• 2017-11-24 23:30:00
  • ជំនឿ

អប្បិយជំនឿ លើ​ដើម​ឈើធំៗ​ក្នុង​សង្គម​ខ្មែរ​ ហាក់​សាបរលាប

  • 2017-11-24 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​សម័យ​កាលប្រែប្រួលពីមួយជំនាន់ទៅ​មួយជំនាន់​នោះ អប្បិយជំនឿ​ខ្លះ​ដែល​មនុស្ស​ខ្មែរ​ជំនាន់​ដើមប្រកាន់​ខ្ជាប់​នោះ បាន​ចាប់​ផ្តើម​សាម​រលាប​បន្តិច​ម្តង​​ក្នុង​សង្គម​ខ្មែរ​បច្ចុ​បន្ន។ ទាក់ទង​នឹង​ជំនឿ​បុរាណ ដើម​ឈើ​ធំ​មួយ​ចំនួន​ដូចជា​ស្នូល ដើម​អំពិល​ អំពិល​ទឹកបារាំង ដើម​ពោធិនិង​ដើមជ្រៃក្រឹម​ ជាដើម​ត្រូវ​គេ​ជឿថាជា​ប្រ​ភេទ​ឈើ​ដែល​មាន​ខ្មោច​ព្រាយ​បិសាច​រស់​នៅ។

ទោះ​យ៉ាង​ណា​ជំនឿនេះ​មិន​បាន​ស្ថិត​ក្នុង​ដួង​ចិត្ត​ពល​រដ្ឋ​ខ្មែរ​ច្រើន​ដូច​មុននោះទេ។ អ្នកស្រី ម៉ម សុខុម វ័យ​៦០​ឆ្នាំ រស់​នៅ​ក្នុង​ឃុំេរវៀង ស្រុកសំរោង ខេត្ត​តាកែវ លើក​ឡើង​ថា​តាម​ជំនឿ​បុរាណ​ដើម​ឈើធំៗមិន​អាច​ទុក​ឲ្យ​នៅ​ក្នុង​ភូមិ​លំនៅ​ដ្ឋាន ឬ​ក្បែរ​ផ្ទះបានទេ​ ដោយ​អ្នកស្រី​អះអាងថា​តាមជំនឿ​ គេ​ជឿថា​ជាជម្រក​របស់​ខ្មោច​ព្រាយ​បិសាច។ ​​

ដើមជ្រៃក្រឹម ក្នុង​បរិវេណវត្តអារាម

អ្នកស្រី​បន្ថែមថាៈ «អា​នេះ​បើ​តាម​ជំនឿ​ពី​ចាស់​បុរាណ​មក​ ដើម​ឈើ​ធំៗ​គាត់​អត់​ឱ្យ​ទុក​ក្បែរ​ផ្ទះ​ទេ​ ដូច​ជា​ដើម​ស្នួល​ ដើម​អំពិល​ ដើម​ធ្លក​អី​ហ្នឹង​។​ ចាស់​ៗ​គាត់​ថា​ដើម​អស់​ហ្នឹង​វា​សំបូរ​អា​ពពួក​ខ្មោច​ព្រាយ​បិសាច​អី​នៅ​ ដូច​ថា​វា​ត្រូវ​ធាតុ​គ្នា​ចឹង​ហា​ ចឹង​ហើយ​គាត់​អត់​ឱ្យ​ទុក​ក្បែរ​ផ្ទះ​ទេ»។

( ដើមអំពិល ​ក្នុង​សាលា​រៀនមួយកន្លែង

ទោះយ៉ាង​ណា អ្នកស្រីថា ជំនឿ​នេះ​មិន​សូវ​មាន​ឥទ្ធិ​ពល​លើ​មនុស្ស​សម័យ​បច្ចុប្បន្ន​នោះ​ទេ ដោយ​ថា​មនុស្ស​សម័យ​នេះ​មិន​សូវជៀលើ​រឿងទាំងនេះ​។ អ្នកស្រី​បន្តថាៈ « ប្រ​ជាជន​ខ្លះ​គេ​នៅ​តែ​ជឿ​លើ​ជំនឿ​អស់​ហ្នឹង​ ខ្លះ​ទៀត​គេ​លែង​សូវ​ជឿ​ហើយ​ ...ដូចជា​ដើម​អំពិល​ទឹក​បារាំង​(ចន្ទន៍​គីរី)​ ក៏​ធ្លាប់​ត្រូវ​បាន​ចាស់​បុរាណ​ហាម​ប្រាម​ដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​​ឃើញ​មាន​ប្រជាពលរដ្ឋ​ដាំ​ដុះ​នៅ​ខាង​មុខ​ផ្ទះ​ជា​ហូរហែរ»។

ចំណែក​អ្នក​រស់​នៅ​ឃុំ​រវៀង​ម្នាក់ទៀតគឺ អ្នកស្រី កាន់​ ម៉េង វ័យ​៧០​ឆ្នាំ​ដែល​មាន​ដើម​អំពិល​ទឹក​បារាំង​ដុះ​នៅ​ខាង​មុខ​ផ្ទះ​មាន​ប្រ​សាសន៍ថា​អ្នកស្រីមិន​សូវ​ជឿលើ​អប្បិ​យជំនឿ​ទាំងនេះ​នោះទេ។ អ្នកស្រីបន្ថែមថាៈ «អ្នក​ខ្លះ​គេ​ធ្លាប់​ឭដូនតាគេប្រាប់កុំឱ្យដាំក៏មិនហ៊ានដាំទៅ ប៉ុន្តែឥឡូវ​គេ​ដាំ​ជា​ទូទៅ​ ដូច​មិន​ឃើញ​មាន​ហេតុ​ភេទ​អ្វី​នោះ​ទេ​»៕

អត្ថបទដោយៈ សូទ្រី

មតិយោបល់