• 2017-09-17 05:32:03
  • ជំនឿ

ពលរដ្ឋ​តាម​ជនបទ នាំ​គ្នា​ដាំដើម​ចេក​ជ្វា​ ​ជម្នះ​អប្បិយ​ជំនឿ​ពី​បុរាណ

  • 2017-09-17 05:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​រសាយ​បន្តិច​ពី​​អប្បិយ​ជំនឿ​ទាក់​ទង​នឹង​ដើម​ចេក​ជ្វា​។ បច្ចុប្បន្ន​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​ដាំដុះ​ចេកជ្វា​នេះ​នៅ​តាម​ភូមិ​ស្រុក​ជា​ហូរហែរ​។

បើ​តាម​លោក​យាយ​ថន​ វ័យ​ប្រមាណ​ជាង៦០​ឆ្នាំ​បាន​លើក​ឡើង​ថា​ គេ​ពុំ​សូវ​ជឿ​លើ​អប្បិយជំនឿ​ដើម​ចេកជ្វា​ទៀត​​ទេ​ ព្រោះ​មាន​គេ​ដាំ​ហូរហែរ​នៅ​ក្បែ​ផ្ទះ។

លោក​យាយ​បន្ថែម​ដូច្នេះ៖ "ឥលូវ​វា​សាប​រលាប​អស់​ហើយ​ គេ​លែង​សូវ​ជឿ​ហើយ​ គេ​មិន​ខ្លាច​នឹង​ដាំ​វា​ទៀត​ទេ​ សំខាន់​វា​អត់​មាន​ពូជ​ដាំ​ទៀត​ហ្នឹង​ហា។ ពីមុន​គេ​ជឿ​ថា​ដាំ​ក្បែ​ផ្ទះ​ទៅ​វា​មាន​ស្អី​តោង​ឡើង​ផ្ទះ​តាម​ចេក​ហ្នឹង​(ចេកជ្វា) ឥលូវ​គេ​មិន​សូវ​ជឿ​ទេ"។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក​យាយ​នី​ ក្នុង​វ័យ​ជាង​៦០​ឆ្នាំ​ដូចគ្នា​ បាន​រៀបរាប់​ថា​៖"ពីមុន​គេ​មិន​ហ៊ាន​ដាំ​មែន​ ប៉ុន្តែ​ឥលូវ​ឱ្យ​តែ​មាន​ពូជ​គេ​ដាំ​ហើយ​ អ៊ើ..កុំ​ឱ្យ​តែ​ដាំ​ទៅ​ ស្លឹក​ឬ​ធាង​វា​អី​ហ្នឹង​ ជាប់​មក​ផ្ទះ។ ស្លឹក​វា​គេ​យក​ទៅ​វេចនំ​បាន​នំ​ល្អៗ​ណាស់​ បក​ឡើង​នំ​ឡើង​ខៀវ។ គេ​រក​តែ​ពូជ​ដាំ​មិន​បានផង។"

មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​ អ្នក​មីង​ចន្ថា​ បាន​ប្រាប់​ថា​គាត់​មិន​ខ្លាច​នឹង​ដាំ​ចេកជ្វា​នោះ​ទេ​ សំខាន់​ចេក​នេះ​ភាគ​ច្រើន​មាន​ដុះ​តែ​នៅ​តាម​ជើង​ភ្នំ​ ឬ​តំបន់​ទំនាប​ផ្សេងៗ។ អ្នក​មីង​ថ្លែង​ថា៖" អត់​មាន​អី​ត្រូវ​ខ្លាច​ទេ​អូន​ សំខាន់​យើង​រក​ពូជ​មក​ដាំ​វា​អត់​បាន​ ព្រោះ​ភាគ​ច្រើន​វា​ដុះ​នៅ​តាម​ជើង​ភ្នំ។ ចេក​ហ្នឹង​ស្លឹក​វា​គេ​យក​ទៅ​វេចនំ​ បាន​នំ​ស្អាតៗ​ណាស់​ បើ​ចេក​អំបូង​អាហ្នឹង​បាន​ល្វីង​វេច​នំ​អត់​បាន។"

ថ្វី​ត្បិត​តែ​មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​ក្ដី​ ក៏​គេ​ពុំ​សូវ​ប្រទះ​ឃើញ​ដើម​ចេកជ្វា​ត្រូវ​បាន​គេ​ដាំ​ដុះ​នៅ​ក្នុង​ដី​ភូមិ​ ឬ​ក្បែរ​លំនៅ​ឋាន​ដដែល​ ហើយ​ភាគ​ច្រើន​ឃើញ​តែ​ដាំដុះ​នៅ​តាម​វត្ត​ ឬ​ដុះ​ពាស​វាល​ពាស​កាល​នៅ​តាម​ជើង​ភ្នំ​ជា​ដើម៕

អត្ថបទ៖ សូទ្រី

មតិយោបល់