• 2015-12-04 15:46:58
  • ជំនឿ

យល់​សប្ដិ​ឃើញ​បែប​នេះ នឹង​មាន​លាភ​​​

  • 2015-12-04 15:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្បួន​ជោគ​ជាតា​នៃ​ យល់​សប្ដិ​ដែល​ត្រូវ​បាន​ចង​ក្រង​ដោយ​ លោក​នួន​ ប៊ុត​ ​ហោរាចារ្យ​​​​បញ្ជាក់​ថា​កាល​បើ​ ​សញ្ញា​ល្អ​ដែល​នាំ​មក​នូវ​ ជោគ​លាភ​ ឬ​ យស​ស័ក្ដិ​ជា​ដើម បើ​ប្រិយមិត្ត​យល់​សប្ដិ​​ដូច​ខាង​ក្រោម៖

 

-បង់​សំណាញ់ ឬ ស្ទូច​ត្រី​ ទោះ​នឹង​ធ្វើ​ការ​អ្វី​គង់​នឹង​បាន​សម្រេច​ដូច​ប្រាថ្នា។

-បាន​ចូល​ជ្រក​ក្រោម​ដើម​ឃើញ​ធំ​នឹង​បាន​ជា​ធំ។

-ឃើញ​គេ​រាំ នឹង​បាន​ជា​សុខ។

-បាន​ជិះ​ខ្លា​ នឹង​បាន​ចេញ​ទៅ​ស្រុក​ឆ្ងាយ។

-ចាប់​បាន​កូន​ខ្លា​ ឬ កូន​ម្រឹគ​ នឹង​បាន​ទី​កន្លែង​ដំណែល​ល្អ​ មាន​កេរ្តិ៍​ឈ្មោះ។

-បាន​ប្រជល់​ដំរី មិន​សូវ​ល្អ​ទេ​តែ​បើ​យក​ទឹក​ ៣ ក្អម​ស្រោច​កណ្ដាល​ផ្លូវ​នឹង​នាំ​ទៅ​ជា​ល្អ​វិញ។

-ដេក​កណ្ដាល​ទឹក​ ហើយ​ទឹក​ហូរ​ចូល​មាត់ នឹង​មាន​លាភ​ចូល​មក​យ៉ាង​ឆាប់​។

-ជិះ​រទេះ​ក្របី​ ស្ដេច​ ឬ មន្ត្រី​នឹង​អោយ​លាភ។

-ជិះ​ក្របី​ប្រជល់​គ្នា​ គួរ​តែ​យក​ទឹក​បី​ក្អម​មក​ស្រោច​ខ្លួន​សិន​ ទើប​ប្រែ​ជា​សប្ដិ​ល្អ​វិញ។

-នៅ​កណ្ដាល​ដី​ នឹង​បាន​ភរិយា​ល្អ។

-ជិះ​គ្រែ​ស្នែង​ មាន​គេ​សែង​ ទោះ​នឹង​ប៉ង​ធ្វើ​ការ​អ្វី​នឹង​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា។

-គេ​អោយ​អាវ​​សំពត់​នឹង​មាន​លាភ។

-គេ​ធ្វើ​ទោស​ខ្លួន​នឹង​បាន​ដី​ស្រុក​ នៅ​ដោយ​សេចក្ដី​សុខ។

-សត្វ​ត្រកួត​ឡើង​ផ្ទះ​ នឹង​បាន​អ្វី​ម្យ៉ាង។

-គេ​បក់​ផ្លិត​អោយ នឹង​បាន​ធ្វើ​ជា​ចៅហ្វាយ​នាយ​គេ។

-បាន​ឃើញ​ឬ​ចាប់​មនុស្ស​ស្លាប់ (សព) នឹង​បាន​មាស​ប្រាក់។

-ទ្រព្យ​របស់​បាត់​ បើ​នឹង​ទៅ​ស្រុក​ឆ្ងាយ​ នឹង​បាន​លាភ​ដ៏​ប្រសើរ។

-បាន​សូត្រ​ធម៌​ នឹង​បាន​ប្រាសចាក​ចង្រៃ​ទាំង​ពួង។

-បាន​និមន្ត​ព្រះពុទ្ធ​រូប​ទៅ​តម្កល់​ទុក​ឯ​វត្ត​នឹង​បាន​បុត្រ​ភរិយា​ ឬ​ខ្ញុំ​កំដរ​ជា​ទី​គាប់​ចិត្ត។

-ឡើង​ផ្ទះ​ថ្មី​នឹង​បាន​យស សក្ដិ​ ឬ បាន​គ្រាន់​បើ​ម្យ៉ាង។

-បាន​ដើរ​ឆ្លង​ស្ពាន​ទៅ​រហូត​ ទោះ​គិត​ការ​អ្វីៗ គង់​នឹង​បាន​សម្រេច​គ្រប់​ប្រការ។

-បាន​សម្លាប់​ខ្លួន​ឯង​នឹង​ឈ្នះ​អស់​មារ​សត្រូវ។

-ខ្លួន​ឯង​យំ​នឹង​មាន​លាភ​ជា​ទី​ពេញ​ចិត្ត។

-បាន​ឡើង​ដំបូល​ ឡើង​ភ្នំ​ នឹង​បាន​ឡើង​យស​សក្ដិ។

-ត្រូវ​ដំរី​ព្រេច​ ខ្មោច​ក្នុង​ផ្ទះ​នឹង​ថែរក្សា។

-មិត្ត​សម្លាញ់​ស្លាប់​ទោះ​នឹង​គិត​ការ​អ្វី​​នឹង​បាន​សម្រេច។

-មាន​ចាស់​ព្រឹទ្ធាចារ្យ​ដឹក​ដៃ​ឡើង​ទៅ​កាន់​ដំណេក​ នឹង​បាន​លាភ។

-មាន​មនុស្ស​ស្លាប់​ក្នុង​ផ្ទះ នឹង​មាន​លាភ​មក​ដល់​ផ្ទះ​សម្បែង​តែ​ម្ដង។

-បាន​ឡើង​ដើម​ឈើ​ធំ នឹង​មាន​លាភ​ដ៏​ប្រសើរ​ ឬ នឹង​បាន​ជា​មន្ត្រី​។

-ឈ្លើង​ទាម​ ឬ ពស់​ចឹក​ នាគ​ព័ន្ធ​ នឹង​បាន​គូ​ស្រករ​ថ្មី។

-បាន​សម្លាប់​ខ្លួន​ឯង​ស្លាប់​ ហើយ​ត្រឡប់​រស់​ឡើង​វិញ នឹង​បាន​ទ្រព្យ​ច្រើន។

-បាន​ដើរ​ទៅ​ទិស​បូព៌ា​ បើ​មាន​ជំងឺ​ឈឺ​នឹង​បាន​ជា​សះ​ស្បើយ។

-បាន​ងូត​ទឹក​ជម្រះ​កាយ នឹង​រម្ងាស់​អស់​គ្រោះ​ថ្នាក់។

-បាន​យក​ដំរី​មក​ទឹម​រទេះ​ នឹង​បាន​គ្រូ​អាចារ្យ​មក​ប្រដៅ​ខ្លួន​ នឹង​បាន​ទី​លំនៅ​ៗ​ជា​សុខ។

-បាន​ឃើញ​ខ្លា នឹង​មាន​តេជះ​ (តែ​បើ​យល់​សប្ដិ​ថា​ ខ្លា​ប្រុង​នឹង​ខាំ​នឹង​មាន​សត្រូវ​មក​បៀតបៀន)។

-បាន​តាក់​តែង​គ្រឿង​បរិភោគ​ និង​សុរា មិត្ត​សម្លាញ់​នឹង​នាំ​លាភ​មក​ឱ្យ។

-ជិះ​រថ​សេះ​ ឬ​រទេះ​គោ​អ្នក​ធំ​នឹង​អោយ​យស​សក្ដិ។

​-ជិះ​សេះ​នឹង​មាន​ព្រឹទ្ធាចារ្យ​អាណិត​ជួយ​សង្គ្រោះ។

-ស្រមោច​ស្រមើល​រោម​ខ្លួន​ នឹង​បាន​បរិវារ។

-អង្ករ​រោយ​ពេញ​ផ្ទះ​ នឹង​មាន​ញាតិ​មក​រក។

-បាន​កាត់​ក្បាល​មនុស្ស​ នឹង​មាន​តេជះ​​ឈ្នះ​អស់​មារ​សត្រូវ​ទាំង​ពួង។

-ខ្លួន​ស្លាប់​មាន​គេ​សែង​ទៅ​ នឹង​មាន​លាភ។

-ដេក​កណ្ដាល​ដី​ ក្បាល​ធ្លាក់​រហូត​ទៅ​ម្ខាង​ ជើង​ធ្លាក់​រហូត​ទៅ​ម្ខាង​ នឹង​មាន​អំណាច​ផ្សាយ​ទៅ​ក្នុង​ទី​ទាំង​ពួង។

​-គេ​អារ​សាច់​ខ្លួន​ឯង ​នឹង​បាន​ឡើង​ជា​មន្ត្រី។

-សែន​ឱ្យ​ខ្មោច​នឹង​បាន​ទី​កន្លែង​នៅ។

-ដើរ​ទៅ​ក្នុង​វត្ត​ នឹង​បាន​មាស​ប្រាក់។

-ផឹក​ថ្នាំ​ នឹង​ជា​អស់​រោគ​ទាំង​ពួង។

-មនុស្ស​ចាស់​កោរ​ជុក​​ដូច​កូន​ក្មេង​ នឹង​មាន​លាភ។

 

 

 

(រូបតំណាង)

 

 

-ធ្លាក់​ឈាម​ ធ្លាក់​ខ្ទុះ​នឹង​បាន​មាស​ប្រាក់​ឬ របស់​ជា​ទី​គាប់​ចិត្ត។

-ឃើញ​រាហូ​លេប​ព្រះ​ចន្ទ​ យក្ស​ស៊ី​មនុស្ស​ ទោះ​នឹង​ទៅ​ទី​ណាៗ​ នឹង​បាន​ជ័យ​ជម្នះ។

-ដណ្ដាំ​បាយ​ស៊ី​នឹង​សាច់​ត្រី​ នឹង​មាន​បង​ប្អូន​យក​លាភ​មក​ឱ្យ។

-គេ​លើក​ឱ្យ​ជិះ​ដំរី​ ជិះ​សេះ​ ឬ ជិះ​ស្នែង​ នឹង​មាន​គេ​ជួយ​ឧបត្ថម្ភ នឹង​បាន​​យស​ស័ក្ដិ។

-គេ​ចង​ភ្ជាប់​ខ្លួន​នឹង​អ្នក​ដទៃ នឹង​បាន​ភរិយា​ប្រកប​នូវ​យស​សក្ដិ​។

-គេ​ដង្ហែ​ខ្លួន​ទៅ នោះ​​នឹង​បាន​លាភ។

-អុំ​ទូក​លើ​គោក​ទោះ​នឹង​គិត​ការ​អ្វី​ៗ​ នឹង​បាន​រុង​រឿង​ មាន​កេរ្តិ៍​ឈ្មោះ​ល្អ។

-ប្រចៀវ​មក​ទុំ​ផ្ទះ​ នឹង​មាន​ទេវតា​ថែ​រក្សា។

-គល់​ឈើ​អណ្ដែត​មក​ នឹង​មាន​លាភ។

-ឡើង​ស៊ី​បាយ​លើ​កំពូល​ភ្នំ​ នឹង​មាន​គេ​នាំ​ទ្រព្យ​មក​ឱ្យ​ ពុំ​នោះ​សោត​ នឹង​បាន​យស​សក្ដិ​ធំ​។

-បាន​ស្លៀក​ពាក់​ស​ ចុះ​ងូត​ទឹក​ហើយ​បាន​បេះ​ផ្កាឈូក​ជា​ដើម​ នឹង​បាន​នៅ​សុខ​ស្រួល​ បើ​មាន រោគា​ព្យាធិ​ នឹង​ជា​សះ​ស្បើយ ឬ បាន​គូ​ស្រករ។

-ដើរ​លើ​ទឹក​ ឬ​បាន​ឆ្លង​កាត់​ទឹក​ទៅ​ដោយ​អ្វីៗ​ក្ដី​ មិន​ថា​ទូក​ ក្បូន ឬ ស្ពាន​ ទោះ​នឹង​គិត​ការ​អ្វី​ក៏​បាន​សម្រេច។

-បាន​សៀត​ប្រដាប់​ដោយ​ផ្កា​ នឹង​បាន​ជាទី​ស្រឡាញ់​នៃ​ជន​ទាំង​ពួង​ ឬ ក៏​នឹង​បាន​គូ​ស្រករ។

-ឃើញ​ពោធិព្រឹក្ស ព្រះ​វិហារ​ នឹង​បាន​ស្បើយ​ទុក្ខ​ភ័យ។

-បាន​ស៊ី​ទឹក​ឃ្មុំ​ នឹង​មាន​សិរី​សួស្ដី ហើយ​នឹង​មាន​យសស័ក្ដិ។

-បាន​ឡើង​ផ្នូក​ខ្សាច់​ នឹង​បាន​ជា​មន្ត្រី។

-បាន​ស៊ី​ក្បាល​មនុស្ស​ស្រស់ៗ នឹង​បាន​ជា​ចៅហ្វាយ​ស្រុក​ឬ​ចៅហ្វាយ​ខេត្ត។

-បាន​ផឹក​ លេប​ឱសថ​ឬ ឆី​បង្អែម​ នឹង​បាន​ជា​សះ​រោគា​ព្យាធិ​ក្នុង​ខ្លួន។

-បាន​ម្ជុល​មាស​នឹង​បាន​ជា​កូន​ប្រុស ជាតិ​ជា​អ្នក​ប្រាជ្ញ​ ឬ ទោះ​នឹង​គិត​ការ​អ្វី​ គង់​នឹង​បាន​សម្រេច។

-បាន​ឃើញ​កង្កែប​លេប​ព្រះ​អាទិត្យ​ ព្រះ​ចន្ទ​ ល្អ​ណាស់​ នឹង​មាន​បុណ្យ។

-បាន​ឆ្លុះ​កែវ​ឆ្លុះ​ ទោះ​នឹង​គិត​ការ​អ្វី​ ឬ​ប្រាថ្នា​ចង់​បាន​អ្វី​គង់​នឹង​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា៕

 

ចុះ​​ប្រិយមិត្ត​វិញ​ កាល​ពី​យប់​មិញ​យល់​សប្ដិ​ឃើញ​អី​ខ្លះ?

 

អត្ថបទ៖ ​ណេង ណេង

មតិយោបល់