• 2017-12-13 23:30:00
  • ជំនឿ

បម្រាម​លក់​អំបិល​​​ពេល​យប់ ​នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​ ក្នុង​ផ្នត់​គំនិត​ប្រជាជន​ខ្មែរ

  • 2017-12-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​វិទ្យាសាស្ត្រ​ជឿនលឿន​យ៉ាងណាក្ដី ប៉ុន្តែ​អប្បិយជំនឿ​មួយ​ចំនួន នៅតែ​ស្ថិត​ជាប់​ក្នុង​សង្គម​ខ្មែរ​នៅឡើយ។ ជាក់ស្ដែង អប្បិយជំនឿ​ហាម​លក់​អំបិល​នៅ​ពេល​យប់ ត្រូវ​បាន​ប្រជាជន​ខ្មែរ​មួយចំនួន​ធំ ប្រកាន់​ខ្ជាប់​រហូត​មក​ដល់​បច្ចុប្បន្ន ទាំង​អ្នក​ខ្លះ​មិន​ដឹងថា​មក​ពី​ហេតុ​ភេទ​យ៉ាងណា​ផង​ក៏​មាន។

អំបិល

បើ​តាម​ការ​លើក​ឡើង​របស់​លោក​យាយ ណឺ រស់​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​រវៀង ស្រុក​សំរោង​ខេត្តតាកែវ បាន​ឱ្យដឹង​ថា អប្បិយជំនឿ​ហាម​លក់​អំបិល​នៅ​ពេល​យប់​នេះ មាន​ជាយូរយារ​ណាស់​មកហើយ ខណៈដែល​បច្ចុប្បន្ន​ក៏នៅតែ​មាន​អ្នក​ប្រកាន់​ខ្ជាប់​ច្រើន​គួរសមដែរ។   

"បើ​យើង​អត់​អំបិល​នៅ​ពេលយប់ ហើយ​យើង​ចង់​ទៅ​ទិញ យើង​ទៅ​ដល់​ផ្ទះ​អ្នកលក់​ឃើញ​អំបិល​ចឹង លូក​យក​មក ហើយ​ទុក​លុយ​ឱ្យគេ​ទៅ មិន​បាច់​សួរ​រក​ទេ បើ​សួរ​គេ​អាច​នឹង​មិន​លក់​ឱ្យ ឬ​ធ្វើ​មិន​លឺ​យើង​សួរទេ។ " លោកយាយ​វ័យ ៨៥ឆ្នាំ ខាងលើនិយាយ។ 

លោកយាយ ណី វ័យ​ ៨៥ឆ្នាំ រស់នៅ​ភូមិត្រពាំង​ឈូក ឃុំរវៀង ស្រុក​សំរោង ខេត្តតាកែវ

លោក​យាយ​បន្តថា បើ​តាម​លោក​យាយ​ធ្លាប់​បាន​ដឹង​ពី​ដូនតា​មក​ គឺការ​លក់​អំបិល​នៅពេល​នាំ​ឱ្យ​ខាត​លក្ខណ៍ ឬ​ខាត​លាភ​ខាត​ប្រយោជន៍ ហើយ​អំបិល​ដុះឡើង​ថែម​នៅ​ពេលយប់ ដូច្នេះ​បើលក់​នៅ​ពេល​ គឺយប់ខាត។   

ងាក​ទៅ​លោកយាយ ជិន អ្នក​លក់​ចាប់​ហួយ​នៅ​ភូមិត្រពាំងទ្រា​វិញ ក៏ប្រកាន់​ខ្ជាប់​ណាស់​ដែរ​រឿង​ហាម​លក់អំបិល​នៅពេលយប់នេះ។ "មិន​ដឹង​ដែរ​ចៅ មិន​ដឹងថា​មក​ពីមូលហេតុ​អីដែរ​ទេ បាន​គាត់ (ដូនតា) ហាម​មិន​ឱ្យលក់​ចឹង គ្រាន់​តែធ្លាប់​លឺ​ថា​បើ​លក់​អំបិល​យប់ ដាច់​លក្ខណ៍។ "  

លោក​យាយវ័យ​ជាង ៦០ឆ្នាំ​បន្ថែមថា បើ​ចង់រក​ទិញ​អំបិល​នៅ​ពេល​យប់ អ្នក​ទិញ​គ្រាន់តែ​យក​លុយ​មក​ហុច​ឱ្យ​អ្នកលក់ ហើយ​ទៅ​យក​អំបិល​ដោយ​ខ្លួនឯង​ទៅ មិន​ចាំបាច់​សួរ​រកអំបិលទេ។ ការ​សួរ​រក​ទិញ​អំបិល​នៅ​ពេល​យប់​អ្នក​លក់​ច្បាស់​ជាធ្វើមិនលឺ ឬ​មិន​និយាយ​រក​មិនខាន។ 

 

ដោយឡែក​ អ្នកស្រី វី អាជីវករ​មួយរូប​ដែរ បាន​ប្រាប់​ថា អ្នកស្រី​មិន​បាន​ដឹង​មូលហេតុច្បាស់​ចំពោះ​ការ​ហាមលក់​អំបិល​នៅពេលយប់​នេះ​ទេ គ្រាន់តែ​ដឹង​ថា​នេះ​ជាការ​ហាម​តៗ​គ្នា​របស់​ចាស់ៗ​ប៉ុណ្ណោះ។   

"មិន​សូវ​មាន​អ្នក​មក​ទិញ​ពេល​យប់​ដែរ បើ​គេ​មក​ទិញ​ចឹង គេ​ដឹង​គេ​ទៅ​យក​ខ្លួនឯង ហើយ​ទុក​លុយ​ឱ្យ​ទៅ ប៉ុន្តែ​កម្រ​មាន​អ្នក​មក​ទិញ​យប់​ណាស់។ អានេះ​ដូច​គេអត់​ឱ្យ​ជឿ​អត់​ឱ្យ​ជំពាក់​ពេល​ព្រលឹម​ឡើង​លក់​អត់​ទាន់​ដាច់ចឹង ខ្លាច​ជឿ​ទៅ​រហូត​ចឹងហា។" អាជីករ​ខាង​លើ​បញ្ជាក់។   

យ៉ាងណាក្ដី អប្បិយជំនឿ​ដែល​មិន​ដឹង​ហេតុផល​ច្បាស់លាស់​នេះ នៅតែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សង្គមខ្មែរ ដោយ​ពុំសូវ​មាន​អ្នកណា​ហ៊ាន​បំពាន​នោះទេ ព្រោះខ្លាច​កើត​រឿង​មិន​ល្អ​ដល់​ខ្លួន ឬ​ក្រុម​គ្រួសារ៕

អត្ថបទ៖ សូទ្រី

មតិយោបល់