• 2018-05-18 09:25:06
  • ចរាចរណ៍

អ្នករត់កង់បីខ្មែររកចំណូលសឹងតែលែងបាន កំពុងប្រកាសអាសន្នធំហើយ

  • 2018-05-18 09:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ឺម៉ក​កង់បី​បាន​ក្លាយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​សម្រាប់​អ្នក​រាជធានី​ភ្នំពេញ ជា​ច្រើន​ឆ្នាំមក​ហើយ។ ប៉ុន្តែ​១​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ប្រកប​របរ​រត់​កង់បី ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​តែង​ហៅ​ថា «ទុក​ទុក» នោះ​កំពុង​ប្រឈម​​ការ​ធ្លាក់​ចំណូល និង​បាត់​ម៉ូយ​យ៉ាង​គំហុក ក្រោយ​រ៉ឺម៉ក​កង់បី​ឥណ្ឌា​បាន​ក្លាយ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​បែប​បច្ចេក​វិទ្យា​មួយ​បែប​ទៀត​នៅ​ភ្នំពេញ។

លោក​ពូ ឡី សុភ័ក្រ ប្រកប​របរ​រត់​កង់​បី​ជិត​៨ឆ្នាំ​មក​ហើយ កំពុង​ប្រកាស​លក់​រ៉ឺម៉ក​កង់បី​របស់​ខ្លួន ក្រោយ​ពី​រក​ម៉ូយ​ដឹក លែង​បាន។ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ ប្រាប់​ថា ចំណូល​រក​បាន​ពី​ការ​ប្រកប​របរ​នេះ​គឺ​ធ្លាក់​ចុះ​៥០​% កាល​ពី​មិន​ទាន់​មាន​រ៉ឺម៉ក​កង់បី​ឥណ្ឌា​១​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​បាន​៤ម៉ឺន​រៀល​ដែរ តែ​ឥឡូវ​រក​តែ​២​ម៉ឺន​រៀល​មិន​ចង់​បាន​ផង។

ភ្ញៀវ​ដែល​លោក​ធ្លាប់​ដឹក​ពី​មុនៗ គឺ​ងាក​ទៅ​ជ្រើសរើស​រ៉ឺម៉ក​កង់បី​ឥណ្ឌា​វិញ​អស់​ហើយ។ មូល​ហេតុ​នេះ លោកពូ សុភ័ក្រ លើក​ឡើង​ថា ដោយ​សារ​តម្លៃ​តែ​ម្ដង។ រ៉ឺម៉ក​កង់បី​ឥណ្ឌា​ជិះ​ក្នុង​១​គីឡូ​ម៉ែត្រ​តែ ១ ២០០​រៀល​ទេ។ ចំណែក​រ៉ឺម៉ក​កង់​បី​ខ្មែរ គិត​តាម​ជិត​តាម​ឆ្ងាយ និង​តម្លៃ​មិន​ក្រោម​១​ម៉ឺន​រៀល​ឡើយ។ ដូច្នេះ​បើ​ធ្វើ​ដំណើរ​ដំណើរ​តាម​កង់បី​ឥណ្ឌា​យ៉ាង​ច្រើន​ភ្ញៀវ​ចំណាយ​អស់​ត្រឹម​តែ ៦​ពាន់​រៀល​គឺ​ទៅ​ដល់​គោល​ដៅ​ហើយ។

អ្នក​រស់​នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់​រូប​នេះ បន្ត​ថា ខ្លួន​ក៏​ចង់​ទិញ​រ៉ឺម៉ក​កង់បី​ឥណ្ឌា​ដែរ​ប៉ុន្តែ​គ្មាន​លទ្ធភាព ព្រោះ​តម្លៃ​ដល់​ទៅ​៣០០០​ដុល្លារ​ឯណោះ។ អ៊ីចឹង​ហើយ ទើប​លោក​ចេះ​តែ​ទ្រាំ​រត់​រក​តិកតក់ៗ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ។ បច្ចុប្បន្ន​លោក​ពូ ឡី សុភ័ក្រ កំពុង​ប្រកាស​លក់​កង់បី​ចាស់ ដើម្បី​ទិញ​កង់បី​ខ្មែរ​ថ្មី ក្រែង​អាច​ទាក់ទាញ​ភ្ញៀវ​ខ្លះ​មក​វិញ។ លោក​ពូ​និយាយ​ថា៖ «ដោយ​សារ​ឥឡូវ​អ្នក​ភ្នំពេញ​សុទ្ធ​តែ​ស៊ីវិល័យ គេ​មិន​ជិះ​កង់បី​ចាស់ៗ​ទៀត​ទេ គេ​រកតែ​តាក់ស៊ី កង់បី​ឥណ្ឌា តម្លៃ​ថោក​ហើយ​លឿន​ទៀត។»

ចំណែក​ឯ​អ្នក​លក់​កង់បី​ខ្មែរ និង​ជា​អ្នក​រត់​ផង​នោះ លោក​ មាស សារ៉ា រអ៊ូ​ថា​កង់បី​ខ្មែរ​ធ្លាប់​តែ​លក់​ដាច់​ខ្លាំង​កាល​ពី​៥​ឆ្នាំ​មុន​នោះ ឥឡូវ​មួយ​ខែ​មិន​ទាន់​មាន​អ្នក​មក​រក​ទិញ​ម្នាក់​ផង។ ចំណែក​ឯ​រឿង​រក​ម៉ូយ​ដឹក​កាន់​តែ​លំបាក​ទៀត ពី​មុន​ធ្លាប់​រក​បាន​១​ថ្ងៃ​អាច​ដល់​១០​ម៉ឺន​រៀល តែ​ពេល​នេះ​២​ម៉ឺន​រៀល​ហៅ​ម៉ូយ​ចង់​ខ្សោះ​ខ្យល់។ លោក​ថា រ៉ឺម៉ក​កង់​បី​ខ្មែរ​មិនកាលីប ហើយ​តម្លៃ​ថ្លៃ​ជាង​កង់បី​ឥណ្ឌា អ៊ីចឹង​ហើយ​ទើប​គេ​លែង​ចង់​ជិះ ប៉ុន្តែ​លោក​ក៏​ដូចជា​អ្នក​រត់កង់បី​ខ្មែរ​ដទៃ​ទៀត មិន​អាច​ចុះ​ថ្លៃ​បាន​ទេ ព្រោះ​ត្រូវ​ចាក់​សាំង។ ឯ​កងបី​ឥណ្ឌា ប្រើ​ហ្គាស​មាន​តម្លៃ​ធូរ​ជាង​សាំង។

អ្នក​បឹង​ត្របែក​រូប​នេះ បន្ត​ថា អនាគត​ទៅ​អាច​លែង​មាន​អ្នក​រត់​កង់បី​មែន ព្រោះ​សូម្បី​តែ​លោក​ប្រកាស​លក់​រ៉ឺម៉ក​​កង់បី​ខ្មែរ​ថោកៗ​នៅ​មិន​មាន​អ្នក​មក​ទិញ​ផង។ ដូច្នេះ​បើ​កាល​ណា​លែង​មាន​តម្រូវ​ការ​ក៏​លែង​មាន​ការ​ផលិត ហើយ​បើ​លែង​មាន​អ្នក​ជិះ​ក៏​លែង​មាន​អ្នក​រត់​ដែរ។

លោក មាស សារ៉ា ថា​ខ្លួន​លោក​ក៏​មាន​គម្រោង​ទិញ​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​មក​រត់​ដែរ។ លោក​ថា ភ្ញៀវ​បរទេស​ស្នាក់​នៅ​ក្នុង​ខុន​ដូរ​ឥឡូវ​នេះ ឃើញ​កង់បី​ខ្មែរ​ដើរ​ហួស​តែ​ម្ដង ដោយ​សារ​ម្នាក់​ៗ​សុទ្ធ​តែ​មាន App អាច​ហៅកង់បី​ឥណ្ឌា​ម៉ោង​ប៉ុន្មាន​ក៏​បាន។

ដោយ​ឡែក Sabay បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​លោក វន ពៅ ជា​ប្រធាន​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​លម្អិត​ពី​បញ្ហា​នេះ ប៉ុន្តែ​លេខ​ទូរសព្ទ​របស់​លោក ពុំ​អាច​ទាក់​ទង​បាន​ទេ៕ ​

​​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់