• 2018-05-29 10:18:03
  • ស្នេហា

មនុស្សប្រុស បើមាន៦ចំណុចនេះ ដឹងតែគេចង់បានធ្វើកូនប្រសាខ្លាំងបំផុត

  • 2018-05-29 10:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ភាគ​ច្រើន ក្រោយ​ពេល​រៀបការ​រួច​ច្រើន​ទៅ​រស់​នៅ​ផ្ទះ​ខាង​ស្រី ហើយ​ការ​ធ្វើ​ជា​កូន​ប្រសា​ប្រុស​ដែល​ម្ដាយ​ក្មេក​ស្រឡាញ់​ពេញ​ចិត្ត​ខ្លាំង គឺ​ជា​រឿង​មួយ​ដែល​បុរស​ភាគ​ច្រើន​ចង់​ដឹង​ដូច​គ្នា​។ ​ដូចនេះ​ដើម្បី​ក្លាយ​ជា​កូន​ប្រសា​ប្រុស​ដ៏​ល្អ​ គួរ​មាន​លក្ខណៈ​សម្បត្តិ​បែប​ណា​ខ្លះ​ទៅ​? ​ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​ម្ដាយ​​មួយចំនួនដែល​មាន​កូន​ស្រី​ ហើយ​ប្រាប់​ពី​លក្ខណៈ​សម្បត្តិ​របស់​កូន​ប្រសា​ប្រុស​ ដែល​ម្ដាយ​ក្មេក​ទូទៅ​ចង់​បាន​។

រូបតំណាង

១. ​មិន​ចេះ​ប្រកាន់​ខ្លួន

​មិន​ថា​ម្ដាយ​ក្មេក​ណា​ក៏​ប្រាថ្នា​ចង់​បាន​កូន​ប្រសា​ប្រុស​មាន​លក្ខណៈ​សម្បត្តិ​បែប​នេះ​ដែរ​។ ​កូន​ប្រសា​ប្រុស​ដែល​មិន​ចេះ​ប្រកាន់​ខ្លួន​ គឺ​សំដៅ​ទៅ​លើ​ការ​ចេះ​ធ្វើ​ការងារ​ផ្ទះ​គ្រប់​ប្រភេទ​នៅ​ពេល​ដែល​មាន​ពេល​នៅ​ផ្ទះ មិន​ថា​តែ​ជា​ការ​ចម្អិន​ម្ហូប​ រៀបចំ​លម្អ​គេហដ្ឋាន បោក​គក់​សំលៀក​បំពាក់​នោះ​ទេ ពោល​គឺ​មិន​ចេះ​ប្រកាន់​ខ្លួន​ឱ្យ​តែ​មាន​អ្វី​គឺ​ធ្វើ​ហ្នឹង​។

២. ​ផ្ដល់​តម្លៃ​ឱ្យ​សាច់ញាតិ​ខាង​ស្រី

នៅ​ត្រង់​ចំណុច​នេះ​ពិត​ជា​សំខាន់​ណាស់​ គ្មាន​ម្ដាយ​ក្មេក​ឯណា​ចង់​បាន​កូន​ប្រសា​ប្រុស​ក្រអឺតក្រទម មិន​ស្គាល់​សាច់​ញាតិ​នោះ​ទេ​។ទាំង​ម្ដាយ​បង្កើត និង​ម្ដាយ​ក្មេក​ប្រាកដ​​ជា​មាន​មោទនភាព ដែល​មាន​កូន​ប្រសា​ចេះ​គួរ​សម​រាក់ទាក់​ជាមួយ​សាច់​ញាតិ ព្រោះ​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​សីលធម៌​ ហើយ​អ្នក​ជិត​ខាង ឬ​សាច់ញាតិ​ប្រាកដ​ជា​សរសើរ​ថា​រើស​កូន​ប្រសា​ប្រុស​នេះ​ពិត​ជា​មិន​ខុស​មែន​។

៣. ​ជា​បង្គោល​ដ៏​រឹង​មាំ​ក្នុង​គ្រួសារ

​កូន​ប្រសា​ប្រុស​ដែល​ម្ដាយ​ក្មេក​ពេញ​ចិត្ត​នោះ គឺ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ដ៏​រឹង​មាំ​ម្នាក់​មិន​មែន​ទន់​ជ្រាយ​នោះ​ទេ​។ កូន​ប្រសា​ប្រុស​ដែល​ជា​បង្គោល​រឹង​មាំ​ក្នុង​គ្រួសារ​ មាន​ន័យ​ថា ​អាច​ជា​ពំនាក់​អាស្រ័យ​របស់​គ្រួសារ​នៅ​ពេល​មាន​អាសន្ន​​កើត​ឡើង ​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ​ អាច​រត់​បោល​យប់​ព្រលប់​ពេល​មាន​ប្រពន្ធ ឬ​អ្នក​ណា​ឈឺ​ថ្កាត់​។ ​ដូច្នេះ​ហើយ​ប្រសិន​បើ​មាន​លក្ខណៈ​សម្បត្តិ​បែប​នេះ​ហើយ ​ម្ដាយ​ក្មេក​ណា​ក៏​ស្រឡាញ់​ដែរ​។

៤. ​មិន​មាន​មិត្ត​ភក្ដិ​ផឹក​ស៊ី​ច្រើន

មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ផឹកស៊ី ជាពិសេស​មាន​មិត្ត​ភក្ដិ​បន​ភឿន ខាង​ផឹក​ស៊ី​ច្រើន​ តែ​ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​ទៅ​ដណ្ដឹង​កូន​ស្រី​គេ បើ​គេ​ស៊ើប​ដឹង​ពូកែ​រឿង​ផឹកស៊ី​ប្រាកដ​ជា​មិន​ចង់​លើក​កូន​ស្រី​ឱ្យ​នោះ​ទេ​។ ​មូលហេតុ​នេះ ព្រោះ​មនុស្ស​ប្រុស​ដែល​ពូកែ​រឿ​ផឹកស៊ី​មិន​សូវ​មាន​ពេល​វេលា​ឱ្យ​ប្រពន្ធ​កូន លុយ​ក៏​សូវ​សល់​ ហើយ​អាច​បង្ក​ជា​អំពើ​ហិង្សា​ចំពោះ​ប្រពន្ធ​កូន​ទៀត​ផង​។

រូបតំណាង

៥. ចេះ​អ្វី​មួយ​ឱ្យ​ប្រាកដ​ប្រជា

នៅ​ត្រង់​ចំណុច​នេះ គឺ​មាន​ន័យ​ថា មុន​នឹង​គេ​លើក​កូន​ស្រី​ឱ្យ​ទៅ​បុរស​ណា​ម្នាក់ គឺ​មើល​ទៅ​សមត្ថភាព​ដែរ​​ថា ​​ចេះ​អ្វី​ឱ្យ​ប្រាកដ ​បើ​​រកស៊ី​ឱ្យ​ច្បាស់​រកស៊ី បើ​ធ្វើការ​ក៏​ត្រូវ​មាន​ការងារ​មួយ​ច្បាស់លាស់​មាន​ស្ថិរភាព ទើប​គេ​សម្រេច​ចិត្ត​ផ្ញើ​វាសនា​កូន​ស្រី​ឱ្យ​ទៅ​បុរស​ម្នាក់​នោះ​។

៦.មាន​ផែនការ​ទៅ​ថ្ងៃ​អនាគត

ផែនការ​នៅ​ក្នុង​គ្រួសារ គឺ​ជា​រឿង​សំខាន់​ណាស់​ ជា​ប្ដី​ដ៏​ល្អ ជា​កូន​ប្រសា​ប្រុស​ដ៏​ល្អ គឺ​ត្រូវ​ចេះ​រៀប​ផែន​ការ​សម្រាប់​ថ្ងៃ​អនាគត ​ថា​ចង់​មាន​អ្វី ចង់​ធ្វើ​អ្វី​ដើម្បី​គ្រួសារ​មាន​ភាព​រីកចម្រើន​៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់