- 2018-05-13 03:41:13
- ការអប់រំ
២៥ឆ្នាំ ទោះមិនទាន់សល់អីធំដុំ ឲ្យតែមាន៦យ៉ាងនេះ ទុកថាខ្លាំងបំផុតហើយ
- 2018-05-13 03:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៥ឆ្នាំ ទោះមិនទាន់សល់អីធំដុំ ឲ្យតែមាន៦យ៉ាងនេះ ទុកថាខ្លាំងបំផុតហើយ
ចន្លោះមិនឃើញ
លើលោកនេះមានរបស់ជាច្រើនមនុស្សអាចទិញបាន តែមួយចំនួនក៏ទិញមិនបានដែរ។ តួយ៉ាងពេលវេលា ទោះជាមានលុយច្រើនប៉ុណ្ណា ក៏គ្មាននរណាអាចទិញបានដែរ ពេលវេលាមិនអាចបកក្រោយនោះទេ។ ដូចនេះហើយ មនុស្សម្នាក់ៗ ត្រូវប្រើពេលវេលាឱ្យមានតម្លៃ បើដូច្នោះពេលវេលាចេះតែទៅមុខ វ័យកាន់តែចាស់ ហើយមិនទាន់មានអ្វីជាទម្ងន់ជីវិត។ ចុះបើអាយុ ២៥ឆ្នាំមនុស្សគ្រប់គ្នាគួរមានអ្វីខ្លះក្នុងជីវិត?
១.ការងារដែលជាក់លាក់ និងតំណែងសមរម្យ
មកដល់វ័យ ២៥ឆ្នាំហើយ គួរមានការងារមួយជាក់លាក់ តំណែងសមរម្យ និងទទួលបានចំណូលសមរម្យ មិនមែននៅធ្វើការប្រាក់ខែចាយមិនគ្រប់ខ្វះមុខខ្វះក្រោយនោះទេ។ ២៥ ឆ្នាំជាវ័យមួយ ដែលគួរមានអ្វីឱ្យច្បាស់លាស់ មិនថាតែចាការងារទេ ពោលគឺជំនាញអ្វីក៏ដោយ ត្រូវឱ្យច្បាស់ ព្រោះមិនមែនជាវ័យដូចកាលសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យទេ។ ដូច្នេះហើយត្រូវខិតខំប្រឹងប្រែងពីក្មេងឱ្យហើយ ត្រូវផ្ដល់តម្លៃឱ្យពេលវេលា កុំចេះតែបណ្ដែតបណ្ដោយខ្លួនរហូតដល់វ័យកាន់តែជ្រេ មិនមានអ្វីក្នុងខ្លួននោះ។
២. មានផែនការច្បាស់លាស់ក្នុងជីវិត
ទន្ទឹមនឹងមានការងារជាក់លាក់ ប្រាក់ចំណូលសមរម្យហើយនោះ គឺត្រូវកំណត់ផែនការរយៈពេលវែង ថាប៉ុន្មានឆ្នាំទៀត ត្រូវមានគ្រួសារ ហើយប៉ុន្មានឆ្នាំទៀតត្រូវមានផ្ទះ មានទ្រព្យសម្បត្តិ? ដូចនេះទាមទារឱ្យកំណត់ឱ្យច្បាស់ និងរកផ្លូវដើរឆ្ពោះទៅរកអ្វីដែលបានកំណត់នោះ មិនមែនចេះតែកំណត់ តែមិនអនុវត្តនោះឡើយ។ វ័យ២៥ឆ្នាំ បើមិនទាន់បានកំណត់រឿងទាំងនេះទេ ជីវិតរៀងពិបាកបន្តិចហើយ ព្រោះមិនដឹងដើរទៅផ្លូវណា ដើរដល់ណានោះទេ។
៣. មានភាពជាអ្នកដឹកនាំ និងចាស់ទុំ
នៅត្រង់ចំណុចនេះ មានន័យថា វ័យ២៥ឆ្នាំ គឺត្រូវម៉ឺងម៉ាត់ ច្បាស់លាស់បន្តិច មិនមែននៅក្មេងទៀតទេ។ ភាពជាអ្នកដឹកនាំ គឺត្រូវចេះអភិវឌ្ឍខ្លួនឯង ពីមួយជំហានទៅមួយជំហាន ហ៊ានសម្រេចចិត្តធ្វើនូវអ្វីដែលខ្លួនគិតថា ល្អប្រសើរ ហ៊ានលះបង់អ្វីដែលគិតថា ឥតប្រយោជន៍។ ដំណាក់កាលនេះត្រូវហ៊ានប្រឈមបញ្ហា ហ៊ានឆ្លងកាត់អ្វីៗដែលលំបាក ហ្វឹកហាត់ខ្លួនឯងឱ្យរឹងមាំ ចេះអត់ធ្មត់ ចេះគ្រប់គ្រងអារម្មណ៍ ជាដើម។ បើវ័យ ២៥ឆ្នាំ មិនមានចំណុចទាំងនេះទេ មានន័យថា យើងនៅមិនទាន់មានភាពជាអ្នកដឹកនាំ និងចាស់ទុំនៅឡើយទេ។
៤. សល់លុយកាក់និងទ្រព្យសម្បត្តិខ្លះ
អាយុ ២៥ឆ្នាំហើយ គួរសល់លុយកាក់ ឬទ្រព្យសម្បត្តិខ្លះទោះតិចឬច្រើនក្ដី មិនមែនដល់វ័យនេះហើយគ្មានអ្វីដែលជារបស់ខ្លួនឯងនោះទេ។ ត្រង់ចំណុចនេះ សំដៅថា គួរមានសល់លុយខ្លះសម្រាប់សន្សំ ដើម្បីសម្រេចផែនការអនាគត ឬអាចសល់ជាទ្រព្យសម្បត្តិខ្លះក៏បាន តាមរយៈការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ចំណេះដឹងដែលខ្លួនឯងមាន។
៥. ឯករាជ្យភាពលើខ្លួនឯងកុំធ្វើជាបន្ទុកគ្រួសារតទៅទៀត
ចំណុចនេះ កាន់តែសំខាន់ ២៥ឆ្នាំ មិនមែនជាវ័យលាដៃសុំលុយឪពុកម្ដាយទៀតឡើយ តែជាវ័យគួរតែមានលុយជូនឪពុកម្ដាយទើបជាការប្រសើរ។ សាស្ត្រាចារ្យសេដ្ឋកិច្ចរូបនេះ លើកឡើងថា បើមិនបានជួយអ្វីដល់គ្រួសារច្រើន ប៉ុន្តែកុំធ្វើជាបន្ទុកទៀតអី គួរមានការសម្រេចចិត្តដោយខ្លួនឯង និងរៀនរស់ដោយខ្លួនឯងហើយ ជាពិសេសនោះគឺការជួយសម្រួលដល់គ្រួសារវិញ គឺជារឿងល្អបំផុត។
៦. សម្រេចភាពជោគជ័យមួយចំនួនក្នុងជីវិត
ទោះជាមិនទាន់បានសម្រេចជោគជ័យអ្វីជាដុំកំភួនតែវ័យនេះ គួរសម្រេចជោគជ័យខ្លះៗ ដូចជាបញ្ចប់ការសិក្សា មានការងារជាក់លាក់ មានផែនការក្នុងជីវិត មានភាពជាអ្នកដឹកនាំ មានហ្វឹកហាត់អប់រំចិត្តជាមនុស្សមានឧត្ដមគតិខ្ពស់ អាចជួយដល់គ្រួសារ ជាដើម។ ចំណុចទាំងនេះហើយគួរតែធ្វើឱ្យបានក្នុងវ័យនេះ ហើយជារឿងដ៏ល្អបំផុត សម្រាប់មនុស្សម្នាក់ៗ៕