• 2017-12-12 02:24:36
  • សេដ្ឋកិច្ច

អាជីវកម្ម​ភ្ញាស់​កូនមាន់​ លក់​​បាន​ប្រាក់​​ខ្ទង់​ពាន់​ដុល្លារ ក្នុង​មួយខែៗ

  • 2017-12-12 02:24:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់​ដើម​ឡើយជា​ពេទ្យ​សត្វ​ប្រ​ចាំភូមិ​នោះទេ តែ​ដោយ​ធ្លាប់បាន​ឆ្លងកាត់​វគ្គបណ្តុះ​បណ្តាលពីវិធី​ភ្ញាស់​កូន​មាន់ និង​ការរៀបចំផែនការអាជីវកម្ម​ផង​នោះ បុរសជាពេទ្យ​សត្វរូបនេះ​បាន​​សាក​ល្បង​អាជីវកម្ម​ខ្នាត​តូច​មួយនេះ។

លោក រស់ ញ៉ រស់នៅ​ភូមិអូផុត ឃុំអង្គតាសោម ស្រុក​ត្រាំកក់​ខេត្ត​តាកែវ។ លោក​ថា​ដើម​ឡើយលោក​ជា​អ្នក​ដើ​រព្យា​បាល​សត្វឲ្យ​អ្នក​នៅ​ក្នុង​ភូមិ តែ​ថាក្រោយ​បាន​ទទួលការ​បណ្តុះបណ្តាលពី​អង្គការ​ People In Need លោក​ក៏ចាប់អារម្មណ៍​លើ​អាជីវកម្ម​ភ្ញាស់​កូន​មាន់​។​

(លោក រស់ ញ៉ ម្ចាស់អាជីវម្ម​ភ្ញាស់​កូន​មាន់​)​

លោក​ឲ្យដឹងថា​ដំបូង​ឡើយ​លោក​សាក​ល្បង​តែ​មេមាន់​១០​ក្បាល និង​ទូភ្ញាស់​មួយ​ប៉ុណ្ណោះ តែ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការទីផ្សារខ្ពស់​លោក​ក៏បាន​បន្ថែមចំនួន​មេមាន់ដល់​១០០​ក្បាល​ និងទូភ្ញាស់​កូនមាន់ដល់​ចំនួន​៥​គ្រឿង។

លោក​បន្ថែមថាៈ «ឃើញពី​ឱកាស​ទីផ្សារ មាន​អ្នកប្រ​កប​របរនេះ​តិច តែមានអ្នក​ទិញ​ច្រើន»។ បើ​តាម​លោក​ រស់ ញ៉ ក្នុង​មួយ​ខែ​លោកអាច​ភ្ញាស់​កូន​មាន់​បាន​ចន្លោះ​ពី​២ ៥០០ក្បាល​ទៅ​៣ ០០០​ក្បាល ដោយ​កូនមាន់​មួយ​លោក​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​៣ ៥០០រៀល ទៅ​៤​ ០០០រៀល។ លោក​បញ្ជាក់​ថា​កូន​មាន់​ដែលលក់​ចេញនេះ​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រួចរាល់ទាំងអស់ ដែលចំណុចនេះ លោក​ថាកូនមាន់​អាចធន់នឹង​ជំងឺ និង​លូតលាស់បាន​ល្អ​ពេល​យកទៅ​ចិញ្ចឹម។

(ពងមាន់​ដាក់​ភ្ញាស់​ក្នុង​ទូ)

បើ​តាម​លោក​ រស់ ញ៉ ក៏មាន​ដែរ​អតិថិ​ជន​ខ្លះ​ទិញ​តែកូនមាន់​ទេ ហើយ​យកទៅ​ចាក់​វ៉ាក់​សាំង​ដោយ​ខ្លួន​​ឯង​ដែល​កូនមាន់​មិន​ទាន់ចាក់​វ៉ាក់​សាំង​នេះ​មាន​តម្លៃទាបជាង​កូនមាន់ដែលចាក់វ៉ាក់​សាំង​រួច។ ​

ចំពោះ​លោក រស់ ញ៉ ចំនួន​កូន​មាន់ដែល​ភ្ញាស់​បាន​ប៉ុណ្ណេះ​មិន​ទាន់ពេញ​ចិត្ត​លោក​នៅឡើយទេ ដោយ​ថា​លោក​មាន​បំណង​បន្ថែម​មេមាន់មួយចំនួន​ទៀត ដើម្បី​សម្រេច​ឲ្យបាន​ការ​ភ្ញាស់​កូនមាន់​ចន្លោះពី​៧ ០០០ក្បាល ទៅ​៨ ០០០​ក្បាល​ក្នុង​មួយ​ខែ។ ចំនួន​នេះ​លោក​ថា​អាចនឹង​បំពេញ​តម្រូវ​ការ​ដែល​កំពុង​ហក់​ឡើង​ខ្លាំង។ តម្រូវការ​ហក់ឡើង​ខ្លាំង​ដោយ​ថា​អតិថិជន​របស់​លោក​មិនមែន​តែ​អ្នកនៅ​ក្នុង​ស្រុក​ភូមិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ទាំងអ្នក​ខេត្ត​កំពត និងកំពង់​ស្ពឺ​ផង​ដែរ។​

(កូនមាន់ដែលទើបញាស់ចេញ អាយុ២១ថ្ងៃអាចលក់ចេញបាន)

សម្រាប់​ប្រ​ធាន​គម្រោង​អង្គការ​ People In Need ទទួល​បន្ទុក​ខាង​បណ្តុះ​បណ្តាល​ការ​ចិញ្ចឹម​សត្វ​​លោក ជួន ប៊ុណ្ណារ៉ា មាន​ប្រ​សាសន៍​ថាអង្គការ​របស់​លោក​គាំទ្រ​លើ​សេវាកម្ម​ប្រើ​ប្រាស់​និង​ថែរ​ក្សា​វ៉ាក់​សាំង​ព្រម​ទាំង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ការ​ធ្វើ​ផែន​ការ​អាជីវ​កម្ម​ផ្សេងៗ​។

លោក​ថា​គម្រោង​នេះ​អង្គការ​People In Need ​បាន ធ្វើការ​តាម​ដាន​ពីស្ថាន​ភាព​ចិញ្ចឹម​សត្វ​របស់​កសិករ​ក្នុង​តំបន់​គោល​ដៅ​ជាប្រចាំ​ ទាំង​ការ​ថែទាំ​និង​ការ​ប្រើ​ប្រាស់​ថ្នាំ​។ លោក​បន្តថា​ក្នុង​ករណី​ដែល​មាន​ផ្ទុះ​ជំងឺ​ កសិករ​ផ្សេងៗ​ទៀត​អាច​មក​ទទួល​យក​បពិ​សោធន៍​ទាំង​នេះ​ពី​កសិដ្ឋាន​ខាង​លើបាន។ ​លោក​បាន​ចាត់​ទុក​ថា​នេះ​ថា​ជា​គម្រោង​ដែល​កំពុង​ទទួល​បាន​ជោគ​ជ័យ​«បំផុត»​៕

អត្ថបទដោយ៖ ជិន វេន

មតិយោបល់