស​ៗ​ជា​ច្រើន អម​ជាមួយ​ការ​ប្រគំុ​ផ្ទាល់​នៃ​ភ្លេង​តន្ត្រី​សម័យ​ដើម​របស់​ខ្មែរ។

សណ្ឋាគារ Raffles Grand Hotel d'Angkor ​សៀមរាប មាន​ទទួល​បម្រើ​សេវាកម្ម​​ឈុត​ម្ហូប​ខ្មែរ​ពិសេស​ដែល​មាន​ឈ្មោះ​ថា «ឈុត​ម្ហូប​យុគ​មាស» ដែល​មាន​តម្លៃ ៦០ ដុល្លារសហរដ្ឋអាមេរិក ++ ក្នុង​មួយ​នាក់ នៅ​ភោជនីយដ្ឋាន​លំដាប់​ម្ហូប​ខ្មែរ​ ១៩៣២ ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១០ ខែ​សីហា។ លើស​ពី​នេះ នៅ​ថ្ងៃ​ទី ៤ សីហា សណ្ឋាគារ​ក៏​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម​ឈុត​ម្ហូប​ជាមួយ​ស្រា​សាំ​ប៉ាញ (Sunday Champagne Brunch) ក្នុង​តម្លៃ​ចាប់​ពី ៦០ ដុល្លារ​ ++ ក្នុង​មួយ​នាក់ នៅ​ភោជនីយដ្ឋាន Café d'Angkor ដើម្បី​អបអរ​បទ​ចម្រៀង​ទសវត្ស​ទី ៦០ របស់​ខ្មែរ ជាមួយ​កម្មវិធី​តន្ត្រី Khmer Magic Music Bus។

សណ្ឋាគារ​ Sofitel Phnom Penh Phokeetra គឺ​ជា​ទី​កន្លែង​ស្ងប់ស្ងាត់​មួយ ដែល​មាន​ទីតាំង​ក្បែរ​អគារ​ខ្ពស់​ៗ​នៅ​ភ្នំពេញ។ ក្នុង​យុទ្ធការ​នេះ សណ្ឋាគារ​សូហ្វីតែល នឹង​រៀបចំ​កម្មវិធី​បោះ​ជំរំ​សម្រាប់​កុមារ ក្នុង​នោះ​មាន​ការ​លេង​កីឡា និង​ល្បែង​កំសាន្ត​ផ្សេងៗ ពេញ​មួយ​ខែ​សីហា​តែ​ម្ដង ក្នុង​តម្លៃ ៧៥ ដុល្លារ ++ ក្នុង​កុមារ​ម្នាក់។ នៅ​ថ្ងៃ​ទី ១១ សីហា សណ្ឋាគារ​នឹង​រៀប​ចំ​ឈុត​ម្ហូប Sunday Brunch ដែល​មាន​តម្លៃ​ ៥០ ដុល្លារ ++ ក្នុង​មួយ​នាក់ ហើយ​មាន​ជម្រើស​ថែម​ម៉ា​សារី​ស្រា​សាំប៉ាញ​ Champagne Taittinger ក្នុង​តម្លៃ ១១០ ដុល្លារ ++ ក្នុង​មួយ​នាក់ នៅ​សណ្ឋាគារ Do Forni។ សណ្ឋាគារ​ក៏​មាន​តៀម​ស្រា​ហៅ​ថា Le Bar សម្រាប់​អតិថិជន​ចូល​ចិត្ត​ស្រា។ នៅ​ថ្ងៃ​ទី ៩ សីហា Le Bar នឹង​រៀប​ចំ​កម្មវិធី​តេស្ត​ស្រា​វីស្គី ប្រភេទ Rum ក្នុង​តម្លៃ ៣០ ដុល្លារ ++ ក្នុង​មួយ​នាក់។ ក្នុង​តម្លៃ​ដូច​គ្នា Le Bar ក៏​នឹង​មាន​កម្មវិធី​តេស្ត​ស្រា​ល្អៗ​​នៅ​ថ្ងៃ​ទី ២៣ សីហា។

សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort គឺ​ជា​សណ្ឋាគារ​ដែល​មាន​ស្ថាបត្យកម្ម​លាយ​គ្នា​រវាង​ស្ទីល​បារាំង​សម័យ​អាណានិគម និង​ស្ទីល​ខ្មែរ​បុរាណ។ ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១០ សីហា សណ្ឋាគារ​នឹង​បើក​បម្រើ​អតិថិជន​នូវ​ស្រា​ក្រឡុក​បែប​ខ្មែរ​ ដែល​មាន​ឈ្មោះ​ថា Garden Fizz Cambodian Cocktail ក្នុង​តម្លៃ ១៤ ដុល្លារ++ ក្នុង​មួយ​នាក់ និង​តែ​ពិសេស​បែប​អាស៊ី Asian High Tea ក្នុង​តម្លៃ ២០ ដុល្លារ++ ក្នុង​មួយ​នាក់ នៅ​ភោជនីយដ្ឋាន Explorer's Tales – Champagne Bar។

សណ្ឋាគារ Novotel Phnom Penh BKK1 នឹង​រៀប​ចំ​ប៊ូហ្វេ​ពេល​ល្ងាច​បែប​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ១៦ សីហា ក្នុង​តម្លៃ ៤៩ ដុល្លារ++ ក្នុង​មួយ​នាក់ អម​ដោយ​តន្ត្រី rock 'n' roll បែប​ខ្មែរ​ក្នុង​ទសវត្ស ៦០ ជាមួយ​នឹង​ទស្សនីយភាព​សម្ដែង​ផ្ទាល់​ដោយ​កញ្ញា សារ៉ាវ៉ាន់។ ក្នុង​តម្លៃ ៥៩ ដុល្លារ++ ក្នុង​មួយ​នាក់ នៅ​ថ្ងៃ​ទី ១៧ សីហា សណ្ឋាគារ​ក៏​នឹង​រៀប​ចំ​ឈុត​ម្ហូប​ប៊ូហ្វេ​ថ្ងៃ​ត្រង់​បែប​អេស្ប៉ាញ ហើយ​លាយ​ឡំ​ជាមួយ​ភ្លេង​តន្ត្រី​ខ្មែរ​ទសវត្ស​ទី ៦០ ច្រៀង​ផ្ទាល់​ដោយ​កញ្ញា​ សារ៉ាវ៉ាន់។

សណ្ឋាគារ Novotel Sihanoukville Holiday Resort នឺង​ទទួល​សេវាកម្ម​ឈុត​ម្ហូប​ខ្មែរ ក្នុង​តម្លៃ ២៧ ដុល្លារ​ក្នុង​មួយ​នាក់ នៅ​ភោជនីយដ្ឋាន Food Exchange ពី​ថ្ងៃ​ទី ១៩ ដល់ ៣០ សីហា។ កញ្ចប់​សេវាកម្ម​នេះ ក៏​មាន​បូក​បញ្ចូល​ផង​ដែរ​នូវ​ការ​ទស្សនា​ការ​តាំង​ពិពណ៌​អំពី​យុគ​សម័យ​រុងរឿង​របស់​កម្ពុជា។ ពី​ថ្ងៃទី​ ២៤ ដល់ ២៥ សីហា សណ្ឋាគារ​នឹង​បង្កើត​ស្ថានីយ៍​បង្អែម​ខ្មែរ​មួយ​ (​មាន​តម្លៃ​ចាប់​ពី ២,៥ ដុល្លារ​ឡើង​ទៅ) នៅ​ទីតាំង​ច្រក​ចូល​របស់​កន្លែង​ទទួល​ភ្ញៀវ​របស់​សណ្ឋាគារ។ ពី​ថ្ងៃទី ១៩ ដល់ ៣០ សីហា ភោជនីយដ្ឋាន Domrei Bar & Cigar Lounge និង​ភោជនីយដ្ឋាន Aqua Bar & Grill ដែល​ជា​ភោជនីយដ្ឋាន​នៅ​ក្នុង​សណ្ឋាគារ នឹង​មាន​បើក​លក់​ស្រា​ក្រឡុក​បែប​ខ្មែរ (មាន​តម្លៃ​ចាប់​ពី​ ៥ ដុល្លារ​ឡើង​ទៅ)។

សណ្ឋាគារ TRIBE Phnom Penh Post Office Square នឹង​រៀប​ចំ​ផ្តល់​ជូន​ឈុត​ម្ហូប​ពេល​ល្ងាច​បែប​ខ្មែរ នៅ​ Hemisphere Sky Bar (មាន​តម្លៃ​ ៤២ ដុល្លារ​ក្នុង​មួយ​នាក់) និង​មាន​ការ​ប្រគុំ​តន្ត្រី​ខ្មែរ​សម័យ​យុគ​មាស​ទសវត្ស ៦០ សម្តែង​ផ្ទាល់​ដោយ DJ StillCa$hRules នៅ​ថ្ងៃ​ទី ១៥ សីហា។

សណ្ឋាគារ ibis Styles Siem Reap នឹង​មាន​រៀបចំ​កម្មវិធី​ដូច​ត​ទៅ៖ ប៊ូហ្វេ​បែប​ខ្មែរ​ឈ្មោះ​ថា «Cambodian Delights» នៅ​ថ្ងៃ​ទី ២ សីហា ប៊ូហ្វេ​ផាស្តា «Carb-up Pasta Fiesta» អម​ដោយ​តន្ត្រី rock 'n' roll បែប​ខ្មែរ នៅ​ថ្ងៃ​ទី ៣ សីហា និង​ប៊ូហ្វេ​ «Weekend Late Breakfast» នៅ​ថ្ងៃ​ទី ៤ សីហា។ ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១០ សីហា សណ្ឋាគារ​នឹង​បង្កើត​ស្ថានីយ៍​តាំង​​ពិពណ៌​ម្ហូប​ខ្មែរ និង​ស្ថានីយ៍​លក់​ទឹក​អំពៅ​ស្រស់​ផង​ដែរ។

សមាជិក​ទាំង​អស់​របស់​កម្មវិធី ALL អាច​ប្រើប្រាស់​កញ្ចប់​សេវាកម្ម​របស់​សណ្ឋាគារ​ដៃ​គូ​ខាង​លើ ជាមួយ​ពិន្ទុ​សន្សំ​យ៉ាង​តិច ១,០០០ ពិន្ទុ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​តំណ​លីង​ដូច​ត​ទៅ៖ https://limitlessexperiences.accor.com/discovercambodiafestivalredemptionsale

កម្មវិធី ALL គឺ​ជា​កម្មវិធី​ដែល​លើស​ពី​ការ​ស្នាក់​នៅ​ និង​ប្រើបា្រស់​សណ្ឋាគារ។ កម្មវិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្ដល់​នូវ​អារម្មណ៍​ពិសេស​ជូន​អតិថិជន​ទាំង​អស់​ដែល​ជា​សមាជិក រួម​មាន ការ​សន្សំ​ពិន្ទុ​យក​រង្វាន់ និង​អត្ថប្រយោជន៍​ផ្សេងៗ។ អតិថិជន​អាច​ទទួល​បាន​ពិន្ទុ​សន្សំ​ពី​ការ​ប្រើប្រាស់​សេវាកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​រាប់​ពាន់​កន្លែង​ដែល​ជា​សមាជិក​របស់​កម្មវិធី ALL។ ការ​ចុះ​ឈ្មោះ​ដើម្បី​ក្លាយ​ជា​សមាជិក​កម្មវិធី ALL មាន​ភាព​ងាយ​ស្រួល និង​សាមញ្ញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​តំណ​លីង​ដូច​ត​ទៅ៖ ALL.com

អំពី​កម្មវិធី ALL

កម្មវិធី ALL គឺ​ជា​យន្តការ​សម្រាប់​កក់​សេវាកម្ម និង​កម្មវិធី​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុន​បដិសណ្ឋាកិច្ច Accor ក្នុង​អំឡុង​ពេល និង​លើស​ពី​ការ​ប្រើប្រាស់​សេវាកម្ម​សណ្ឋាគារ។ តាម​រយៈ​វេបសាយ និង​កម្មវិធី ALL.com អតិថិជន​អាច​មាន​ជ្រើសរើស​ជម្រើស​សណ្ឋាគារ​លំដាប់ៗ​រហូត​ដល់​ទៅ ៤៥ Brand នៅ​ ១១០ ប្រទេស ក្នុង​តម្លៃ​ពិសេស។ កម្មវិធី ALL ផ្ដល់​ជូន​អតិថិជន​ជា​សមាជិក​ទាំង​អស់​នូវ​អារម្មណ៍​ពិសេស និង​អត្ថប្រយោជន៍​ជា​ច្រើន ដោយ​មាន​ការ​សហការ​ជាមួយ​ដៃ​គូ​ល្បី​ៗ​រហូត​ដល់​ទៅ​ជាង ១០០ ក្រុមហ៊ុន។ កម្មវិធី ALL យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សមាជិក​ទាំង​អស់ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​មាន​អារម្មណ៍​ពិសេស ជាមួយ​ការ​ចូល​រួម​បង្កើត​ព្រឹត្តិការណ៍​កំសាន្ត​ជាង ២,០០០ កម្មវិធី​ទូ​ទាំង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ ​ដូច​ជា ការ​បើក​ថ្នាក់​​ចុងភៅ​ពិសេស ព្រឹត្តិការណ៍​កីឡា និង​ប្រគុំ​តន្ត្រី​ធំៗ​ជា​ដើម។ កម្មវិធី ALL គឺ​ជា​ល្អ​បំផុត​សម្រាប់​អ្នក​និយម​ធ្វើ​ដំណើរ​ច្រើន។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចុច​តំណ​លីង​ដូច​ត​ទៅ៖ ALL.com​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់