- 2020-01-02 08:11:07
- សេដ្ឋកិច្ច
៨កន្លែង ទៅដល់ខេត្តមណ្ឌលគីរីហើយ មិនគួររំលងទៅកម្សាន្ត
- 2020-01-02 08:11:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨កន្លែង ទៅដល់ខេត្តមណ្ឌលគីរីហើយ មិនគួររំលងទៅកម្សាន្ត
ចន្លោះមិនឃើញ
ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន រួមមានទឹកជ្រោះ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច-ធំ។ អ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះមានអាកាសធាតុល្អ និងផ្លូវស្អាត គួរជាទីទាក់ទាញអ្នកធ្វើដំណើរ។ ដូច្នេះប្រិយមិត្តមួយចំនួនមិនធ្លាប់ទៅ ហើយកំពុងមានគម្រោងដើរកម្សាន្តនៅឆ្នាំ ២០២០នេះ មកដឹងទីតាំងរមណីយដ្ឋានសំខាន់ៗមួយចំនួនក្នុងខេត្តមណ្ឌលគីរី ដូចខាងក្រោម៖
ទី១៖ ទឹកជ្រោះប៊ូស្រា៖ អ្នកទេសចរទាំងឡាយនៅពេលទៅដល់ខេត្តមណ្ឌលគីរី គឺរមែងមិនសូវជាចន្លោះនូវរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះឡើយ។ រមណីយដ្ឋាននេះស្ថិតក្នុងស្រុកពេជ្រចិន្ដា ចម្ងាយជាង ៤០ គីឡូម៉ែត្រពីស្រុកសែនមនោរម្យ ខេត្តសំបូរភ្នំមណ្ឌលគិរី។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
ទី២.ទឹកជ្រោះសែនមនោរម្យ៖ ទឹកជ្រោះសែនមនោរម្យនៅកណ្តាលក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរីបានក្លាយជាកន្លែងងាយស្រួលបំផុតសម្រាប់អ្នកទេសចរទៅលំហែកាយ ខណៈទឹកធ្លាក់មានកម្ពស់រាប់ម៉ែត្រ និងដើមឈើធំៗដែលបង្កើតជាខ្យល់បកត្រជាក់ឆ្អឹងខ្នង។ វាមានទីតាំងនៅក្នុងស្រុកសែនមនោរម្យចម្ងាយត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តតាមរយៈផ្លូវគ្រួសក្រហម។ តាមសងខាង ផ្លូវលំនោះមានឧស្សាហកម្មចម្ការកៅស៊ូ កាហ្វេ និងស្វាយចន្ទីផងដែរ។ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រដែលបង្កើតបានជាសំឡេងកងរំពងពេញត្រចៀកនៅពេលភ្ញៀវស្ថិតនៅផ្នែកខាងក្រោម។ នៅមាត់ទឹកធ្លាក់នោះមានដើមគគីរធំមួយដើមដែលមានអាយុកាលរាប់រយឆ្នាំមកហើយ៕
ទី៣. ទឹកធ្លាក់រម្យនា៖ ទឹកធ្លាក់រមនាទីពីរជាកន្លែងកម្សាន្តដ៏រីករាយមួយនៅក្នុងខេត្តមណ្ឌលគីរី។ ពេលភ្ញៀវជាតិ និងអន្តរជាតិទៅដល់ទីនោះប្រាកដជាចម្លែកអារម្មណ៍នឹងសំឡេងពីរខុសគ្នាពោលគឺសំឡេងទឹកធ្លាក់ និងសំឡេងវារីអគ្គិសនីលាយបញ្ចូលគ្នាក្នុងពេលតែមួយ។ ទឹកធ្លាក់លើផ្ទាំងថ្មកម្ពស់ប្រហែលជា៥ម៉ែត្រ ប៉ុន្តែបើសរុបទាំងផ្នែកខាងលើ និងខាងក្រោមប្រហែលជា៣០០ម៉ែត្រដែលលេងកម្សាន្តបាន។នៅជាប់ទឹកធ្លាក់នោះមានវារីអគ្គិសនីខ្នាតតូចមួយដែលអាចបម្រើដល់អ្នកភូមិនៅទីនោះបានខ្លះ។
ទី៤. ភ្នំដោះក្រមុំ៖ រមណីយដ្ឋានភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយនៅទីនេះក៏ជាកន្លែងអំណោយផលបំផុតសម្រាប់ការថតរូប និងមើលថ្ងៃរៀបលិច។
ទី៥. ភ្នំអណ្ដូងស្នេហ៍៖ មានស្នេហ៍ពិតមិនគួររំលង ភ្នំថ្មី១ នៃខេត្តភាគឦសាន ទាំងស័ក្ដិសិទ្ធិ ហើយទេសភាពក៏ស្អាត គឺភ្នំអណ្ដូងស្នេហ៍ មានទីតាំងក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ប្រភពពីហ្វេសប៊ុកខេត្តមណ្ឌលគិរី បានសរសេរថា បើតាមចាស់ៗបានប្រាប់តគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។ អ្នកស្រុកមានជំនឿថា ទីនេះជាកន្លែងស័ក្ដិសិទ្ធិ បើអ្នកមិនទាន់មានស្នេហ៍ស្មោះទេ គឺច្បាស់ជារកអណ្ដូងនោះមិនឃើញឡើយ។
ទី៦. សមុទ្រឈើ៖ សមុទ្រឈើ ដែលស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាសមុទ្រ។ ភ្ញៀវទេសចរទៅលេងនៅមណ្ឌលគិរី មិនសូវរំលងតំបន់នេះទេ ព្រោះវាពិតជាមានទេសភាពស្រស់ស្អាតណាស់ ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិច។ ជាមួយនឹងអាកាសធាតុត្រជាក់ដ៏រ៉ូមែនតិក វាក៏ជាទីកន្លែងអំណោយទានសម្រាប់គូស្នេហ៍ក្នុងការសាសង ឬលក្ខណៈគ្រួសារក៏ទទួលបានអារម្មណ៍រីករាយប្លែកផងដែរ៕
ទី៧. ដើមស្រល់ នៅមណ្ឌលគិរី៖ ធ្វើដំណើរចេញពីទីក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅឃុំដាក់ដាំ ស្រុកអូររាំង ចម្ងាយប្រហែល១៥គីឡូម៉ែត្រ លោកអ្នកប្រាកដជាបានឃើញដើមស្រល់ជាច្រើន ដុះអមសងខាងផ្លូវ លើភ្នំខ្ពស់ទាប និងបង្ហាញសម្រស់ធម្មជាតិស្រស់ស្អាត មិនចាញ់ដើម Christmas (គ្រីស្មាស) សិប្បនិម្មិត ដែលគេតុបតែងឡើយ។ នៅលើដងផ្លូវកៅស៊ូរលោងស្រិលដ៏សែនស្ងាត់ ដែលពុំសូវមានអ្នកដំណើរឆ្លងកាត់ ហើយពេលឃើញដើមស្រល់យ៉ាងច្រើនដុះលើភ្នំ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ថា វាពិតជាស្អាតមែនទែន ប្រៀបដូចនឹងដើម Christmas ដែលគេតុបតែង ដើម្បីត្រៀមប្រារព្ធពិធីបុណ្យណូអែលឆាប់ៗខាងមុខនេះយ៉ាងដូច្នោះដែរ។
ទី៨ ដើមជ្រៃយក្ស នៅទឹកធ្លាក់ជ្រៃធំ៖ នៅពេលធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ជ្រៃធំក្នុងខេត្តមណ្ឌលគីរី លោកអ្នកប្រាកដជាចាប់អារម្មណ៍ខ្លាំងនឹងដើមជ្រៃយក្សមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ និងមានបែកធំៗវែងអន្លាយគួរជាទីគយគន់ពេកក្រៃ។ នៅចម្ងាយពីដើមជ្រៃយក្សប្រហែលជា២០ម៉ែត្រមានទឹកធ្លាក់បែកសំពោងដែលទីនេះហៅថា ទឹកធ្លាក់ជ្រៃធំ។ វាមានទីតាំងនៅឃុំដាក់ដាំ ស្រុកអូររាំងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ដើម្បីទៅដល់ទីនោះ លោកអ្នកអាចធ្វើដំណើរដោយរថយន្តក៏បាន ឬម៉ូតូក៏បាន។